CamNews

ព័ត៌មានអន្តរជាតិ 

រថយន្ដទំនើបរបស់ប្រធានាធិបតីរុស្ស៊ីជួបគ្រោះថ្នាក់ បណ្ដាលឱ្យអ្នកបើកបរបាត់បង់ជីវិត (វីដេអូ)

អ្នកបើកបររថយន្ដរបស់ប្រធានាធិបតីរុស្ស៊ី បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅ
តាមដងផ្លូវក្នុងក្រុង Moscow ។

កាមេរ៉ាសុវត្ថិភាពបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅពេលព្រឹកនៃថ្ងៃទី
៦កញ្ញា នៅពេលរថយន្ដ Mercedes មួយគ្រឿងបានរេចង្កូតភ្លាមៗ នៅលើមហាវិថី Kutuzovsky
ក្រុង Moscow និងបានជ្រុលទៅបុករថយន្ដ BMW ដែលកាន់ចង្កូតដោយអ្នកបើកបររថយន្ដរបស់
ប្រធានាធិបតីរុស្ស៊ី Vladimir Putin នេះបើតាម ទំព័រ BreitBart ។

អ្នកបើកបររថយន្ដរបស់លោក Vladimir Putin បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់នេះ ចំណែក
ប្រធានាធិបតីរុស្ស៊ី មិនមានវត្តមាននៅក្នុងរថយន្ដនេះនោះទេ។

សារព័ត៌មានរុស្ស៊ី មិនបានបង្ហើបឱ្យដឹងអំពីអត្តសញ្ញាណរបស់អ្នកបើកបរ ប៉ុន្តែ បានឱ្យដឹងថា អ្នក
បើកបរនេះ មានបទពិសោធក្នុងការបើកបររថយន្ដជាង ៤០ឆ្នាំ ហើយជាអ្នកបើកបរដែលត្រូវបាន
គេទុកចិត្តបំផុតរបស់លោក Putin ។

អ្នកបើកបររថយន្ដ Mercedes ដែលបំពានច្បាប់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាព
របួសធ្ងន់ធ្ងរ។

ថ្មីៗនេះ មន្ត្រីរុស្សីបានសម្ដែងការព្រួយបារម្ភអំពីការការពារសុវត្ថិភាពរបស់បណ្ដារថយន្ដដឹកប្រធា
នាធិបតី។ ដើម្បីការពារសុវត្ថិភាពរបស់លោក Putin ប្រទេសរុស្ស៊ី បានបញ្ជាទិញបណ្ដារថយន្ដ
ផលិតក្នុងស្រុកដែលមានពាសដែកប្រភេទធ្ងន់ និងមានកញ្ចក់ដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើង។
ទ្វាររបស់រថយន្ដថ្មីទាំងនោះ នឹងមានកម្រាស់ក្រាស់ជាង ១០ដងបើធៀបនឹងរថយន្ដធម្មតា ហើយ
ខាងក្នុងរថយន្ដ ក៏មានបំពាក់ប្រព័ន្ធអ៊ុកស៊ីហ្សែនផងដែរ។

ក្រុមរថយន្តថ្មីរបស់លោក Putin នឹងរួមមាន រថយន្ដ SUV មួយគ្រឿង, រថយន្ដស្រឡាយ limo មួយ
គ្រឿង, រថយន្ដស្រឡាយ sedan មួយគ្រឿង, និង រថយន្ដ mini-van មួយគ្រឿង។ ទាំងអស់នេះ ត្រូវ
បានរចនាឡើងជាមួយនឹងមុខងារការពារសុវត្ថិភាពលំដាប់កំពូល៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Thesun/BreitBart


Tags: រថយន្ដ​ គ្រោះថ្នាក់ចរចារណ៍ រុស្ស៊ី ប្រធានាធិបតីរុស្ស៊ី