CamNews

តារា 

ម៉េង កែវពេជ្ជតា រំឭកពីអតីតកាល លើកដៃអង្វរលោក ហ្វែ សំអាង រឿងស្លៀកសិចស៊ី ឡើងឆាកតន្រ្តី

ភ្នំពេញ៖ កំពូលតារាចម្រៀង ល្បីល្បាញជាច្រើនឆ្នាំ អ្នកនាង ម៉េង កែវពេជ្ជតា បានក្លាយជា តារាចម្រៀងមួយដួង មានប្រតិកម្មខ្លាំងៗ ក្រោយពីចាប់ផ្ដើម លេងជាមួយ បណ្ដាញសង្គម ហ្វេសបុក Facebook ដោយនាងហាក់មិនព្រម ឲ្យអ្នកណា បញ្ចេញមតិរិះគន់ ឬវាយប្រហារនាង ដោយគ្មានហេតុផលអ្វីឡើយ។ ម៉េង កែវពេជ្ជតា នឹងតបតយ៉ាង ចាស់ដៃ នៅពេលមានអ្នកណា និយាយមិនសមរម្យដាក់ ឬ រិះគន់ខុសទំនង ។

មួយរយៈចុងក្រោយនេះ មហាជនសង្កេតឃើញថា កំពូលតារាចម្រៀងសំនៀងរៃកណ្ដឹង ម៉េង កែវពេជ្ជតា បានព្យាយាម លេចមុខលេចមាត់ឡើងវិញ តាមរយៈស្ថានីយទូរទស្សន៍នានា ដូចជា ស៊ីធីអិន មាយធីវី និង អប្សរា បន្ទាប់ពី បានផ្អាក សិល្បៈមួយខ្យល់ធំ ហើយបានព្យាយាមដើរឲ្យទាន់សម័យកាល ដើម្បីស្ដារប្រជាប្រិយភាព និងបំបែកភាពស្ងប់ស្ងាត់ ។

ថ្វីដ្បិត អ្នកនាង ម៉េង កែវពេជ្ជតា មានវ័យជ្រេបន្តិច មានសម្រស់មិនស្រស់ដូចកាលនៅក្មេងក្ដី ប៉ុន្តែសំឡេងរបស់នាង មិនបានស្រកស្រុតទៅតាមវ័យឡើយ ពោលនៅតែមានសំឡេងល្អ ពិបាកនឹងរកតារាចម្រៀងស្រករក្រោយ មកប្រដូច ណាស់ ។

ថ្មីៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានប្រាប់អ្នកសិល្បៈស្រករក្រោយម្នាក់ ពីរឿងអ្នកដឹកនាំសម្ដែង និងគ្រប់គ្រងកម្មវិធី តន្រ្តីដ៏ល្បីលោក ហ្វៃ សំអាងថា កាលពីនាងមានអាយុជិតម្ភៃឆ្នាំ ត្រូវបានលោក ហ្វៃ សំអាង អញ្ជើញនាង ទៅចូលរួម ច្រៀងក្នុងកម្មវិធីរបស់ ហើយលោក ហ្វៃ សំអាង ស្នើសុំឲ្យអ្នកនាង ស្លៀកពាក់សិចស៊ី ។ ប៉ុន្តែអ្នកនាង បានលើកដៃ សំពះ រួចនិយាយថា «បើឲ្យច្រៀងនាងអាចច្រៀងបទអ្វីៗក៏បានដែរ ។ តែម្យ៉ាង គឺសុំកុំឲ្យស្លៀកពាក់សិចស៊ី ព្រោះអ្នក នាង មិននិយមស្លៀកពាក់ លេចលើលេចក្រោមឡើយ ។ នាងល្បីដោយសារសំឡេង មិនមែនល្បីដោយសារ ភាព សិចស៊ីទេ..»។

ទោះបីជារឿងរ៉ាវទាំងនោះ បានកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំក្ដី ក៏នាងនៅតែទទួលការអញ្ជើញ ពីលោក ហ្វៃ សំអាងចូលច្រៀងក្នុងឆាកតន្រ្តីដដែល ព្រោះនាងមិនមានបញ្ហា ល្អក់កករ ជាមួយ អ្នកដឹកនាំ កម្មវិធីដ៏ល្បីល្បាញ ម្នាក់នេះទេ ព្រោះលោក ហ្វែ សំអាង ក៏បានយល់ស្របពីហេតុផល ដែលនាងបានបញ្ជាក់ប្រាប់វិញដែរ។

អ្នកនាង ម៉េង កែវពេជ្ជតា ថ្វីដ្បិតតែ បានវិលប្រឡូកចូលក្នុងសិល្បៈ និងញញឹម មុខកាមេរ៉ាវិញក្ដីប៉ុន្តែនាងមិនស្វាគមន៍ ចំពោះ បទសំភាសន៍ជាមួយអ្នកសារព័ត៌មានឡើយ ដោយនាងតបវិញថា អ្នកនាង គ្មានព័ត៌មានអ្វីទេ រួចហើយក៏ចុច បិទទូរស័ព្ទ តែម្ដង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh