បង់ក្លាដែស៖ ក្រុមមន្រ្ដី បានរាយការណ៍ថា ភ្លៀងមូសុងដ៏ធំមួយ បានបង្កឱ្យមានការរអិលបាក់ដី នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១០៧ នាក់បានស្លាប់បាត់បង់ជីវិត បូករួមទាំងទាហាន ៥ នាក់ផងដែរ។
អ្នកនាំពាក្យរដ្ឋបាលស្រុក Rangamati ម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦០ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍រអិលបាក់ដីជាបន្ដបន្ទាប់ នៅក្នុងស្រុកនេះតែមួយ។
ប្រតិបត្ដិការជួយសង្គ្រោះ កំពុងត្រូវបានយាយី ដោយអាកាសធាតុដ៏អាក្រក់នេះ។
បណ្ដាញទូរគមនាគមន៍ និងអគ្គិសនី ត្រូវបានកាត់ផ្តាច់ ហើយសហគមន៍មួយចំនួន មិនអាច ទាក់ទងបានឡើយ។
លោក Reaz Ahmed ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ទីភ្នាក់ងារ AFP ថា៖ «យើងមិនអាចទៅដល់កន្លែងជាច្រើន ដែលរងផលប៉ះពាល់នោះទេ "។ លោកបានថ្លែងថា៖ «នៅពេលរាំងភ្លៀង យើងនឹងទទួលបានរូបភាពទាំងស្រុងនៃការខូចខាត និងត្រូវធ្វើការជួសជុលឱ្យល្អប្រសើរដូចដើមវិញ »។
នៅក្នុងស្រុក Rangamati តំបន់ភ្នំមួយ នៅជិតព្រំដែនឥណ្ឌា ការរអិលបាក់ដី បានកប់ផ្ទះអ្នកស្រុកជាច្រើនខ្នង។ មេបញ្ជាការប៉ូលិសស្រុក លោក Sayed Tariqul Hasan បានប្រាប់ AFP ថា៖ «អ្នកស្រុកមួយចំនួន កំពុងដេកលង់លក់ នៅក្នុងផ្ទះរបស់ខ្លួន នៅតាមជម្រាលភ្នំ នៅពេលដែលការរអិលបាក់ដីនេះ បានកើតឡើង»។
អ្នកនាំពាក្យយោធាម្នាក់បានប្រាប់ AFP ថា ទាហាន ដែលបានស្លាប់ទាំងនោះ បានព្យាយាមឈូសឆាយសម្អាតផ្លូវក្នុងស្រុក Rangamati ដែលមានហេតុការណ៍រអិលបាក់ដីមុនគេ នៅពេលដែលការរអិលបាក់មួយទៀត បានបាក់សង្កត់លើពួកគេ ។ ចរាចរណ៍នៅរដ្ឋធានីដាកា និង Chittagong ដែលជាទីក្រុងកំពង់ផែដ៏ធំមួយរបស់បង់ក្លាដែស ត្រូវបានកកស្ទះ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងនោះ។
សូមបញ្ជាក់ផងដែរថា កាលពីខែមុន មនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ និងផ្ទះរាប់ពាន់ខ្នង ត្រូវបានបំផ្លាញ បន្ទាប់ពីព្យុះស៊ីក្លូនម៉ូរ៉ា បានបោកបក់មកលើប្រទេសបង់ក្លាដែសភាគអាគ្នេយ៍។ នៅក្នុងហេតុការណ៍ព្យុះស៊ីក្លូននោះ មនុស្សជាងមួយលាននាក់ ត្រូវបានជម្លៀសចេញ។
ការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងជាញឹកញាប់ កើតមានឡើងនៅក្នុងតំបន់ភ្នំភាគខាងត្បូង នៃប្រទេសបង់ក្លាដែស។ នៅឆ្នាំ ២០០៧ មនុស្សប្រមាណជា ១៣០ នាក់ បានស្លាប់ដោយការរអិលបាក់ដី នៅក្នុងទីក្រុង Chittagong ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ BBC