ភ្នំពេញ៖ បើទោះបីជាពេលនេះ ព័ត៌មានដែលថា តារាសម្តែងស្រី កញ្ញា ភិន សុដាលីស កំពុងតែមានគម្រោងដឹកដៃបុរសសង្ហា លោក ប៉ែន ចំរ៉ុង ចូលរោងការ នៅដើមឆ្នាំ២០១៦នោះ បានធ្វើឲ្យមហាជនជាច្រើនគិតថា ការចូលរោងការ របស់តារា២ដួងនេះ អាចនឹងធ្វើឲ្យបុរសពោះម៉ាយ លោក ប៉ែន តុលា ដើរចេញពីគ្រួសារ លោក អ៊ិន សុភិន និងអាចធ្វើឲ្យទំនាក់ទំនង ជាឪពុកនិងកូនធម៌នេះ មានភាពរង្គោះរង្គើ ជាមួយគ្នាថែមទៀតផង ។
ទាក់ទងទៅនឹងបញ្ហានេះ លោក ប៉ែន តុលា ប្រាប់ LookingTODAY ឲ្យដឹងថា លោកផ្ទាល់បានដឹងហើយថា អតីតគូ ដណ្តឹង (ដាលីស) និងជ្រើសរើសយក លោក ប៉ែន ចំរ៉ុង ហើយខ្លួន និងទទួលយករឿងគ្រប់យ៉ាង ដែលជាការ សម្រេច ចិត្តរបស់ ដាលីស តាំងពីដើមដល់ចប់ លោកមិនដែលបង្ខំនាងឡើយ។
អតីតតារាសម្តែង និងជាតារាបង្ហាញម៉ូដរូបនេះ បានប្រាប់ឲ្យដឹងថា «បើទោះពេលនេះ ដាលីស គាត់សម្រេចចិត្តជ្រើស រើសយក ចំរ៉ុង ហើយរៀបការ ជាមួយគ្នាក៏ដោយ ក៏ខ្ញុំអាចទទួលយកបានគ្រប់យ៉ាង ព្រោះខ្ញុំដឹងថា ថ្ងៃណាមួយ ការ សម្រេចចិត្តនេះ និងមកដល់ ហើយបើវាមកដល់ ក្នុងពេលឆាប់ក៏ល្អ សម្រាប់រឿង (រៀបការរបស់ដាលីស) នេះ វាមិនធ្វើឲ្យរង្គោះរង្គើ ឬប៉ះពាល់ ដល់ទំនាក់ទំនង រវាងពុកធម៌ និងខ្ញុំទេ ព្រោះថា ប៉ា សុភិន គាត់ស្រលាញ់ចាត់ទុកខ្ញុំ ដូចជា កូនគាត់ ហើយខ្ញុំគោរពគាត់ ដូចជាឪពុក មិនប៉ះពាល់អ្វីឡើយ »។
នៅពេលសួរ ថាប្រសិនបើ តារាសម្តែង ដាលីស ចូលរោងការតើ លោក ប៉ែន តុលា នៅបន្តរស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយគ្រួសារ ដាលីស ទៀត ឬយ៉ាងណា? សំណួរនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន ប្រាប់ឲ្យដឹងទៀតថា សម្រាប់ រឿងនេះ លោកនៅមិនទាន់ អាចនិយាយមុនថា យ៉ាងណាទេ គួរតែរស់នៅទៀត ឬយ៉ាងណា លោកចាំមើលជាក់ស្តែង សិន ។ តែអ្វីដែលលោក អាចអះអាង បានគឺរឿងរៀបការនេះ ដាច់ខាតមិនមានឥទ្ធិពល ធ្វើឲ្យលោកត្រូវដើរចេញពីឪពុកធម៌ឡើយ ផ្ទុយទៅវិញលោកនឹងរក្សាទំនាក់ទំនង ជាមួយឪពុកធម៌ ឲ្យបានស្ថិតស្ថេរយូរអង្វែង តរៀងទៅ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល