CamNews

តារា 

គង់ ច័ន្ទស្រីមុំ មុខរបរ​ឡុងចុង បង្ខំចិត្ត​សេងហាង​ស្ងាត់ៗ

ភ្នំពេញ៖ តារាសម្ដែងស្រីស្រស់សោភា រាងតូចច្រឡឹង គង់ ច័ន្ទស្រីមុំ ត្រូវបានគេដឹងឮជាសាធារណៈថា ជាគូស្នេហ៍ដ៏ផ្អែមល្ហែម របស់លោក គឹម សីហា តារាសម្ដែងកម្លោះ ស្រស់សង្ហា ជាគូស្នេហ៍មិនទាន់រៀបការ តែល្បីល្បាញខ្លាំង ក្នុងមុខរបររកស៊ី ។ តារាសម្ដែងស្បែកស្អាត ស៊ីវីល័យគ្រប់ រដូវកាល គង់ ច័ន្ទស្រីមុំ និងលោក សីហា បានបោះទុនរាប់ម៉ឺនដុល្លារក្នុងការបង្កើតមុខជំនួញនានា ក្រៅពីសិល្បៈ មានដូចជាហាងលក់ សម្លៀកបំពាក់ ហាងនាំចូលផលិតផល គ្រឿងសម្អាង និងការងារជា Marketing Network ជាដើម។

ថ្មីៗនេះ គង់ ច័ន្ទស្រីមុំ ហាក់ត្រូវបានឡើងកូដ មួយកម្រិតទៀត បន្ទាប់ពីក្លាយជាតួឯក ក្នុងរឿង"ម៉េចដែរ ខ្លាចអត់?" របស់លោក ណប បាយ៉ារិទ្ធ ដែលកំពុងតែមានរឿងរ៉ាវក្ដីក្ដាំ នៅក្នុងតុលាការ ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ឈ្មោះ។ ថ្វីត្បិតតែ គង់ ច័ន្ទស្រីមុំ បានសម្ដែងត្រឹមជាតួអង្គខ្មោច តែនាងជាតួសំខាន់ម្នាក់ ស្របពេលរឿងល្បីនេះ ឡើងកូដ ស្រឺតៗ ដូចខ្លែងត្រូវខ្យល់បក់។

ស្របពេល គង់ ច័ន្ទស្រីមុំ កំពុងតែល្បីល្បាញ និងក្ដោបបានឱកាស ជោគជ័យផ្ទួនៗ ក្នុងការងារសិល្បៈ បែរជាលេចឮរឿង ថា នាង គង់ ច័ន្ទស្រីមុំ បានសេង(លក់) ហាងលក់សម្លៀកបំពាក់ របស់នាង យ៉ាងស្ងាត់បំផុត កាលពីពេលថ្មីៗនេះ ដោយ មិនឲ្យនរណា ដឹងឮរឿងរ៉ាវនេះទេ ព្រោះខ្លាចខ្មាសគេ ក្នុងនាមជាតារាល្បី តែមានឈ្មោះថា រកស៊ីមិនកាក់កប ។

ប្រភពព័ត៌មានពីអតិថិជន ប្រចាំហាង "កាវៃអ៊ី" ជាហាងមួយក្នុងចំណោមហាងជាច្រើនរបស់ គង់ ចាន់ស្រីមុំ បាននិយាយប្រាប់ថា នាងទំលាប់ធ្វើខ្លួន ជាប្រចាំនៅហាង របស់ស្រីមុំ សា្រប់តែថ្មីៗនេះ នាងបានសេងហាង ដោយគ្មានមូលហេតុ ឲ្យទៅអ្នកផ្សេងបាត់ទៅហើយ ដែលរឿងចំលែកមួយ ព្រោះថា ហាងនោះ ដំណើរការល្អ និងមានអតិថិជនចេញចូលច្រើនណាស់ ហេតុអ្វី គង់ ច័ន្ទស្រីមុំ ត្រូវលក់បែបនេះ។ ចំណែកមូលហេតុចំបង នៃការសេងហាង មិនត្រូវបានគេទម្លាយឲ្យដឹងទេ ខ្លាចប៉ះពាល់កិត្តិយស គង់ ច័ន្ទស្រីមុំ ក្នុងនាមជាតារាភាពយន្តល្បី។

ប៉ុន្តែទោះបីជាយ៉ាងណា មានប្រភពព័ត៌មាននៅកៀកកិត និងជាអ្នករាប់អានគ្នា បានបង្ហើបថា មូលហេតុដែលនាងសេងហាងនេះ គឺដោយសារតែនាង ជាប់រវល់ខ្លាំងពេក លើការងារសិល្បៈ ដោយត្រូវសម្ដែងទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក មិនសូវមានពេល ខុសត្រូវ ហាងទាំងមូល ទើបនាងធ្វើបែបនេះ ។ ណាមួយហាងដែលនាងសេងនោះ គឺគ្មានសេងឲ្យអ្នកណាក្រៅទេ គឺសេងឲ្យប្អូនរបស់នាងប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងដំណឹងថា គង់ ចាន់ស្រីមុំ សេងហាងស្ងាត់ៗនេះ គេហទំព័រ LookingTODAY នៅមិនទាន់អាច សុំការបំភ្លឺពីនាងបានទេ។ LookingTODAY នឹងរងចាំការបកស្រាយពី សំណាក់ តារាសម្ដែង គង់ ច័ន្ទស្រីមុំ នៅពេលណាមួយ ដោយក្ដីរីករាយ៕

Looking Today

www.lookingtoday.com

Looking Today

Looking Today

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news