CamNews

តារា 

ខេមរៈ ស្រីពៅ ចេញ​​សារ​​ខ្លីៗ ​តាម​​រយៈ Page Facebook របស់​​នាង ថា បាន​ធូរ​ស្បើយ​ច្រើន​ហើយ.

(ភ្នំពេញ)៖ បន្ទាប់ពីមន្ទិលសង្ស័យ នូវវត្តមានរបស់តារាចម្រៀង ខេមរៈ ស្រីពៅ មិនបាននៅក្នុងផ្ទះឯស្រុកកំណើត និងនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសក្ដីបារម្មណ៍ចំពោះស្ថានភាពជំងឺ កាន់តែធ្វើឲ្យអ្នកគាំទ្រ ពុះ​កញ្ជ្រោលខ្លាំងឡើងនោះ ថ្មីៗនេះ តារាចម្រៀងថ្ពាល់ខួច ខេមរៈ ស្រីពៅ បានបញ្ចេញសារខ្លីៗ ក្នុងPage Facebook របស់នាង បញ្ជាក់ថា នាងក៏មានក្ដី​នឹករឭកដល់អ្នកគាំទ្រដូចគ្នា ហើយស្ថានភាពជំងឺរបស់នាង ក៏បានធូរស្បើយច្រើនដែរ ខណៈដែលទីតាំងដែលនាងផ្ញើសារ ត្រូវបានគេមើលដឹងថា ចេញពីប្រទេសថៃ។

ក្នុង Page Facebook របស់តារាចម្រៀង ខេមរៈ ស្រីពៅ ដែលកំពុងតែមានព័ត៌មានបាញ់ស្រោចលើរូបនាង ជុំវិញស្ថានភាពជំងឺ និងការបាត់មុខយ៉ាងអាថ៌កំបាំង បង្កឲ្យអ្នកគាំទ្រ​ចោទសួរ ដេញដោលគ្នាទៅវិញទៅមកនោះ បានសរសេរសារខ្លីៗបង្ហោះ នៅម៉ោង ៨៖៤៩នាទីព្រឹក ថ្ងៃទី២៥ ខែមករានេះ ថា «Hi» ​។ ដោយឡែកនៅថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញនេះ នៅម៉ោង៧៖៥៨នាទីព្រឹក នាងបានសរសេរថា«ធូរហើយ Fans» និងនៅម៉ោង៧៖៣៨នាទីព្រឹក ពីម្សិលមិញដូចគ្នា នាងបានសរសេរថា «នឹកណាស់​Fan» ។

តាមរយៈសារខ្លីៗបែបនេះ ត្រូវបានអ្នកចូលចិត្តលេង សង្គមហ្វេសប៊ុក បានលើកឡើងថា ខេមរៈ ស្រីពៅ កំពុងតែព្យាយាមចេញមុខបកស្រាយ បន្តិចម្ដងៗ ដើម្បីឲ្យមហាជនបានដឹង ពីសុខទុក្ខរបស់នាង ខណៈអ្នកគាំទ្រជាច្រើន នៅតែគិតថា បងប្អួនបង្កើត និងមាមីង ជាសាច់ញាតិ​របស់នាង កំពុងតែបង្វែការពិត និងព្យាយាមលាក់បាំង រឿងរ៉ាងទាំងអស់ទាក់ទងនឹង ខេមរៈ ស្រីពៅ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ភ្នាក់ងារព័ត៌មាន Fresh News និងគេហទំព័រ កម្សាន្ត Khmertalking បាន​ចុះ​មក​ដល់​គេហដ្ឋាន ​របស់​នាង​ផ្ទាល់​តែ​ម្តង ស្ថិតនៅក្នុងភូមិគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីបញ្ជាក់មន្ទិលសង្ស័យ ដល់មហាជន​ដែល​ធ្លាប់​តែ​គាំ​ទ្រ​នាង​ ទូទាំង​ប្រទេស​ឲ្យ​ដឹង​ការ​ពិត ដែលបានជួបជាមួយនឹង ជីដូន ម្តាយមីងបង្កើត និងបងប្អូនជីដូនបង្កើត របស់នាង ។

ជាការពិតទោះបី ជាថ្មីៗនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានចេញវីដេអូឃ្លីប បកស្រាយជុំវិញស្ថាន​ភាព​ជំងឺ​ របស់ ខេមរៈ ស្រីពៅ ដើម្បី​បំបាត់​ពាក្យ​ចចាម​អារ៉ាម​ ដែល​កំពុង​ផុស​ផុលពេញផ្ទៃប្រទេសនេះក្តី ក៏មហាជនទូទៅនៅតែមានចម្ងល់ និង​មន្ទិល​សង្ស័យ​ឥត​ដាច់ និង​បារម្ភ​កាន់​តែ​ខ្លាំង​ ចំពោះសុខភាពរបស់នាង ខណៈដែលនាងមិនបានចេញមុខ បំភ្លឺផ្ទាល់ ដោយខ្លួនឯង ។

