CamNews

កីឡាជាតិ 

សម្ដេចតេជោ ដំឡើងឋានន្ដរស័ក្តិវរសេនីយ៍ត្រី អមដោយប្រាក់រង្វាន់ ៤ម៉ឺនដុល្លារដល់អ្នកស្រី កែ ឡេង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ ខ្ពង់ខ្ពស់ឲ្យអ្នកស្រី កែ ឡេង ម្ចាស់មេដាយមាសពិភព លោកផ្នែកកីឡាប៉េតង់ ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព កាលពីថ្ងៃទី១៧ ខែវិច្ឆិកាម្សិលមិញ ជាមួយនឹងការទទួលបានការលើកទឹកចិត្តយ៉ាងពិសេសពីសំណាក់សម្ដេច ។

ដោយខិតខំប្រឹងប្រែងប្រកួតរហូតដណ្ដើមបានមេដាយមាសពិភបលោក ជាលើកទី២ ជូនជាតិ អ្នកស្រី ត្រូវបានសម្ដេចតេជោ ហ៊ុន សែន កោតសរសើរ និងស្នើឲ្យលោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដំឡើងឋានន្តរស័ក្តិជូនអ្នកស្រី កែ ឡេង ពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីទៀតផង ។

លើសពីនេះសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារដល់អ្នកស្រី កែ ឡេង រួមទាំងប្រាក់រង្វាន់តាមអនុក្រឹត្យរាជរដ្ឋាភិបាលចំនួន ១២០លានរៀលផងដែរ សរុបគឺជិត៤ម៉ឺនដុល្លារ ។ ចំណែកលោក សុខ ម៉ុង ជាគ្រូបង្វឹក ក៏ទទួលបានប្រាក់រង្វាន់រាជរដ្ឋាភិបាល ១២០លានរៀល និងប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីសម្ដេចតេជោចំនួន ៣ពាន់ដុល្លារទៀតផង ។

ជាមួយគ្នានោះសម្ដេចបានជំរុញឲ្យអ្នកស្រី កែ ឡេង ក៏ដូចជាអត្តពលិកគ្រប់ប្រភេទកីឡាទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែង ដើម្បីប្រកួតប្រជែងដណ្ដើមយកមេដាយជូនជាតិ នៅក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗនាពេលខាងមុខ ។

ក្រោយបញ្ចប់ការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន និងទទួលយកអនុសាសន៍ល្អៗពីសម្ដេចរួច ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ក៏មានរៀបចំក្បួនដង្ហែកិត្តិយសមួយ សម្រាប់អ្នកស្រី កែ ឡេង នៅតាមមហាវិធីធំៗមួយក្នុងរាជ ធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលមើលឃើញពីក្បួនដង្ហែជាលើកទឹកទី២ ដែលរៀបចំជូនម្ចាស់មេដាយមាសពិភពលោកនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល 


Tags: Social News Cambodia PP