(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលក់សំបុត្រ សម្រាប់ទស្សនាជំនួបជើងទី២ រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងចិនតៃប៉ិ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ជាផ្លូវការថ្ងៃនេះហើយ ដោយមានតម្លៃ២ប្រភេទ គឺតម្លៃ ១០,០០០រៀល និង ៥,០០០រៀលប៉ុណ្ណោះ គ្រាដែលការប្រកួតនឹងធ្វើលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយ ។
គួរបញ្ជាក់ផងដែរថា ទន្ទឹមជាមួយការប្រកាសលក់សំបុត្រទស្សនាជើងទី២នេះ ក្រុមជម្រើសជាតិកម្ពុជា ទើបត្រឡប់មកកម្ពុជាកាលពីយប់មិញ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី១ ជាមួយម្ចាស់ផ្ទះចិនតៃប៉ិ ដោយលទ្ធផលស្មើគ្នា ២-២ កាលពីថ្ងៃទី០២ ខែមិថុនាកន្លងទៅ ។ ចំណែកក្រុមឆាយនីសតៃប៉ិវិញ នឹងមកដល់កម្ពុជាថ្ងៃនេះ ដើម្បីត្រៀមខ្លួនជួបក្រុមម្ចាស់ផ្ទះកម្ពុជា នៅដើមសប្ដាហ៍ក្រោយ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង