ភ្នំពេញ៖ នេះជាលើកទី១ ដែល លោក ករុណា ពេជ្រ តារាចម្រៀងប្រចាំ ផលិតកម្ម ថោន បានទទួលរងការរិះគន់យ៉ាង ចាស់ដៃ និងបើកចំហរ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថាលោកជា តារាមួយដួងដែលមិនទទួលខុស ត្រូវ លើការងារ ចុចតែទូរស័ព្ទ មិនគោរពម៉ោងធ្វើការ ខណៈដែលលោកទៅ ថតស្ពតពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនមួយកាល ពីពេលថ្មីៗកន្លងទៅនេះ ។
នៅក្នុង Page Top Khmer Supper star បានសរសេរសារខ្លីមួយបង្ហោះនៅលើ Facebook ថា «តារាចម្រៀង ករុណា ពេជ្រ ជួលមកថតស្ពត អត់ថតគិតតែពីឈរ ចុចទូរស័ព្ទ ដល់ពេលស្តីឲ្យតិចតួច ខឹងឈប់ថត (ថ្ងៃនេះបង្ហោះរូបសន្លឹក) ឲ្យតែចឹងទៀត ស្អែកបង្ហោះវីដេអូម្តងហើយ» ។
តាមរយៈការបង្ហាញសារខ្លីនេះ បានធ្វើការវាយប្រហារយ៉ាងចាស់ដៃ ទៅលើតារាចម្រៀងសំឡេងផ្អែម មានឈ្មោះល្បី លោក ករុណា ពេជ្រ ជាលើកដំបូង ទាក់ទងទៅនឹងអត្តចរិកនៅខាងក្រៅ ធ្វើឲ្យទស្សនិកជន ក៏ដូចជាដៃគូ សហការ ការងារមួយចំនួន បាត់ទំនុកចិត្ត លើលោកក្នុងរឿងការងារ ។ ក្នុងនោះមានទស្សនិកជនខ្លះ ក៏លើកឡើងថាវាមិនមែន ជារឿងចំឡែកទេដែលតារាល្បីឈ្មោះ សម្បូរលុយ មានទាំងវីឡា, រថយន្តទំនើបដូច ករុណា ពេជ្រ បង្ហាញអត្តចរិកបែប នេះ ព្រោះថាគេមានគ្រប់យ៉ាង លុយចាយមិនខ្វះ មិនចាំបាច់មកខ្វល់រឿងលុយ បានពីការថតស្ពត ឬការងាររាយរង ឡើយបើអត់ការងារទាំងនេះ គេក៏នៅមានលុយចាយពេញៗដៃដែរ ។
ក្រោយពីព័ត៌មានលេចឮ វាយប្រហារមិនសំចៃមាត់នេះ បង្ហោះនៅលើ Facebook មិនទាន់បានមួយថ្ងៃ ស្រួលបួលផង តារាចម្រៀង មានទ្រព្យស្តុក លោក ករុណា ពេជ្រ ក៏បានចេញមុខឆ្លើយតប ទៅនឹងម្ចាស់ Account Facebook នោះ វិញភ្លាមៗ ដើម្បីការពារខ្លួនថា « ជូនចំពោះ Page Top Khmer Supper star : នេះគ្រាន់តែជាសកម្មភាពខ្ញុំ និង នីសា ថតស្ពតឲ្យផលិតផល V Care ទេ ហើយក្នុងឈុតនេះ អ្នកដឹកនាំបង្ហាញ ខ្ញុំជាតារាល្បី ហើយធ្វើឫកល្បី ពេលត្រូវគេ ស្តីឲ្យតិចតួច ក៏ដើរចេញឈប់ថត..វាមិនមែនជាចរិកពិតរបស់ខ្ញុំ នៅក្រៅឆាកឡើយ សូមមេត្តា កុំយល់ច្រលំ ...ប្រសិន បើទស្សនិកជនមិនជឿ អាចទន្ទឹងរង់ចាំទស្សនាសាច់រឿង ស្ពតមួយនេះ នាពេលឆាប់ៗខាងមុខនេះ..» ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល