(ភ្នំពេញ)៖ ក្រុមបាល់ទាត់អាជីព និងមិនអាជីព៣ក្រុម បានចូលរួមប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព Daun Penh Cup លើកទី១ ដើម្បីអបអរដំណើរទស្សនៈកិច្ច រយៈពេលខ្លីរបស់លោក Hajrundin Nuhic គ្រូបង្វឹនកម្រិត UEFA ជនជាតិប៊ែលហ្សិក ដែលធ្វើដំណើរទស្សនៈកិច្ចរយៈពេល ១សប្ដាហ៍នៅកម្ពុជា ដើម្បីធ្វើការវាយតម្លៃ និងផ្ដល់ការហ្វឹកហាត់រយៈពេលខ្លី ជាមួយនឹងក្លឹបបាល់ទាត់ Daun Penh FC ផងដែរ ។
ពានរង្វាន់បាល់ទាត់លក្ខណៈមិត្តភាពនេះ បានធ្វើឡើងកាលពីដើមសប្ដាហ៍នេះ នៅលើទីលានកីឡដ្ឋានវេស្ទើន ដែលរៀបចំដោយក្លឹបបាល់ទាត់ Daun Penh FC និងមានការផ្ដល់កិត្តិយសចូលរួមពីគ្រូបង្វឹក UEFA លោក Hajrundin Nuhic និងលោក Chay Nowe’ ឯកអគ្គកុងស៊ុលប្រទេសកម្ពុជា ប្រចាំប្រទេសប៊ែលហ្សិក រួមទាំងតំណាងក្រុមហ៊ុនឧបត្ថម្ភជាច្រើនទៀតផង ។
លោក ហ៊ឺ សុភា អ្នកគ្រប់គ្រងក្លឹបបាល់ទាន់ដូនពេញ បានមានប្រសាសន៍ថា ៣ក្រុម ដែលចូលរួមប្រកួតពាននេះ គឺមានក្រុមយុវជនវេស្ទើន ក្រុមក្រសួងការពារជាតិ និងក្រុម Daun Penh FC ដែលជាក្រុមមិនអាជីព ទើបបង្កើតក្លឹបកាលពីពេលថ្មីៗកន្លងទៅ ប៉ុន្ដែដោយសារការប្រកួតនេះ អនុវត្តតាមរូបមន្ដប្រកួតវិលជុំសន្សំពិន្ទុ ក្រុម Daun Penh FC បានឈ្នះពានមិត្តភាពនេះតែម្ដង បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងស្មើ១ ពោលគឺឈ្នះក្រុមយុវជនក្រសួងការពារជាតិ ៥-២ និងប្រកួតស្មើក្រុមវេស្ទើន ០-០ ខណៈក្រុមម្ចាស់ទីលានវេស្ទើន ជាប់លេខ២ ព្រោះប្រកួតឈ្នះក្រុមក្រសួងការពារជាតិ ១-០ ។
អ្នកគ្រប់គ្រងក្លឹបដូនពេញរូបនេះ បានបន្ដថា នេះជាលើកទី១ ដែលក្លឹបរៀបចំពានរង្វាន់លក្ខណៈមិត្តភាពកម្រិតយុវជននេះ ប៉ុន្ដែក្លឹបមានទិសដៅបង្កើតពានរង្វាន់បែបនេះជាបន្ដបន្ទាប់ទៀត ដើម្បីលើកទឹកចិត្ត និងពង្រឹងសមត្ថភាពផ្នែកកីឡាករយុវជន និងផ្ដល់ឱកាសឲ្យពួកគេបានបញ្ចេញសមត្ថភាព ធ្វើការប្រកួតដកស្រងបទពិសោធន៍គ្នាទៅវិញទៅមក ។
ដោយឡែកលោក ហែម ស៊ីម៉ៃ គ្រូបង្វឹកក្រុម Daun Penh FC បានលើកឡើងថា ថ្វីត្បិតកូនក្រុមលោកនៅក្មេងខ្ចី និងលេងក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត ប៉ុន្ដែពួកគេបានបង្ហាញពីជំហរលេងដ៏ល្អ ដែលអាចយកឈ្នះក្រុមលំដាប់អាជីព ដូច្នេះវាគឺជាសញ្ញាណដ៏ល្អមួយ ដែលនឹងជំរុញឲ្យក្លឹបបាល់ទាត់ដូនពេញ ឆ្ពោះទៅរកភាពរីកចម្រើនខ្លាំងនៅថ្ងៃអនាគត ។
ឆ្លៀតក្នុងឱកាសនោះលោក Hajrundin Nuhic បានលើកឡើងថា យុវជនកម្ពុជា ពិតជាមានឆន្ទៈខ្ពស់ក្នុងការលេងកីឡាបាល់ទាត់ ដោយព្យាយាមលេង និងទទួលយកនូវអ្វីដែលថ្មី ។ លោកសង្ឃឹមថា មួយរយៈពេលខ្លី ដែលលោកចែករំលែកបទពិសោធន៍ដល់កីឡាករក្រុម Daun Penh FC ពួកគេនឹងទទួលបានបច្ចេកទេសថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពពួកគេ ឲ្យកាន់តែរីកចម្រើន ហើយលោកក៏សង្ឃឹមថា នឹងមានថ្ងៃណាមួយ លោកនឹងមកជួយវិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ ព្រោះលោកចង់ឲ្យបាល់ទាត់កម្ពុជា រីកចម្រើនដូចបណ្ដាលប្រទេសផ្សេងៗ លើពិភពលោកដែរ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី