រដ្ឋបាលរបស់លោក Trump បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកសង្ស័យថា កងកម្លាំងស៊ីរី កំពុងរៀបចំផែនការការវាយប្រហារអាវុធគីមីមួយទៀត ទៅលើកងកម្លាំងឧទ្ទាម ហើយបានព្រមានថា ប្រធានាធិបតីលោក បាសារ អាល់អាសាដ ត្រូវតែប្រឈមនឹង "ការទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរចំពោះលទ្ធផលនៃទង្វើរបស់ខ្លួន" ប្រសិនបើប្រទេសនេះ នៅតែបន្តវាយប្រហារអាវុធគីមី។
យោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យសារព័ត៌មានរបស់លោកលេខាធិការ Sean Spicer បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកំណត់ឃើញ"ការត្រៀមលក្ខណៈដ៏មានសក្តានុពល" សម្រាប់ការប្រើប្រាស់អាវុធគីមី ដែលទំនងជាស្រដៀងនឹងការវាយប្រហារ កាលពីថ្ងៃទី ៤ មេសា ដែលជំរុញឱ្យលោកប្រធានាធិបតី Donald Trump ត្រូវចេញបទបញ្ជាឱ្យបាញ់កាំជ្រួចមីស៊ីលប្រឆាំងនឹងគោលដៅយោធាស៊ីរី នៅថ្ងៃទី ៦ ខែមេសានេះកន្លងទៅ។
"ទោះជាយ៉ាងណា ប្រសិនបើលោក អាសាដ ធ្វើការវាយប្រហារសម្លាប់រង្គាលផ្សេងមួយទៀតដោយប្រើប្រាស់អាវុធគីមីនោះ លោក និងយោធារបស់លោក ត្រូវតែទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរចំពោះលទ្ធផលនៃទង្វើរបស់ខ្លួន" ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានបន្ថែមថា សហរដ្ឋអាមេរិក កំពុងស្ថិតនៅប្រទេសស៊ីរី ដើម្បីលុបបំបាត់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
ភាពតានតឹងរវាងអាមេរិក និងរុស្ស៊ី បានកើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បន្ទាប់ពីកងកម្លាំងអាមេរិក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពីរគ្រឿងរបស់របបនេះ និងក្រុមចម្រុះ ដែលគាំទ្រដោយអាមេរិក បានបាញ់ទម្លាក់យន្តហោះស៊ីរី កាលពីដើមខែនេះ រដ្ឋាភិបាលរុស្ស៊ី បានគំរាមកំហែងកំណត់គោលដៅលើយន្តហោះអាមេរិក ដែលហោះហើរលើផ្នែកខ្លះនៃប្រទេសនោះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិអ្នកស្រី Nikki Haley បាននិយាយថា ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ នឹងរួមចំណែកទទួលកំហុស ចំពោះការវាយប្រហារណាមួយនាពេលអនាគត ដោយលោក Assad ប្រឆាំងនឹងប្រជាជនស៊ីរី៕
ប្រែសម្រួល៖ សារ៉ាត