ភ្នំពេញ៖ កម្មវិធីកំពូលតារាបង្ហាញម៉ូដ ថ្វីត្បិតតែបានបញ្ចប់ទៅហើយក្ដី តែវត្តមានគណៈកម្មការនីមួយៗ ហាក់មិនទាន់ត្រូវបានគេស្គាល់ ឲ្យទូលំទូលាយនៅឡើយទេ ទោះគណៈកម្មការនីមួយៗ មានលក្ខណៈពិសេសរៀងៗ ខ្លួនក៏ដោយ ។
អ្នកនាង គួយ ចាន់ដានិច្ច គណៈកម្មការ ផ្នែកដើរម៉ូដ មានប្រភពពីសារពណ៌ ម៉ូឌែលីង ជានារីខ្មែរ តែម្នាក់គត់ បានដើរលើកំរាលព្រំក្រហម នៅប្រទេសអូស្ត្រាលី ដែលបានលើកមុខលើកមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ ជាមោទនភាពជាតិមួយផងដែរ ។
ការបង្ហាញម៉ូដនៅក្រៅប្រទេស មិនមែនជារឿងងាយស្រួលនោះឡើយ ពោលត្រូវមានបទពិសោធន៍ខ្ពស់ មានលក្ខណៈស្តង់ដារគ្រប់គ្រាន់ជាតារាបង្ហាញម៉ូដ ។ គួយ ចាន់ដានិច្ច ត្រូវបានគេកត់សម្គាល់ឃើញថា នាងមានអ្វីគ្រប់ជ្រុងជ្រោយ ដើម្បីក្លាយជាអ្នកបង្ហាញម៉ូដអាជីព ហើយបានជួយលើកមុខមាត់កម្ពុជា ក្នុងវិស័យម៉ូដ លើឆាកអន្តរជាតិផងដែរ។
ក្រៅពីការងារអស់ដើរម៉ូដដ៏ជំនាញ គួយ ចាន់ដានិច្ច ក៏ធ្លាប់បានត្រូវគេចុះផ្សាយលើ គម្របទស្សនាវដ្ដីធំៗ ជាច្រើន ពិសេសទស្សនាវដ្ដីម៉ូដល្បីៗ ក្នុងប្រទេកម្ពុជា ។ លើសពីនេះ ការដើរម៉ូដរបស់នាង ត្រូវទទួលស្គាល់ ជាអន្តរជាតិ ដូចនេះនាងមាន លក្ខណៈសម្បតិ្ត គ្រប់គ្រាន់ក្នុងការធ្វើជាគណកម្មការ ក្នុងកម្មវិធីលំដាប់ពិភពលោក ។
អ្នកនាង គួយ ចាន់ដានិច្ច បាននិយាយប្រាប់ LookingTODAY ថា នាងបានប្រឡូកក្នុងអាជីព បង្ហាញម៉ូដនេះ៤ឆ្នាំហើយ ដូចនេះអ្នកនាងមានបទពិសោធន៍ គ្រប់គ្រាន់ ។ ចំណែកឯការបង្ហាញមុខមាត់ លើឆាកអន្តរជាតិ ក៏មិនមែនព្រេងសំណាងដែរ ព្រោះអ្វីៗចេញ ពីការប្រឹងប្រែងរបស់នាងទាំងអស់។ គួយ ចាន់ដានិច្ច បានរៀបរាប់ពីប្រវត្តិផ្ទាល់ទៀតថា នាងបានរៀបការរួចរាល់ ជាមួយជនជាតិបរទេស ដែលស្វាមីស្រលាញ់នឹងថ្នាក់ថ្នម នាងណាស់ មិនឲ្យ អ្នកនាង ពិបាកអ្វីឡើយ និងគាំទ្រអ្នកនាង គ្រប់រឿងគ្រប់រ៉ាវ ។
គួយ ចាន់ដានិច្ច បាននិយាយយ៉ាងខ្លីថា រឿងរៀបការ មានគ្រួសារ នរណាក៏ជៀសមិនផុតដែរ សំខាន់នាងមិនបានខ្វាយខ្វល់ថា រៀបការរួចគ្មានកាងារធ្វើទេ សំខាន់រក្សារាងឲ្យស្អាត និង អត្តចរឹកល្អ ការងារមិនខ្វះទេ ព្រោះបច្ចុប្បន្នវិស័យម៉ូដនេះ កំពុងតែរីកចំរើនខ្លាំង គួរឲ្យកតសម្គាល់៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល