ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់មកពីភាគខាងត្បូងប្រទេសឥណ្ឌា បានសម្រេចចិត្ដធ្វើអត្ដឃាត បន្ទាប់ពីគ្រូប្រចាំថ្នាក់របស់នាង បានធ្វើឱ្យនាងអាម៉ាស់មុខក្នុងចំណោមសិស្សដទៃ ដោយសារតែឈាមរដូវប្រឡាក់នឹងសំពត់របស់នាង ។ នៅក្នុងសំបុត្រមុនធ្វើអត្តឃាត នាងបានចោទប្រកាន់គ្រូប្រចាំថ្នាក់របស់នាងថា "បានធ្វើទារុណកម្ម" លើរូបនាង។
ទោះបីជាយ៉ាងណាក៏ដោយ ក្មេងស្រីរូបនេះ ពុំបាននិយាយអំពីការអៀនខ្មាស នៅក្នុងសំបុត្ររបស់នាងនោះទេ តែម្តាយរបស់នាង និយាយថា កូនស្រីរបស់គាត់ត្រូវគ្រូបណ្ដេញចេញពីថ្នាក់រៀន ដោយសារតែស្នាមប្រឡាក់ឈាមរដូវនោះ។
ការមករដូវរបស់ស្រ្ដី គឺជាតំណមមិនឱ្យបញ្ចេញឱ្យមនុស្សដទៃដឹង នៅក្នុងទីជនបទមួយចំនួននៃប្រទេសឥណ្ឌា។ បើតាមជំនឿបុរាណរបស់ឥណ្ឌា ស្ត្រីជាទូទៅត្រូវបានគេជឿថា មិនបរិសុទ្ធក្នុងអំឡុងពេលការមករដូវរបស់ពួកនាង។
ប៉ូលីសបាននិយាយថា ក្រុមខ្លួនបានចុះបញ្ជីករណីធ្វើអត្តឃាតរួចហើយ និងកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀត។ ហេតុការណ៍នេះ បានកើតឡើងនៅដើមថ្ងៃអាទិត្យ នៅក្នុងស្រុក Tirunelveli ក្នុងរដ្ឋ Tamil Nadu ។
សិស្សស្រីរូបនេះ បានរៀបរាប់ នៅក្នុងសំបុត្រផ្ដាំផ្ញើមុនស្លាប់ថា៖ «ខ្ញុំមិនដឹងថា ហេតុអ្វីបានជាគ្រូរបស់ខ្ញុំ ស្ដីបន្ទោសលើរូបខ្ញុំបែបនេះទេ។ ខ្ញុំនៅតែមិនយល់ថា ហេតុអ្វីបានជាពួកគេយាយីនិងធ្វើទារុណកម្មលើរូបខ្ញុំដូចនេះនោះទេ»។ សំបុត្រនោះ បានផ្ដើមថា "ម៉ែសូមអត់ទោសឱ្យខ្ញុំផង"។
ម្តាយរបស់នាង បានចោទប្រកាន់គ្រូបង្រៀនថា បានវាយដំលើកូនស្រីរបស់គាត់ កាលពីមុនដោយសារនាង មិនបានធ្វើកិច្ចការផ្ទះ(Homework) របស់នាង។
ម្តាយរបស់នាង បាននិយាយប្រាប់ BBC ថា៖ "កូនស្រីរបស់ខ្ញុំ បានមករដូវ ពេលនាងទៅរៀនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។ " នៅពេលនាងប្រាប់គ្រូបង្រៀននាងពីការមករដូវនេះ គ្រូរបស់នាងក៏បានឱ្យក្រណាត់មួយដុំដើម្បីប្រើជំនួសសំឡី។
"គ្រូបង្រៀននោះ បានធ្វើឱ្យកូនស្រីរបស់ខ្ញុំឈរនៅក្រៅថ្នាក់រៀន។ ស្រ្ដីជាម្ដាយបានសួរឡើងថា៖”តើក្មេងអាយុ ១២ ឆ្នាំ អាចទប់ទល់នឹងការអាម៉ាស់បែបនេះយ៉ាងដូចម្តេចទៅ?" រយៈពេលមួយថ្ងៃក្រោយមក ក្មេងស្រីរូបនេះ បានសម្លាប់ខ្លួន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC