CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយព័ត៌មានសម្ងាត់៖ ៣ថ្ងៃទៀតកូរ៉េខាងជើង នឹងបាញ់សាកល្បងមីស៊ីលផ្លោង Musu​dan ក្រោយពីទើបបរាជ័យពីរដង

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Fox Business News នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនតាមរយៈ ការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនពីររូប ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា កូរ៉េខាងជើងកំពុងត្រៀមខ្លួនបាញ់សាកល្បងជាថ្មីម្ដងទៀត នូវគ្រាប់មីស៊ីលផ្លោងរយៈចំងាយមធ្យម Musu​dan នាពេល៣ថ្ងៃខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូងយ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។


យោងតាមប្រភពដដែលឲ្យដឹងថាទីក្រុងព្យុងយ៉ាង អាចនឹងដឹកនាំការបាញ់សាកល្បងនេះ នៅរយៈពេល ២៤ ឬ៧២ម៉ោងខាងមុខ ដែលនេះនឹងក្លាយជាការបាញ់សាកល្បងមីស៊ីល Musudan​ ជាលើកទី៩របស់ កូរ៉េខាងជើងនៅក្នុងឆ្នាំ២០១៦។ ដោយឡែកជុំវិញសេចក្ដីរាយកាណ៍នេះដែរ ក្រសួងការពារជាតិ កូរ៉េខាងត្បូងមិនទាន់ទទួលស្គាល់នៅឡើយទេ ដោយរង់ចាំការតាមដានភាពច្បាស់ការជាមុនសិន។

គួររំលឹកថា កាលពីខែតុលា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Musudan​ ចំនួនពីរលើកគឺនៅថ្ងៃទី១៥ និង​ថ្ងៃទី២០ ខែតុលា ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានអះអាងថាការបាញ់សាកល្បងនេះបាន បរាជ័យ។ ប៉ុន្តែយ៉ាងណាក៏ដោយវាបានបង្ហាញរួចទៅហើយ​ ថាការអភិវឌ្ឈន៍មីស៊ីល និងអាវុធនុយក្លេអ៊ែ របស់ទីក្រុងព្យុងយ៉ាង កំពុងរីកចំរើនទៅមុខជាក់ស្ដែង នៅក្នុងចំណោមការបាញ់សាកល្បងមីស៊ីលទាំង៨លើក មកនេះគេឃើញកូរ៉េខាងជើង បានទទួលបានជោគជ័យកាលពីខែមិថុនា នៅក្នុងការបាញ់សាកល្បងមីស៊ីល ដែលគេជឿជាក់ថាអាចបាញ់ទៅដល់មូលដ្ឋានទ័ពអាមេរិកនៅឯកោះ ហ្គាំ(Guam) នៃតំបន់ប៉ាស៊ីហ្វិក៕






ប្រភព ៖ CNA


Tags: north korea south korea missile satellite