CamNews

កីឡាអន្តរជាតិ 

មិន​ធម្មតា! UEFA ត្រៀម​ដាក់​ពិន័យ ៩​ក្រុម​ជម្រើស​ជាតិ ដោយ​សារ​តែ​អ្នក​គាំ​ទ្រ​អុក​ឡុក Euro 2016

(ប៉ារីស)៖ រឿងដ៏គួរឲ្យភ្ញាក់ផ្អើល គឺសហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានកត់ត្រា៩ក្រុមជម្រើសជាតិ​ចូល​ទៅ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​របស់​ខ្លួន ពី​បទ​អ្នក​គាំ​ទ្រ​របស់​ពួក​គេ​បាន​បង្ក​ហិង្សា​ដាក់​គ្នា និងរំខាន់ក្នុងពេលប្រកួតត្រឹមតែរយៈ ១០ថ្ងៃមកនេះ​គិត​ចាប់​តាំង​ពី Euro 2016 នៅ​ប្រទេស​បារាំង​បាន​ចាប់​ផ្តើម។

សារព័ត៌មាន Dailymail ដ៏ល្បីរបស់អង់គ្លេសបានឲ្យដឹងថា រហូតមកដល់ពេលនេះ UEFA បានបើកការស៊ើបអង្កេត ៨ក្រុមជម្រើសជាតិ​ហើយ ដែល​សុទ្ធ​សឹង​តែ​កំពុង​ប្រកួត​ក្នុង Euro 2016 លើកទី១៥នេះ ហើយក្នុងនោះក៏បានពិន័យ សហព័ន្ធបាល់ទាត់រុស្ស៊ីជាទឹកប្រាក់ ១៥​ម៉ឺន​អឺរ៉ូ​មក​ហើយ​ផង​ដែរ ពី​បទ​អ្នក​គាំទ្រ​បាន​ប៉ះ​ទង្គិចគ្នាជាមួយអ្នកគាំទ្រ អង់គ្លេស តាំងពីថ្ងៃប្រកួតបើកឆាកពូល B ស្មើលទ្ធផល ១-១ នៅក្នុងទីក្រុង Marseille ហើយក៏កំពុងត្រូវបានស៊ើប អង្កេតបន្តទៀតដែរ ក្រោយប៉ះទង្គិចគ្នាជាថ្មីម្តងទៀតនៅទីក្រុង Lille។

ទាំង៩ក្រុមនោះរួមមាន រុស្ស៊ី អង់គ្លេស វ៉េល ហុងគ្រី ក្រូអាត ព័រទុយហ្គាល់ តួកគី ប៊ែលហ្ស៊ិក និងក្រុមជម្រើសជាតិរ៉ូម៉ានី ដែលក្រុម​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជាប់​ក្នុង Black List ដោយ​សារ​តែ​អ្នក​គាំទ្រទាំងអស់ គឺបង្កហិង្សាដាក់អ្នកគាំទ្រដូចគ្នា រំខានដល់ការប្រកួត ដូចជាស្រែកច្រៀង​តាម​បែប​រិះ​គន់​ពូជ​សាសន៍ ដុត​ភ្លើង​ក្នុង​ពហុ​កី​ឡ​ដ្ឋាន អ្នក​គាំ​ទ្ររត់ចូលទីលាន និងគប់វត្ថុផ្សេងៗចូលទីលាន ដូចជាកាំជ្រួចជាដើម។

តែយ៉ាងណាក៏ដោយ UEFA បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ គឺនឹងវិនិច្ច័យទោសទណ្ឌនៅថ្ងៃអង្គារស្អែកនេះ គ្រាដែលការប្រកួតជម្រុះ​ក្នុង​ពូល​មួយ​ចំនួន ក៏​ត្រូវ​បាន​បញ្ចប់​ផង​ដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: UEFA