ជាក់ស្តែង​ភ្នាក់ងារសារព័ត៌មាន Fresh News និងគេហទំព័រ Khmertalking បានចុះ មកដល់គេហដ្ឋាន​របស់​តារា​ចម្រៀង ខេមរៈ ស្រីពៅ និង​បាន​ជួប​ជាមួយ​បង​ប្អូន​ ដោយ​អ្នក​ទាំង​អស់គ្នានោះ បានសម្ដែងការភ្ញាក់ផ្អើល ចំពោះ​ព័ត៌មានចចាមអារ៉ាម​ខាង​លើ និង​បាន​បង្ហាញ​ក្តី​អាណិត​អាសូរ​ ចំពោះ ស្រីពៅ ថា មិនគួរណាមានព័ត៌មាន បែបនេះកើតឡើងលើខ្លួននាងឡើយ ។

ម្តាយមីងបង្កើតរបស់ ខេមរៈ ស្រីពៅ គឺអ្នកស្រី ធុច ស្រីនាង បានប្រាប់ដោយផ្ទាល់ថា «ចា៎ ទេ! ស្រីពៅ អត់​មាន​ឈី​អី​ទេ ខ្ញុំ​មាន​អារម្មណ៍​ឆ្ងល់​ថា ម៉េច​ក៏​មាន​ព័ត៌មាន​ គេ​និយាយ​បំផ្លើស​ចឹង? ប៉ុន្តែខ្ញុំគិតថា គេចង់និយាយអី ក៏និយាយទៅ ។ ស្រីពៅ ពិត​ជា​ឈឺ​មែន ខ្ញុំ​អត់​ប្រកែក​ទេ វា​រលាក​បំពង់​ក ក្រពះ និង​ពោះវៀន អត់ស្រួល ណាមួយគ្នាមិនសូវហូបបាយ​ផងអូន..! បើខែនេះរវល់អ៉ីចឹងទៀត គឺ​អត់​សូវ​ញ៉ាំ​បាយ​តែ​ម្តង» ។

ទោះជាយ៉ាងណា ម្តាយមីងរូបនេះ បានអះអាងថា ខេមរៈ ស្រីពៅ មិនបាននៅផ្ទះនោះទេ ទោះជាមានរឿងផ្ទុះ​ឡើង​ លើ​រូប​នាង​ក្តី ពោល​គឺ​នាង​កំពុង​រស់​នៅ​ភ្នំពេញ និងចេញចូល ទៅកាន់ប្រទេសថៃញឹកញាប់ ដើម្បីព្យាបាលជំងឺរលាកក្រពះ ពោះវៀន និងបំពង់ក ។

សាច់ញាតិខាងលើ បានបញ្ជាក់ទៀតថា ស្ថានភាពជំងឺរលាកក្រពះ ពោះវៀន និងបំពង់ករបស់ ខេមរៈ ស្រីពៅ បាន​ធូរ​ស្រាល​ច្រើន​ជាង​មុន​ហើយ និង​សូម​បដិសេធ​ទាំង​ស្រុងចំពោះព័ត៌មានថា នាងឈឺធ្ងន់ ហើយអ្នកជិតខាងដែលទម្លាយ​ព័ត៌មាន​នេះ ​គឺ​ដោយ​សារភាពច្រណែន ក៏គ្មាននោះ​ដែរ។

​ព័ត៌មាននេះ គ្រាន់តែជាការអះអាងផ្ទាល់ របស់សាច់ញាតិនាង នៅឯស្រុកកំណើតតែប៉ុណ្ណោះ ដោយ​ឡែក​ទស្សនិកជន​ ដែល​ធ្លាប់​គាំទ្រនាងគ្រប់​មជ្ឈដ្ឋានទាំងអស់ នៅតែទទូចចង់ឲ្យ ខេមរៈ ស្រីពៅ ចេញមុខបកស្រាយដោយផ្ទាល់ ដើម្បី​បង្ហាញ​ការ​ពិត​ ឲ្យ​សាធារណជន​ទូទៅ​ដឹង​ថា «នាងពុំមានជំងឺធ្ងន់ធ្ងរ ប្រាកដមែន»៕

~

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: khemarak srey Pov Star news local news