ក្រុមអ្នកជំនាញការយល់ថា មនុស្សដែលមានស្ដង់ដាសីលធម៌ខ្ពស់ ប្រព្រឹត្តត្រឹមត្រូវនៅពេលព្រឹក ងាយនឹងនិយាយកុហកច្រើន នៅពេលល្ងាច។
ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Harvard ថ្មីៗ បានបញ្ចេញទិន្នន័យមួយបង្ហាញថា ម៉ោងដំបូងៗនៃពេលល្ងាច គឺជាវេលាដែលមនុស្សជាច្រើន និយាយកុហក បោកប្រាស់បំផុត។ ដើម្បីបានចម្លើយក្នុងការស្រាវជ្រាវនេះ អ្នកជំនាញការត្រូវធ្វើការពិសោធទៅលើអ្នកស្ម័គ្រចិត្ត។ អ្នកស្រាវជ្រាវ បានបង្ហាញរូបមន្ដមួយចំនួនផ្សេងៗគ្នា ដោយមានសញ្ញាចុចជាច្រើននៅលើអេក្រង់កុំព្យូទ័រ ហើយស្នើឱ្យអ្នកស្ម័គ្រចិត្ត ពិនិត្យមើល ថាតើ ខាងឆ្វេង ឬស្ដាំ ដែលមានសញ្ញាចុងច្រើនជាង។
នៅពេលអ្នកស្ម័គ្រចិត្ត ឆ្លើយត្រូវ ពួកគេនឹងទទួលបានប្រាក់ ជំនួសឱ្យការសរសើរ ប៉ុន្ដែ ក្រុមអ្នកស្រាវជ្រាវ បាននិយាយតិចៗថា អ្នកស្ម័គ្រចិត្តនឹងទទួលបានប្រាក់ច្រើនជាងនេះ ប្រសិនជ្រើសរើសចម្លើយថា ខាងស្ដាំមានសញ្ញាចុចច្រើនជាង។
យោងទៅលើមូលដ្ឋាននេះ អ្នកស្រាវជ្រាវ អាចពិនិត្យ និងកត់សម្គាល់ទៅលើឥរិយាបទ ក៏ដូចជាចម្លើយរបស់អ្នកស្ម័គ្រចិត្ត។ លទ្ធផល បានបង្ហាញថា ធៀបទៅនឹងការពិសោធពេលព្រឹក អ្នកស្ម័គ្រចិត្ដដែលបានចូលរួមពិសោធនៅពេលបន្ទាប់ពីថ្ងៃត្រង់ ឬដើមរសៀល ជ្រើសរើសចម្លើយខាងស្ដាំច្រើនជាង បើទោះជាពួកគេដឹងច្បាស់ថា សញ្ញាចុចនៅខាងឆ្វេងច្រើនជាងក៏ដោយ។
នៅក្នុងការពិសោធ លើកទីពីរ អ្នកស្ម័គ្រចិត្ត ត្រូវបានស្នើឱ្យបន្ថែមអក្សរដើម្បីបំពេញពាក្យ "- ral" និង "e --- c -" ដើម្បីបង្កើតជាពាក្យមានន័យ និងមានទំនាក់ទំនងនឹងគ្នា។ លទ្ធផលនៅពេលព្រឹក បង្ហាញថា ភាគច្រើនអ្នកស្ម័គ្រចិត្ដ បំពេញទៅជាពាក្យ "moral" និង "ethical" (មានន័យដូចគ្នា គឺសីលធម៌ និងគុណធម៌) ។ ចំណែកលទ្ធផលនៅពេលល្ងាច បង្ហាញថា ភាគច្រើនពួកគេជ្រើសរើសយកពាក្យ "coral" (ផ្កាថ្ន) និង "effect" (លទ្ធផល)។
តាមរយៈការស្រាវជ្រាវនេះ អ្នកជំនាញការយល់ថា មានភាពខុសគ្នាយ៉ាងច្បាស់ រវាងលទ្ធផលនៃការពិសោធ ពេលព្រឹក និងពេលល្ងាច។ អ្នកស្រាវជ្រាវជឿថា អ្នកដែលមានស្ដង់ដាសីលធម៌ខ្ពស់ និងប្រព្រឹត្ដត្រឹមត្រូវនៅពេលព្រឹក គឺងាយនឹងត្រូវបង្វក់ នៅពេលល្ងាច។ ចំណែកអ្នកដែលមិនខ្វល់អំពីសីលធម៌ ឬប្រព្រឹត្តមិនត្រឹមត្រូវ ដោយមិនមានការខ្មាស់អៀន គឺងាយនឹងត្រូវគេកុហក នៅពេលល្ងាច។
បណ្ឌិត Maryam Kouchaki ជាអ្នកស្រាវជ្រាវម្នាក់ បានឱ្យដឹងថា ៖ “ពិតជាមិនល្អសោះ មនុស្សដែលស្មោះត្រង់បំផុត ឬមិនមានសកម្មភាពប្រាស់ចាគសីលធម៌ បែរជាងាយនឹងផ្ដេកផ្ដួល បង្កបញ្ហាអវិជ្ជមាននៅពេលល្ងាចទៅវិញ” ។ លោកស្រី Maryam Kouchaki បន្ដថា ការរកឃើញនេះ នឹងជួយដល់អ្នកដឹកនាំក្រុមហ៊ុន ស្ថាប័ននានា មានការយកចិត្តទុកដាក់ទៅលើឥរិយាបទ សកម្មភាពរបស់បុគ្គលិក និងអតិថិជន ក្នុងម៉ោងធ្វើការ នៅពេលល្ងាច។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ស្ពានខ្ពស់ជាងគេបំផុត លើពិភពលោក នៅប្រទេសបារាំង
បុរសឥណ្ឌាខ្ជិលរួមភេទបំផុត ក្រូអាតពូកែបំផុត ខណៈ អង់គ្លេសរួមភេទ ចម្លែកៗបំផុត
វិធីសង្គ្រោះជីវិតបន្ទាន់ នៅពេលជួបគ្រោះថ្នាក់ រថយន្ដធ្លាក់ចូលទឹកជ្រៅ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes