តុលាការខណ្ឌ Pechersky រដ្ឋធានី Kiev ប្រទេសអ៊ុយក្រែន បានចេញដីកាចាប់ខ្លួនរដ្ឋមន្ដ្រីក្រសួង
ការពារជាតិរុស្ស៊ី Sergei Shoigu ក្រោមបទចោទប្រកាន់ថា បានបង្កផលប៉ះពាល់ដល់សន្តិសុខ
ជាតិរបស់អ៊ុយក្រែន។
រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu
ដីកាចាប់ខ្លួនរដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ី Sergei Shoigu ត្រូវបានប្រកាសចាប់ពីថ្ងៃទី ២៦សីហា
និងមានសុពលភាពដល់ថ្ងៃទី ២៦ខែកុម្ភៈ ឆ្នាំ ២០១៧ ឬនៅពេលជនជាប់ចោទបានមកបង្ហាញខ្លួន
នេះបើតាមទំព័រសារព័ត៌មាន TASS។
សេចក្ដីប្រកាសដែលចុះផ្សាយនៅលើគេហទំព័រតុលាការខណ្ឌ Pechersky នៃរដ្ឋធានី Kiev ឱ្យដឹង
ថា “អ្នកដែលត្រូវចាប់ខ្លួនទៅតាមការសម្រេចរបស់ចៅក្រម ត្រូវតែដោះលែងក្នុងរយៈពេល ៣៦ម៉ោង
ឬបញ្ជូនទៅកាន់តុលាការ ជាកន្លែងដែលសម្រេចឱ្យចាប់ខ្លួន”។
កាលពីថ្ងៃទី ២២សីហា ព្រះរាជអាជ្ញាយោធា អ៊ុយក្រែន បានកាត់ទោសលោក Shoigu និងមន្ដ្រីជាន់
ខ្ពស់រុស្ស៊ីចំនួន ១៧នាក់ផ្សេងទៀត ក្រោមបទចោទប្រកាន់ថា ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ក្នុង
ចំណោមអ្នកដែលត្រូវបានកាត់ទោស ក៏មានឈ្មោះ Sergey Glazyev ជាទីប្រឹក្សារបស់ប្រធានាធិបតី
រុស្ស៊ី និងអតីតប្រេសិតរបស់ប្រធានាធិបតីរុស្ស៊ី Oleg Belavenets ប្រចាំនៅ Crimea ផងដែរ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ TASS