កូរ៉េខាងជើងនិយាយថា មេដឹកនាំលោក គីម ជុងអ៊ុន បានប្ដេជ្ញាថា រដ្ឋាភិបាលរបស់លោក នឹងធ្វើឱ្យសម្រេចគោលដៅនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាត្រូវប្រឈមនឹងការពង្រឹងការដាក់ទណ្ឌកម្មក៏ដោយ បន្ទាប់ពីលោក បានត្រួតពិនិត្យមើលមីស៊ីលចម្ងាយឆ្ងាយ ដែលបានបាញ់ឆ្លងកាត់ប្រទេសជប៉ុន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានផ្សាយបទអត្ថាធិប្បាយរបស់លោក គីម កាលពីថ្ងៃសៅរ៍ ពោលគឺរយៈពេលមួយថ្ងៃ បន្ទាប់ពីទាហានអាមេរិក និងទាហានកូរ៉េខាងត្បូង ចាប់បានការបាញ់មីស៊ីលផ្លោងចេញពីទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង។
គ្រាប់មីស៊ីលផ្លោងនោះ ហោះបានរយៈចម្ងាយ ៣,៧០០ គីឡូម៉ែត្រ (២.៣០០ ម៉ាយល៍) មុនពេលធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងជើង។ វាគឺជាការបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុត របស់ប្រទេសនេះ។
កូរ៉េខាងជើង បានបញ្ជាក់ថា មីស៊ីលនេះ ជាមីស៊ីលរយៈចម្ងាយឆ្ងាយបំផុតធុន Hwasong-12 ដែលត្រូវបានបាញ់បង្ហោះឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃទី ២៩ ខែសីហា។ ប្រទេសកូរ៉េខាងជើងក៏បានគំរាមបាញ់គ្រាប់មីស៊ីលទាំងនេះ ទៅកាន់តំបន់ហ្គាម(Guam ) ផងដែរ។ ប្រទេសនេះ បានសាកល្បង មីស៊ីលលើកទី ៦ របស់ខ្លួន និងការធ្វើតេស្ដន៍នុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុត កាលពីថ្ងៃទី ៣ ខែកញ្ញាកន្លងទៅនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ AP