CamNews

ព័ត៌មានអន្តរជាតិ 

ប្រមុខ UN ពោលសរសើរ”មហាករុណាគុណ”របស់ព្រះពុទ្ធ ក្នុងថ្ងៃវិសាខបូជា

ព័ត៌មានអន្តរជាតិ ៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យវិសាខបូជាដ៏មហានក្ខត្តឫក្ស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបំផុសគំនិតពីមាគ៌ាដ៏ត្រចះត្រចង់របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ និងប្រកាន់យកឱវាទនៃ”ការអាណិតអាសូរ(ករុណា) ដល់សព្វសត្វ”របស់ព្រះអង្គ។

លោកអគ្គលេខាធិការ បានឱ្យដឹង នៅក្នុងសាររបស់លោក នាឱកាសនោះថា៖  "បដិសន្ធិជាព្រះរាជបុត្រ នៅក្នុងត្រកូលក្សត្រ ព្រះសក្យមុនី បានយាងចូលទៅក្នុងពិភពលោក ដើម្បីប្រឈម និងយកឈ្នះនូវទុក្ខសោករបស់មនុស្សជាតិ"។ លោក បានមានប្រសាសន៍ថា៖ “ ឱវាទនៃ”ការអាណិតអាសូរនេះ” នឹងមិនសាបរលាបពីពិភពលោកឡើយៗ”។



ពិធីបុណ្យវិសាខបូជា  ដែលជាថ្ងៃពេញបារមី ១៥ កើត ក្នុងខែឧសភានេះ គឺជាថ្ងៃគួរឱ្យគោរពបូជាបំផុត សម្រាប់ពុទ្ធសាសនិករាប់លាននាក់ នៅជុំវិញពិភពលោក។

វាជាទិវាមួយនៃខែវិសាខ ដែលមានរយៈពេល ២៥០០ ឆ្នាំកន្លងទៅហើយ គឺក្នុងឆ្នាំ ៦២៣ មុនគ្រឹះសករាជ ដែលព្រះពុទ្ធអង្គ បានចាប់បដិសន្ធិលើភពផែនដី ។  ហើយវាក៏ស្ថិតនៅក្នុងថ្ងៃតែមួយនៃខែវិសាខ ដែលព្រះសាស្ដា បានត្រាស់ដឹង និងក្នុងថ្ងៃ ដែលព្រះអង្គយាងចូលព្រះនិព្វាន ក្នុងព្រះជន ៨០ ព្រះវស្សា។

លើសពីនេះទៀត នៅក្នុងសាររបស់លោក លោក Guterres បានបញ្ជាក់ថា នៅក្នុងពិភពលោកដែលមានការទាក់ទងគ្នាទៅវិញទៅមក នាពេលបច្ចុប្បន្ននេះ វាមិនមានសន្ដិភាពឡើយ ដរាបណាមនុស្សផ្សេងទៀត ទទួលរងនូវគ្រោះថ្នាក់ មិនមានសុវត្ថិភាពទេ ដរាបណាមនុស្សផ្សេងទៀតទទួលរងនូវការដកហូតសិទ្ធិសេរីភាព  និងគ្មានអនាគតប្រកបដោយនិរន្តរភាពទេ ទាល់តែសមាជិកទាំងអស់នៃមនុស្សជាតិ ទទួលបាននូវសិទ្ធិរបស់ខ្លួន"។




ប្រមុខរបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ ដោយសម្ដែងនូវការជូនពររបស់ខ្លួន ដល់មនុស្សទាំងអស់ ដែលប្រារព្វពិធី នាឱកាសនោះថា៖ «នៅទិវានៃពិធីបុណ្យវិសាខបូជានេះ យើងសូម សម្ដែងការអបអរក្រៃពេក ចំពោះបញ្ញាញាណ របស់ព្រះសម្មាសម្ពុទ្ធ ដោយចាត់វិធានការចំពោះមនុស្សផ្សេងទៀត ដោយស្មារតីសាមគ្គីភាពដ៏រឹងមាំ"។



នៅឆ្នាំ ១៩៩៩ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលក្នុងនោះ ខ្លួនបានទទួលស្គាល់ទិវានេះជាអន្តរជាតិ ដើម្បីសម្ដែងការដឹងគុណ ចំពោះការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ជាសាសនាដ៏មានវ័យចំណាស់ជាងគេបំផុត នៅលើពិភពលោក ដែលបានសាបព្រោះអំពើល្អ នៅលើពិភពលោកអស់រយៈពេល ជាង ២៥០០ ឆ្នាំមកនេះ និងបន្តអប់រំមនុស្សជាតិឱ្យមានយោនិសោមនសិការ(វិចារណញាណត្រឹមត្រូវ)៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ www.un.org


Tags: International news