CamNews

ប្លែកៗ 

ចម្លែកមែន! សុនកឈ្មោះ Duke ជាប់ឆ្នោតជាចៅហ្វាយស្រុក ៣អាណតិជាប់ៗគ្នា

Duke ប្រហែលជាបុរសរដ្ឋដែលល្បីឈ្មោះបំផុតនៅអាមេរិក ព្រោះថាសុនកនេះមិនត្រឹមតែមាន
ជើងបួន និងរោម ស នោះទេ ប៉ុន្តែ គាត់ក៏បានឈ្នះឆ្នោត ឡើងកាន់តំណែងជាចៅហ្វាយស្រុក
ក្នុង៣អាណតិបន្តបន្ទាប់។

នៅក្នុងការបោះឆ្នោតរបស់ទីរួមស្រុក Cormorant នៃរដ្ឋ Minnesota ដែលទើបត្រូវបានធ្វើឡើង
ទន្ទឹមនឹងពិធីបុណ្យ Cormorant Daze ប្រចាំឆ្នាំ សុនកអាយុ ៩ឆ្នាំ ជាពូជសុនក Pyrenees បាន
បន្តជាប់ឆ្នោតជាចៅហ្វាយស្រុក អាណតិទីបី។ អ្នកបោះឆ្នោត ត្រូវចំណាយប្រាក់ ១ដុល្លារក្នុងម្នាក់
ដើម្បីអាចបោះឆ្នោតបាន។

David Rick ដែលជាម្ចាស់របស់សុនក Duke ថ្លែងថា ៖ “អ្នកណាក៏បានបោះឆ្នោតឱ្យ Duke លើក
លែងតែលោក Lassie ប៉ុណ្ណោះ ដែលបានបោះឆ្នោតឱ្យមិត្តស្រីរបស់ខ្លួន”។

ក្នុងតំណែងជាចៅហ្វាយស្រុក Duke មានតួនាទីថតរូប ដាក់លើផ្ទាំងប៉ាណូធំៗ នៅក្បែរផ្លូវ ដើម្បី
ឃោសនាឱ្យទីរួមស្រុក។

បើទោះជាតួនាទីរបស់ Duke មានភាពចម្លែក ប៉ុន្តែ Duke មិនមែនជាសត្វដំបូងដែលបានជាប់
ឆ្នោតជាបុរសរដ្ឋនៅអាមេរិកនោះទេ។

ទីរួមស្រុក Lajitas នៅ Texas ក៏ធ្លាប់បានបោះឆ្នោតជ្រើសរើសពពែមួយក្បាលដែលចូលចិត្តផឹក
ស្រាបៀរ ឱ្យធ្វើជាចៅហ្វាយស្រុកផងដែរ។ ចំណែកទីរួមស្រុក Talkeetna នៅ Alaska ក៏បាន
បោះឆ្នោតជ្រើសរើសឆ្មា Stubbs ។ រីឯគោឈ្មោះ April ក៏ទទួលបានសម្លេងគាំទ្រច្រើន ហើយ
បានកាន់តំណែងជាចៅហ្វាយស្រុកនៅ Eastsound ក្រុង Washington។

ប្រែសម្រួល ៖ តារា


Tags: ឆ្កែ សុនក ជាប់ឆ្នោត Duke ចៅហ្វាយខណ្ឌ ចៅហ្វាយស្រុក