CamNews

ព័ត៌មានអន្តរជាតិ 

ធនាគារផ្តល់ប្រាក់កម្ចី នៅអាស៊ីវាយតម្លៃពីវិសមភាពនៅក្នុងកិច្ចប្រជុំ

ព័ត៌មានអន្តរជាតិ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ជាកន្លែង ដែលបណ្ដាធនាគារិក និងថ្នាក់ដឹកនាំទាំងឡាយ កំពុងវាយតម្លៃពីមធ្យោបាយ ដែលពួកគេអាច ផ្ដល់ការគាំទ្រដល់កំណើនសេដ្ឋកិច្ច ខណៈវិសមភាពប្រាក់ចំណូល មានការកើនឡើង ទាំងនៅក្នុងប្រទេសអ្នកមាន និងប្រទេសក្រីក្រ ។

ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការអស់ពាក់កណ្តាលសតវត្សមកហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងដើម្បីគាំទ្រកំណើន(ផ្ដល់ប្រាក់កម្ចី) ក្នុងតំបន់ ដែលជាមជ្ឈមណ្ឌលសកលនៃកំណើនសេដ្ឋកិច្ច ប៉ុន្តែភាពក្រីក្រនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភសម្រាប់ការផ្តល់ប្រាក់កម្ចីបែបនេះ។ ធនាគារនេះ បានប៉ាន់ប្រមាណថា ប្រាក់កម្ចីប្រមាណជាង ២៦ ពាន់ពាន់លានដុល្លារអាមេរិក នឹងត្រូវការជាចាំបាច់ នៅឆ្នាំ ២០៣០ ដើម្បីសាងសង់ផ្លូវ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលទាមទារឱ្យមានការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការដោះស្រាយជាមួយនឹងផលវិបាកនៃការផ្លាស់ប្តូរអាកាសធាតុ។

ធនាគារអភិវឌ្ឍន៍អាស៊ី  ដែលមានមូលដ្ឋាន​ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងទីក្រុង Yokohama កាលពីថ្ងៃព្រហស្បតិ៍។ នៅឆ្នាំ ២០១៦ ធនាគារនេះ បានផ្តល់ប្រាក់កម្ចីសរុប ៣១,៧  ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៨  ភាគរយធៀបនឹងឆ្នាំមុន។

លោក Haruhiko Kuroda អតីតប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ដែលបច្ចុប្បន្នជាអភិបាលធនាគារកណ្តាលជប៉ុន បានឱ្យដឹង នៅក្នុងសុន្ទរកថាមួយ កាលពីដើមសប្តាហ៍នេះថា អាស៊ីត្រូវការជំនួយទាំងអស់ ដែលខ្លួនអាចទទួលយកមក ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ខណៈទាំងប្រទេសអ្នកមាន និងប្រទេសក្រីក្រ កំពុងព្យាយាមដោះស្រាយវិសមភាព ដែលកំពុងកើនឡើងទាំងអស់  ។ លោកបន្តថា៖ «ភាពក្រីក្រនៅតែជាបន្ទុកដ៏សំខាន់ នៅក្នុងតំបន់អាស៊ី»។

ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រទេសជាសមាជិកជាច្រើន ប៉ុន្តែត្រូវបានដឹកនាំ និងគ្រប់គ្រង ដោយសហរដ្ឋអាមេរិក និងជប៉ុន ចាប់តាំងពីធនាគារនេះ ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ ១៩៦៦  ។



ធនាគារនេះ បានចាប់ផ្តើម សហការផ្ដល់ហិរញ្ញប្បទាន លើគម្រោងមួយចំនួន ជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់អាស៊ី ដែលគាំទ្រដោយប្រទេសចិន ដែលក្រុមអ្នករិះគន់មួយចំនួន បានមើលឃើញថា ជាគូប្រជែងទៅនឹងធនាគារផ្តល់ប្រាក់កម្ចីបែបប្រពៃណីដូចជា ADB និងធនាគារពិភពលោកជាដើម។

ក្នុងរយៈពេល ៥០ ឆ្នាំមកនេះ គេឃើញភាគហ៊ុនរបស់អាស៊ី នៅក្នុងពាណិជ្ជកម្មសកលច្រើនជាងទ្វេដង ដែលមានជិតមួយភាគបីនៃចំនួនសរុប ក្នុងឆ្នាំ ២០១៥ ។ ទន្ទឹមនឹងនេះដែរ អាយុកាលនៃការរស់នៅរបស់ប្រជាជនជាមធ្យម កើនឡើងដល់ ៧៤ ឆ្នាំនៅក្នុងតំបន់អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក និងកើនឡើងដល់ ៦៨ ឆ្នាំ នៅអាស៊ីខាងត្បូង ដែលកើនឡើងពីអាយុ ៤៩ ឆ្នាំ និង ៤៥  ឆ្នាំ ។

ប៉ុន្តែចំនួនប្រហែល ៦០ ភាគរយនៃប្រជាជន ១,៥  ពាន់លាននាក់ ដែលកំពុងរស់នៅ ក្នុងភាពក្រីក្រខ្លាំង ដោយប្រាក់ចំណូលតិចជាង ១,៩០ ដុល្លារ ក្នុងមួយថ្ងៃ គឺប្រជាជន រស់នៅក្នុងតំបន់អាស៊ី៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ AP


Tags: International news