CamNews

កីឡាជាតិ 

ជម្រើសជាតិកម្ពុជា ចាប់ផ្ដើមហ្វឹកហាត់ត្រៀមជួបជម្រើសជាតិហុងកុង ដើមខែក្រោយ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជាផ្លូវការហើយ នៅលើទីលានពហុកីឡដ្ឋានជាតិ​កាល​ពី​ល្ងាច​មិញ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​លោក Lee Tae Hoon ដើម្បីត្រៀមប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ជា​មួយ​ក្រុម​បាល់​ទាត់​ហុង​កុង នា​ដើម​ខែ​កញ្ញា​សប្ដាហ៍​ក្រោយ​នេះ ពិ​សេស​គឺ​ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់​វគ្គ​ជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នា​ខែ​តុលា​ខាង​មុខ​។

ជាមួយនឹងការប្រមូលផ្ដុំហ្វឹកហាត់នេះលោក Lee Tae Hoon កោះហៅកីឡាករ ២៤រូប មកពីក្លឹបចំនួន៦ ដែលជាសមាជិកលីគ​កំពូល​កម្ពុជា ក្នុង​នោះ​មាន​កីឡាករ​នៃ​ក្លឹប​ព្រះខ័នរាជ​ស្វាយ​រៀង​ចំនួន៨នាក់ កីឡាករមកពីក្លឹបបឹងកេតអង្គរ ៦នាក់ កីឡាករមកពីក្លឹបក្រសួងការពារជាតិ ៥នាក់ កីឡាករមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ ២នាក់ កីឡាករមកពីក្លឹបភ្នំពេញក្រោន២នាក់ និងកីឡាករមកពីក្លឹបណាហ្គាវើលម្នាក់។

ដោយឡែកការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ហុងកុង គឺធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញាសប្ដាហ៍ក្រោយ នៅកីឡដ្ឋាន Mong Kok នាទីក្រុងហុងកុង ហើយជំនួបមិត្តភាពនេះ គឺជាការប្រកួតដកស្រង់បទពិសោធន៍ បច្ចេកទេសដ៏សំខាន់មួយរបស់ក្រុមគោព្រៃកម្ពុជា ដែលកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះបឋម នៃពានរង្វាន់ជើងឯក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 នៅពាក់កណ្ដាលខែតុលាខាងមុខ។

គួរបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលាខាងមុខនេះ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដោយ​មាន ៤ក្រុម​ត្រូវ​ប្រជែង​គ្នា ក្នុងនោះមានក្រុមម្ចាស់ផ្ទះកម្ពុជា ឡាវ ទីម័រខាងកើត និងក្រុមជម្រើសជាតិប្រ៊ុយណេ។ ការប្រកួតនេះក្រុមណាសន្សំពិន្ទុបានច្រើនជាងគេ នឹងទទួលបានកៅអីពូល B នៃជុំផ្ដាច់ព្រ័ត្រ ដែលមានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម កំពុងរង់ចាំ ខណៈការប្រកួតជុំផ្ដាច់ព្រ័ត្រគ្រោងធ្វើនៅចុងខែវិច្ឆិកា លើទឹកដីសហម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងហ្វីលីពីន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news