CamNews

តារា 

យូរី ចេញមុខ​ប្រតិកម្ម​ នឹង​ការ​រិះគន់​ ថា​ចំលង​បទបរទេស

ភ្នំពេញៈ តារាចម្រៀងដែលចូលចិត្ត បញ្ចេញអត្តចរិកម្ញិកម្ញ៉ក់ និងចូលចិត្តតុបតែងខ្លួន យកស្ទីលតារាកូរ៉េ កញ្ញា យូរី ថ្មីៗនេះ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន ទៅលើបទចម្រៀងមួយបទរបស់នាង ដែលមានចំណងជើងថា “Test មើលសិនមុននឹងស្រលាញ់” នៅក្នុងស៊ីឌីវ៉ុល១៨៥ របស់ផលិតកម្មសាន់ដេ ដោយមហាជនបានចោទប្រកាន់ថា នាងបានចំលងបទចម្រៀងនេះពីបរទេស ។ ប៉ុន្តែក្រោយពីមានការរិះគន់ មិនទាន់បានប៉ុន្មានផង នាងក៏ស្រាប់តែប្រញាប់ប្រញាល់ ចេញមុខបកស្រាយ និងលាតត្រដាងការពិត ច្រានចោលព័ត៌មាននោះ ដោយនាងអះអាងថា បទចម្រៀងនោះ គឺជាការនិពន្ធរបស់ផលិតករខ្មែរពិតៗ ។

បន្ទាប់ពីមានការបញ្ចេញមតិ រិះគន់នាងយ៉ាងខ្លាំង ទៅលើការបកស្រាយបទចម្រៀង និងរិះគន់ទៅលើអត្តចរិកនិងការស្លៀកពាក់នោះ តារាចម្រៀងដែលចូលចិត្តនិយាយសម្តីស្រទន់ផ្អែម កញ្ញា យូរី បានបញ្ចេញប្រតិកម្មឆួលចុងច្រមុះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដោយនាងបានសរសេរសារជាភាសាខ្មែរ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមរបស់នាងថា “យូរីចង់បកស្រាយរឿងបទថ្មីរបស់យូរី Tes sin mun slahn ដែលមានមនុស្សមួយចំនួន បាននិយាយនិងចោទថាបទនេះចំលងពីគេ តាមការពិតបទនេះជាបទនិពន្ធថ្មីរបស់ផលិតកម្ម Sunday ក្រោមស្នាដៃនិពន្ធរបស់បងប្រុស Tonosaki ផ្ទាល់ គ្មានការចំលងពីប្រទេស ជិតខាងឡើយ ” ។

តារាចម្រៀងដែលចូលចិត្ត និយាយតាំងឈ្មោះខ្លួនឯងនៅពីមុខជាប់រូបនេះ បានសរសេរទៀតថា “មានបុគ្គលមួយចំនួនរិះគន់យូរីយ៉ាងខ្លាំង អ្នកទាំងអស់គ្នានោះ មិនធ្លាប់ជួបយូរីសូម្បីតែម្ដង គ្រប់រូបភាពដែលយូរីថត និងសម្តែងគឺក្រុមការងារ Sunday គ្រាន់តែចង់រិះរកអ្វីប្លែកថ្មីៗ ដើម្បីបំរើអារម្មណ៍ទស្សនិកជន និងអ្នកគាំទ្រយូរីប៉ុណ្ណោះ ក្នុងករណីមនុស្សមួយចំនួន ដែលមិនពេញចិត្តអាចរិះគន់យូរីបាន ក្នុងន័យស្ថាបនាយូរីរីករាយ និងទទួលដើម្បីយកមកកែតម្រូវ មិនមែនរិះគន់ក្នុងន័យជាន់ពន្លិច និងមើលងាយនោះទេ ” ។

តារាស្រីដែលនិយមចូលចិត្តតែងខ្លួន ស្លៀកពាក់បែបតារាកូរ៉េរូបនេះ ក៏បានផ្តាំផ្ញើរទៅអ្នករិះគន់នាងផងដែរថា “សូមផ្ដាំទៅអ្នកដែលរិះគន់យូរី សូមអ្នកទាំងអស់កុំវាយតំលៃ មនុស្សតែសំបកក្រៅ យូរីក៏ជាមនុស្សដែរ សូមនិយាយអ្វីគិតដល់កិត្តិយស និងអារម្មណ៏យូរីផង……” ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh