ភ្នំពេញ៖ សុគន្ធ នីសា ជាតារាចម្រៀង ល្បីឈ្មោះ ប្រចាំក្នុងផលិតកម្ម ថោន ត្រូវបានក្រុមអ្នកសិល្បៈ ជាពិសេស អ្នកដឹកនាំសម្ដែង ទម្លាយឲ្យដឹងថា មានផលិតកម្មទាំងក្នុងស្រុក និងក្រៅស្រុក កំពុងតែប្រជែងគ្នា ដើម្បីទាក់ទង តារាចម្រៀងស្រី ល្បីឈ្មោះរូបនេះ មកធ្វើជាតួឯកសម្ដែងរឿង ក្នុងផលិតកម្ម របស់ពួកគេ រៀងៗខ្លួន ។
ដំណឹងល្អសម្រាប់ សុគន្ធ នីសា ក្នុងឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ ប៉ុន្មានម៉ោង ខាងមុខនេះ គឺត្រូវប្រភពពីផលិតករ ដ៏ល្បីល្បាញ នៅប្រទេសថៃ បានបង្ហើបប្រាប់ LookingTODAYថា ផលិតកម្មដ៏ល្បី នៅប្រទេសថៃ កំពុងតែត្រៀមផលិត រឿងកុនមួយ ដែលមានសម្ដែងដូចជា លោកស្រី ឌី សាវ៉េត វីរៈសិល្បករ ដ៏ល្បីល្បាញ និងតារាសម្ដែងប្រុស ជនជាតិថៃដ៏ល្បីល្បាញ និងជាអតីតគូសម្ដែង ជាមួយ លោកស្រី ឌី សាវ៉េត គឺ លោក សម្បត្តិ មេធានី ។ ចំណែកតួឯកស្រី ត្រូវបាន គេបង្ហើបថា ជានាង សុគន្ធ នីសា ។
ប្រភពដដែល បាននិយាយថា សាមីខ្លួន សុគន្ធ នីសា ក៏មិនទាន់ដឹងថា ខ្លួនមានឈ្មោះសម្ដែងដែរ ព្រោះខាងផលិតកម្ម កំពុងតែព្យាយាម ទាក់ទងនាង ដើម្បីសម្ដែង ។ ហេតុផលដែលធ្វើឲ្យ ផលិតករក្រៅប្រទេស ចង់បាន សុគន្ធ នីសា ព្រោះតែនាង ជាតារាចម្រៀងស្រី ម្នាក់គត់ របស់កម្ពុជា មានអ្នកគាំទ្រច្រើន នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសថៃ ។ ជាក់ស្ដែងកាល ពីនាងចេញ ទៅសម្ដែង នៅប្រទេសនេះ ជាផ្លូវការ មានអ្នកគាំទ្រលើសលប់។ ដូចនេះ សុគន្ធ នីសា មានឱកាសខ្ពស់ ក្នុងការចាប់យកនេះ ។ ម្យ៉ាងវិញទៀត រូបសម្រស់នាងវិញ ជាតារាចម្រៀងស្រី ដែលស្អាតសមរម្យ ពិសេសការរៀបចំខ្លួន បែបសុភាពៗ អាចនិយាយបានថា ស៊ីដាច់គេតែម្ដង ។
ប្រភពដដែលបាននិយាយបន្តថា គេមិនទាន់ដឹងនៅឡើយទេថា សុគន្ធ នីសា ព្រមសម្ដែងឬយ៉ាងណា ព្រោះហាក់ជាប់ដៃ ជាប់ជើង ជាមួយផលិតកម្ម ថោន មិនងាយអនុញ្ញាត្តិ ឲ្យនាងធ្វើអ្វី ដោយសេរីភាពឡើយ ។ សូម្បីតែលោក ពែកមី គ្រាន់តែជាអ្នកកំប្លែងម្នាក់ របស់ស៊ីធីអិន មានកុងត្រាតិចតួច ក៏ផលិតកម្ម មិនព្រមឲ្យសម្ដែង ផលិតកម្មផ្សេងឡើយ ៕




ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល