(ភ្នំពេញ)៖ ប្រទេសកម្ពុជា ទទួលបាន «ពានរង្វាន់ប្រាក់ (Silver Award)» ពីក្នុងពិព័រណ៍ពាណិជ្ជកម្មពិភពលោក និង ពិព័រណ៍ពា ណិជ្ជកម្មអន្តរជាតិឆ្នាំ២០១៥ ដែលប្រារព្ធឡើងនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដោយមានការចូលរួមប្រកួតប្រជែងពីបណ្តាប្រ ទេសនានាចំនួន៩១ នៅលើពិភពលោក។
កាលពីចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ ក្រសួងពាណិជ្ជកម្មក្នុងនាមជាប្រធានគណៈកម្ម ការអន្តរក្រសួង ទៅចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ឆ្នាំ២០១៥ នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី។ ព្រឹត្ដិការណ៍ពិព័រណ៍ពិភពលោកនេះ មានការចូលរួមពីបណ្តាប្រទេសចំនួន ១៤៥នៅលើពិភពលោក និង អង្គការអន្តរជាតិធំៗ ចំ នួន០៣។
ប្រទេសកម្ពុជាបានចូលរួមប្រកួតប្រជែងជាមួយ ៩១ប្រទេស។ ជាលទ្ធផលកម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែល មានមោទនភាពយ៉ាងក្រៃលែងទទួលបានពានរង្វាន់ប្រាក់ ០១គ្រឿង (Silver Award) ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះថា ពន្លាជាតិកម្ពុជា បាន ទទួលពានរង្វាន់ប្រាក់ ចំពោះការបង្កើតប្រធានបទពិព័រណ៍ប្រកបដោយភាពច្នៃប្រឌិត «ដំណាំស្រូវដាំ នៅលើដែនដីវប្បធម៌ដ៏ សម្បូរបែប» ដែលសិ្ថតក្រោមប្រធានបទរបស់ពិព័រណ៍ពិភពលោក «ចិញ្ចឹមភពផែនដី ផ្តល់ថាមពល សម្រាប់ជីវិត» សម្រាប់ឆ្នាំ ២០១៥។ ពន្លាជាតិ ដែលមានផ្ទៃក្រលា២៥០ ម៉ែត្រក្រឡា បានបញ្ជាក់ពីសារៈសំខាន់ស្តីពីផលិតកម្មដំណាំស្រូវ នៅលើដែនដី វប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។
ក្រសួងបានបញ្ជាក់ទៀតថា ពានរង្វាន់នេះ បញ្ជាក់ពីការទទួលស្គាល់មុខមាត់កម្ពុជា លើឆាកអន្តរជាតិ និង នាំមកនូវមោទនភាព ជាតិសម្រាប់កម្ពុជា ក្នុងការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ២០១៥។ ពន្លាជាតិកម្ពុជា បានទទួលស្វាគមន៍អ្នកចូលរួមទស្សនាពិព័រ ណ៍ជាង ២លាននាក់ សម្រាប់រយៈពេលប្រាំមួយខែនៅក្នុងការតាំងពិព័រណ៍នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។
ក្រសួងពាណិជ្ជកម្មនឹងបើកសន្និសីទព័ត៌មានមួយបង្ហាញពីជោគជ័យនេះ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ នៅក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយផ្តោតលើការរចនា ពន្លាជាតិ និងសេចក្តីលម្អិតស្តីពីប្រធានបទ «ចិញ្ចឹមភពផែនដី ផ្តល់ថាមពល សម្រាប់ជីវិត» ក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០១៥៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី