CamNews

កីឡាអន្តរជាតិ 

តម្លៃសំបុត្រចូលទស្សនាបាល់ទាត់ Euro 2016 ចាប់ពី២៥ដុល្លារ ដល់ ៩២២ដុល្លារ

(ប៉ារីស)៖ នៅសល់ត្រឹមតែ ១៧០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់​ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង ចាប់ផ្តើមហើយ ពោលគឺចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ដោយតម្លៃសំបុត្រ ចូលទស្សនាទាបបំផុត២៥ដុល្លារ និងថ្លៃបំផុត ៩២២ដុល្លារ ក្នុង១សន្លឹក ។

ផ្អែកទៅតាមគេហទំព័រ UEFA បានបញ្ជាក់ថា តម្លៃសំបុត្រត្រូវបានចែកចេញជា៤ដំណាក់កាល គឺសំបុត្រចូលទស្សនាវគ្គសន្សំពិន្ទុក្នុងពូល រហូតដល់វគ្គ១៦ក្រុម ចាប់ពី២៥ ដល់ ១៥០ដុល្លារ, វគ្គ៨ក្រុម តម្លៃចាប់ពី៤៨ដុល្លារ, វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ចាប់ពី៦៨ដុល្លារ និងវគ្គផ្តាច់ព្រ័ត្រ ចាប់ពី៦៨ដុល្លារ ដល់៩២២ដុល្លារ ដោយអាចទិញនៅតាម បញ្ជនានាចាប់ពីពេលនេះ​តទៅរហូតដល់ថ្ងៃ​ចាប់ផ្តើមការប្រកួត និងតាម Online ក៏បាន ។

ទន្ទឹមនោះដែរ UEFA មិនបានបញ្ជាក់ពីថ្លៃសំបុត្រ ក៏ដូចជាការ​បន្ធូរបន្ថយថ្លៃសំបុត្រ​ចំពោះប្រជាពលរដ្ឋបារាំង​ឡើយ ខុសពីតម្លៃសំបុត្រត្រូវបានលក់ក្នុងតម្លៃផ្សេងសម្រាប់ប្រជាពលរដ្ឋប្រេស៊ីល ​ត្រឹមតែ១៥ដុល្លារប៉ុណ្ណោះ កាលពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2014 នៅប្រទេសរបស់ខ្លួន ។

ក្នុងការប្រកួតដែលមានរយៈពេល១ខែពេញ មាន២៤ក្រុមចូលរួម ស្មើនឹង៥១ប្រកួត បារាំងបានត្រៀមពហុកីឡដ្ឋាន ចំនួន១០ ដែលស្ថិតនៅក្នុងទីក្រុងធំៗមានដូចជា ទីក្រុង Paris, Saint-Denis, Lens, Lille, Lyon, St-Etienne, Nice, Marseille, Toulouse និងទីក្រុង Bordeaux ហើយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុងប៉ារីស ក្នុងកីឡដ្ឋាន Parc des Price ដែលជាស្តាត​របស់ក្រុមខ្លាំង PSG ថ្ងៃទី១០ កក្កដា ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League