ភ្នំពេញ៖ មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់អ្នកស្រី កែ ឡេង នឹងត្រូវដង្ហែទៅជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកាសប្តាហ៍ក្រោយ នេះបើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ ។
នេះជាលើកទី២ហើយសម្រាប់វីរៈកីឡាការិនី កែ ឡេង ក្រោយពីការពារតំណែងជើងឯកមេដាយមាសពិភពលោក ផ្នែក កីឡាប៉េតង់ ក្នុងព្រឹត្តិការណ៍ Women’s World Championship of Petanque បានសម្រេចទៀតនៅប្រទេសថៃ ដែលបានប្រកួតនៅថ្ងៃទី០៤-០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នឹងត្រឡប់មកដល់កម្ពុជាវិញនាយប់ថ្ងៃទី០៨ វិច្ឆិកានោះ ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា “ក្បួនដង្ហែអ្នកស្រី កែ ឡេង នោះដែរនឹងមានម៉ូតូធំចំនួន១២គ្រឿង និងឡានអមជា ច្រើនទៀត ទៅជួបសំណេះសំណាល និងសម្តែងការគួរសមនៅវិមានសន្តិភាព និងទទួលប្រាក់រង្វាន់១២០លានរៀល និងគ្រូបង្វឹកក៏បាន១២០លានរៀលដែរ មុនពេលដង្ហែនៅតាមផ្លូវធំៗមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ ក្រោយពីជួប សម្តេចរួច ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល