ភ្នំពេញ៖ បន្ទាប់ពីជួយក្រុមបឹងកេតអង្គរ ឲ្យឈរកំពូលតារាងក្នុងក្របខណ្ឌពានរង្វាន់ MCL-2015 ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា បាននឹងកំពុងក្ដោបក្ដាប់តំណែងកំពូលតារាងនៃអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេរហូតដល់ទៅ ២៣គ្រាប់ឯណោះ សម្រាប់ការបង្ហាញវត្តមាននៅលើទីលានបាន១០ប្រកួតកន្លងទៅ ។
ក្រោយពេលជួយបឹងកេត ឈ្នះក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ក្នុងលទ្ធផល ៩-៥ កាលពីចុងសប្ដាហ៍មុន វឌ្ឍនាកា រកបាន ៤គ្រាប់ម្នាក់ឯងបន្ថែមទៀត ដែលជាហេតុធ្វើឲ្យគ្រាប់បាល់របស់គេកើនឡើងដល់២៣គ្រាប់ ឈរលើកីឡាករបរទេស ស្បែកខ្មៅ Bisan George របស់ក្រុមភ្នំពេញក្រោន ដែលទើបរកបាន១៣គ្រាប់ប៉ុណ្ណោះ ។ ចំណែកកីឡាករ Dzarma Bata របស់ក្រុមស្វាយរៀង វិញរកបាន១២គ្រាប់ កីឡាករ Kelechi Stanley របស់ក្រុមអាស៊ីអឺរ៉ុប រកបាន១១គ្រាប់ និងកីឡាករ Booysen Shane របស់ភ្នំពេញក្រោន រកបាន១០គ្រាប់ ។
អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ការប្រកួតជើងទី១ ក្នុងរដូវកាលថ្មីឆ្នាំ២០១៥ នេះ គេសង្កេតឃើញថា ចំនួនគ្រាប់បាល់ ស៊ុតបញ្ចូលទីរបស់កីឡាករ គឺច្រើនជាងរដូវកាលមុនៗ ដែលលេងពេញមួយរដូវកាល រកបានមិនដល់២០គ្រាប់ផង ប៉ុន្ដែឆ្នាំនេះ គ្រាន់តែជើងទី១ ចាន់ វឌ្ឍនាកា រកបាន២៣គ្រាប់បាត់ទៅហើយ ។ ចំពោះលទ្ធផលវិញ ក៏ដូច្នេះដែរ គឺមាន ការប្រែប្រួលច្រើន ជាក់ស្ដែងកាលពីថ្ងៃមុន បឹងកេត បានបំបាក់ក្រុមគិរីវង់ ១២-២ មុននឹងមកបំបាក់ក្រុមម្ចាស់ផ្ទះ វេស្ទើន ៩-៥ ជាដើម ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល