CamNews

ព័ត៌មានជាតិ 

ក្រុមក្មេងទំនើងសិស្សសាលា៤នាក់ ជិះម៉ូតូប្រដាប់ដោយដំបង និងស្នាប់ដៃបង្កការអុកឡុក នៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ក្រុមក្មេងទំនើង ជាសិស្សសាលាចំនួន៤នាក់ បាននាំគ្នាជិះម៉ូតូ ឆ្វែលចុះឡើងៗ បង្កការអុកឡុក នៅតាមដងផ្លូវក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ ត្រូវបានកម្លាំង នគរបាលចេញ ជួយអន្តរាគមន៍ទាន់ពេលវេលា រហូតឈានទៅដល់ការ ទប់ស្កាត់ទាន់ពេលវេលា និងធ្វើការឃាត់ខ្លួនតែម្តង។

ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ថា ក្រោយទទួលបានព័ត៌មាន របស់ក្រុមក្មេងទំនើងទាំងនេះកម្លាំងនគរបាល របស់អធិការក្រុង សហការជាមួយក្រុមតោ ក្រុមខ្លា ចេញប្រតិបត្តិការភ្លាមៗ ហើយធ្វើការ ឃាត់ខ្លួនចំនួន៤នាក់ ម៉ូតូ២​គ្រឿង ដែលមានបង្កប់ដោយដែកឆាប ដំបង និងស្នាប់ដៃ ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់​ថា «ខ្ញុំកំពុងពិនិត្យនីតិវិធី ដើម្បីចាត់ការទៅតាមច្បាប់ យើងមិនត្រូវបណ្ដោយឲ្យក្រុមនេះ ដើរបង្កពេញខេត្តទេសចរណ៍នោះទេ ជាពិសេស ក្រុមនេះមានស្នាប់ដៃ ដំបងដែក និងសម្ភារមួយចំនួន ចូលទៅគំរាមកំហែងដល់សិស្សសាលា ទើបយើងតាមបង្ក្រាប មិនអាចលើកលែងបានទេ ពីព្រោះប្រជាពលរដ្ឋ ក្នុងខេត្ត ពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំង»។

សម្រាប់ក្មេងទំនើងទាំងនេះ ស្ថិតក្រោមការសាកសួរ នៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធីទៀត៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News Sihaknu Vile