CamNews

តារា 

សាសា ប្រឈមមុខ នឹងការចាប់ខ្លួន បើតុលាការកោះហៅ លើកទី២ នៅមិនព្រមចូលបំភ្លឺ

បាត់ដំបង៖ កញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនី នៅស្ថានីយទូរទស្សន៍ CTN កំពុងតែប្រឈមមុខ នឹងការបញ្ជាឲ្យនាំខ្លួន ពីសំណាក់តុលាការ ប្រសិនបើព្រះរាជអាជ្ញា ចេញដីកាកោះហៅ ជាលើកទី២ នាពេលខាងមុខ នេះ នាងនៅតែគេចវេស មិនព្រមចូលខ្លួនទៅឆ្លើយបំភ្លឺ តាមការកោះហៅទេនោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបាត់ដំបង បានចេញដីកាកោះហៅ កញ្ញា សាសា ឲ្យចូលបំភ្លឺ ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីថ្ងៃ ទី២ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅទីរួមខេត្តបាត់ដំបង ប៉ុន្តែនាងមិនបានចូល បំភ្លឺតាមការកោះហៅឡើយ សូម្បីតែ មូលហេតុ នៃការអវត្តមាននេះ ក៏នាងមិនបានជូនដំណឹង ទៅតុលាការដែរ ។

មន្រ្តីតុលាការ បានអះអាងថា ក្រោយពីកោះហៅលើកទី១ នាងមិនចូលខ្លួន និងមិនបានជូនដំណឹង តបមកវិញនោះ តុលាការនឹងធ្វើការ កោះហៅឲ្យចូលខ្លួន ជាលើកទី២ ទៀត នាពេលខាងមុខ តែមិនបានបញ្ជាក់ថា ត្រូវកោះហៅឲ្យ ចូលខ្លួន នៅថ្ងៃណានោះឡើយ។ អ្នកច្បាប់មួយរូបបានលើកឡើងថា បើព្រះរាជអាជ្ញាកោះហៅ លើកទី២ កញ្ញា សាសា នៅតែមិនព្រមចូលខ្លួន និងមិនព្រមប្រាប់ ពីមូលហេតុទៀតនោះ ព្រះរាជអាជ្ញា អាចនឹងសម្រេចធ្វើការ ចោទប្រកាន់ រួចហើយបញ្ជូន សំណុំរឿង ទៅចៅក្រមស៊ើបសួរ ហើយចៅក្រម អាចចេញដីកាបង្គាប់ ឲ្យនាំខ្លួនតែម្ដង។

ដូច្នេះបើការកោះហៅ លើកទី២ នាពេលខាងមុខនេះ កញ្ញា សាសា នៅតែមិនព្រមចូលខ្លួនទេ វាសនារបស់នាងអាច នឹង ដូចគូជម្លោះ របស់ខ្លួន គឺលោក ឧកញ៉ា សុខ ប៊ុន ជាក់ជាមិនខាន ។ នោះមានន័យថា តុលាការអាចនឹងបញ្ជាឲ្យ ចាប់ខ្លួន និងឃុំខ្លួនតែម្ដង ។

គួរបញ្ជាក់ថា តុលាការខេត្តបាត់ដំបង បានកោះហៅកញ្ញា សាសា ឲ្យចូលបំភ្លឺនៅ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹករណីបង្ក គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ដោយ កញ្ញា សាសា និងមិត្តភក្តិ២នាក់ទៀត បានផឹកស៊ីក្នុងហាង «តោពីរ» ក្នុងក្រុងបាត់ដំបង រួចបើករថយន្តម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 ក្នុងស្ថានភាពស្រវឹង ទៅបុកអ្នកជិះម៉ូតូសណ្ដោង រ៉ឺម៉កដឹកទឹកកក បណ្ដាលឲ្យ ម្ចាស់ម៉ូតូរងរបួស។

ក្រោយបង្កគ្រោះថ្នាក់ គេឃើញមិត្តភក្តិ ចេញមុខដោះស្រាយបញ្ចប់រឿង ហើយ សាសា ត្រូវបានមិត្តភក្តិជំលៀស តាម រថយន្តមួយគ្រឿងទៀតទៅបាត់ ។ លុះស្អែកឡើង សារព័ត៌មាន បាននាំគ្នាសរសេរ ដោយយោងប្រភពពីសាក្សីថា រថយន្ត បង្កគ្រោះថ្នាក់ គឺគេស្គាល់ថា ជិះដោយកញ្ញា សាសា ជាមួយមិត្តភក្តិម្នាក់ទៀត ។ ប៉ុន្តែកញ្ញា សាសា បាន ចេញមុខ ធ្វើការបដិសេធថា ខ្លួនមិនបាននៅក្នុង ហេតុការណ៍នោះទេ គឺយប់កើតហេតុ ខ្លួនកំពុងតែនៅ ក្នុងប្រទេសថៃ ហើយអះអាងថា រថយន្តបង្កគ្រោះថ្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 គឺជារថយន្តរបស់មិត្តភក្តិនាង នៅខេត្ត បាត់ដំបង ។

ក្រៅពីអះអាង ខាងលើនេះ សាសា នៅបានប្រើសម្ដី វាយប្រហារទៅលើអ្នកសារព័ត៌មានថា ផ្សាយព័ត៌មានបំភ្លើស បង្ខូចកិត្តិយសរបស់នាង ហើយថែមទាំង គំរាមប្ដឹងថែមទៀត ទើបសមត្ថកិច្ចចាប់ផ្ដើម បើកការស៊ើបអង្កេត រកការពិត ឡើងវិញ ដោយចុងក្រោយ មានភស្ដុតាង ជាច្រើនដូចជា កាមេរ៉ាសុវត្ថិភាព នៅហាងតោពីរ បញ្ជាក់ថា នៅយប់កើត ហេតុ កញ្ញា សាសា កំពុងអង្គុយផឹកស៊ី ជាមួយមិត្តភក្តិនៅទីនោះជាដើម រួមទាំងសាក្សីមួយចំនួនទៀតផង ទើប សមត្ថកិច្ច សម្រេចកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្ដង។

បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរួចមក កាលពីព្រឹកថ្ងៃទី១៤ ខែសីហា កន្លងទៅ ព្រះរាជអាជ្ញារង ខេត្តបាត់ដំបង បានកោះហៅ មិត្តភក្តិ ២នាក់ របស់ កញ្ញា សាសា ចំនួន២នាក់ សាកសួរព័ត៌មាន អំពីបញ្ហាគ្រោះថ្នាក់ ខាងលើនេះ ។ ប៉ុន្តែពួកគេបានឆ្លើយយករួចខ្លួន ពោលគឺត្រូវបានគេចាត់ទុកថា «សក់អ្នកណាក្បាលអ្នកហ្នឹង» ទើប តុលាការ សម្រេចចេញដីកាកោះហៅ សាសា ឲ្យចូលខ្លួនឆ្លើយបំភ្លឺ ជាបន្តបន្ទាប់តែម្ដង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh