តុលាការក្រុងដាកា កាលពីថ្ងៃអាទិត្យ បានកាត់ទោសប្រហារជីវិតទណ្ឌិតចំនួន ១០ នាក់ពីបទប៉ុនប៉ងបំផ្ទុះគ្រាប់បែក ក្នុងបាតុកម្មមួយ ដែលផ្ដួចផ្ដើមឡើងដោយនាយករដ្ឋមន្ត្រី Sheikh Hasina កាលពីឆ្នាំ ២០០០ ។ យោងតាមព្រះរាជអាជ្ញា សមាជិកនៃក្រុម Harkatul Jihad-al-Islami បានដាក់បង្កៃគ្រាប់បែកពីរគ្រាប់ នៅឯការប្រមូលផ្ដុំគ្នា ក្នុងបរិវេណមហាវិទ្យាល័យរយៈពេលមួយថ្ងៃ មុនពេលលោកស្រី Hasina គ្រោងនឹងមកដល់។
អតីតមេដឹកនាំក្រុមនេះ លោក Mufti Abdul Hannan រងការចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនៅក្នុងផែនការបំផ្ទុះគ្រាប់បែកនេះ បើទោះបីជាលោក Hannan ត្រូវបានតុលាការកាត់ទោសប្រហារជីវិតដោយព្យួរករួចទៅហើយ នៅក្នុងខែមេសាពីបទប្រព្រឹត្ដឧក្រិដ្ឋកម្មដាច់ដោយឡែកផ្សេងទៀតក្ដី ។ ជនសង្ស័យ ១០ នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងផែនការនេះ ត្រូវបានដោះលែង ដោយសារតែគ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់។ មេធាវីការពារក្ដីឱ្យជន ដែលត្រូវតុលាការបានផ្តន្ទាទោស បានបង្ហាញពីចេតនាប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសេចក្ដីសម្រេចផ្ដន្ទាទោសនេះ។ បញ្ហានេះ គឺជាការវាយប្រហារមួយ ក្នុងចំណោមការវាយប្រហារជាច្រើន ដែលត្រូវបានដាក់ការស្ដីបន្ទោសទៅលើក្រុមអ៊ិស្លាមនិយម។
តុលាការបង់ក្លាដែសបានចេញសាលក្រម ផ្ដន្ទាទោសប្រហារជីវិត ជាច្រើនមកហើយ កាលពីឆ្នាំមុននេះ។ កាលពីខែមករា ប្រទេសបង់ក្លាដេស បានកាត់ទោសប្រហារជីវិតដោយព្យួរកទណ្ឌិតចំនួន ២៦ នាក់រួចមកហើយ ។ នៅខែសីហាឆ្នាំ ២០១៦ អ្នកជំនាញការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទទូចដល់រដ្ឋាភិបាលបង់ក្លាដែស ឱ្យលុបចោលការកាត់ទោសប្រហារជីវិតលើលោក Mir Quasem Ali ដែលជាសមាជិកប្រឆាំងម្នាក់នៃគណបក្ស Jamaat-e-Islami ។
នៅខែសីហា ឆ្នាំ២០១៦ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដែស (ICTB) បានកាត់ទោសប្រហារជីវិតអតីតសមាជិកសភាម្នាក់ និងកាត់ទោសមនុស្ស ៧ នាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋ ដែលបានប្រព្រឹត្ត ក្នុងសម័យសង្រ្គាមដណ្ដើមឯករាជ្យភាពឆ្នាំ ១៩៧១ ។ នៅខែមិថុនា ឆ្នាំ ២០១៦ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដែស បានកាត់ទោសប្រហារជីវិតលោក Mohibur Rahman ពីបទចូលរួមក្នុងសង្គ្រាមដណ្ដើមឯករាជ្យពីប៉ាគីស្ថានឆ្នាំ ១៩៧១ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព ៖ Jurist