CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធពីបទ ប្រើប្រាស់ ស្លាករថយន្តក្លែងក្លាយ

ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ដែលពាក់ព័ន្ធនឹងប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយ នៅចំណុចខាងក្រោយក្រុមហ៊ុនខេហ្វ័រ ផ្លូវលេខ១៦៩ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ ឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរលក់គ្រឿងរថយន្ត មានទីលំនៅផ្ទះលេខ ១០Eo ផ្លូវលេខ ២១៦ បុរី លឹម ឈាងហាក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  បន្ទាប់ពីមានបណ្តឹង ពីជនរងគ្រោះឈ្មោះ គួច គំនិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះលេខ ២១E1 ផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

ម្ចាស់រថយន្តឈ្មោះ គួច គំនិត បានបើករថយន្តម៉ាកវីស្តូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-7718 ទៅចតមុខចំណុចឃ្លាំងក្រុមហ៊ុន ខេហ្វ័រ ផ្លូវលេខ១៦៩ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា លុះដល់ម៉ោង គាត់ចេញពីធ្វើការ ទៅយករថយន្ត ស្រាប់តែចោរលួចស្លាករថយន្តទាំងខាងមុខនិងខាងក្រោយ បាត់តែម្តង។ លុះដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ២០និង៣០នាទី សនិ្តសុខយាមនៅក្រុមហ៊ុនមួយ លើផ្លូវលេខ១៦៩ បានឃើញរថយន្តម៉ាកកាមេរីបាឡែន ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខរបស់រថយន្តវីស្តូ ដែលបាត់នោះ គាត់ក៏តាម ហើយប្តឹងសមត្ថកិច្ចឲ្យជួយឃាត់ រហូតដល់ចំណុចមុខផ្ទះលេខ៥ ផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ធ្វើការឃាត់រថយន្តនោះឲ្យឈប់ រួចបានយករថយន្តបាឡែន និងអ្នកបើកបរមកប៉ុស្តិ៍រដ្ឋបាលវាលវង់។ បន្ទាប់ពីឃាត់រថយន្ត និងជនសង្ស័យឈ្មោះ កែវ បូរ៉ា បាននិយាយថា រថយន្តខាងលើនេះទិញកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីឈ្មោះ ស៊ី វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ (រថយន្តពុំមានកាតគ្រីនិងលិខិតទិញ-លក់ទេ)។

បច្ចុប្បន្នជនសង្ស័យនិងរថយន្ត ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននរគបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Social News PP