CamNews

តារា 

ជុំ លីណូ ស្នើដល់សម្ថកិច្ច ចាត់វិធានការតឹងរ៉ឹង ចំពោះអ្នកលួចចម្លង ស្នាដៃ

ភ្នំពេញ៖ វប្បធម៌ នៃការលួចចម្លងស្នាដៃអ្នកដទៃ ពុំមែនកើតមានឡើង តែលើវិស័យសិល្បៈនោះទេ ពោលគឺមានស្ទើរគ្រប់ផ្នែកទាំងអស់ នឹងបានក្លាយ ជាផ្នត់គំនិត ដែលចាក់ឫសយ៉ាងជ្រៅ ក្នុងសង្គមខ្មែរ នាពេលបច្ចុប្បន្ន រហូតធ្វើឲ្យមនុស្សភាគច្រើន យល់ថា ការលួចចម្លង គឺជារឿងធម្មតា ដោយបានភ្លេចគិតថា វាជាបញ្ហាដ៏គ្រោះថ្នាក់មួយ នាពេលអនាគត។

យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះ បើក្រឡេកមើលទៅលើ វិស័យសិល្បៈ របស់ខ្មែរឯណេះវិញ ឃើញថា មួយរយៈពេលចុងក្រោយនេះ ហាក់មានភាពរីកចម្រើន គួរឱ្យកត់សម្គាល់ លើការផលិតភាពយន្ត និងបទចម្រៀងពីសំណាក់ផលិតកម្ម នៅតាមបណ្តា ផលិតកម្ម ក្រុមហ៊ុន និង សា្ថនីយប៉ុស្តិ៍ទូរទ្សន៍នានា នៅក្នុងស្រុក ។

ប៉ុន្តែក្នុងនោះ គេក៏សង្កេតឃើញ មានបញ្ហាអវិជ្ជមានខ្លះៗ កំពុងចោទឡើង ខណៈមានជនខិលខូច មួយចំនួនតូចបាននឹងកំពង ធ្វើអាជីពកម្មដោយការពឹងផ្អែក ស្ទើរតែទាំងស្រុង ទៅលើការលួចថតចម្លង (copy) CD និង VCD ចរាចរណ៍ លក់លើទីផ្សារ ដោយពុំមានសុំការអនុញ្ញាពីម្ចាស់ដើម។ បញ្ហានេះ ជាហេតុនាំឱ្យមានការធ្លាក់ ចុះនូវគុណភាព ក៏ដូចជាធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លាំង ដល់ផលិតកម្មជាសាម៉ីខ្លួន។

ព្រមជាមួយគ្នានេះ នៅលើទំព័រសង្គម ទំនាក់ទំនងហ្វេសប៊ុក របស់តារាចម្រៀង ក្រមិចក្រមើមល្បី ឈ្មោះគួរសម លោក ជុំ លីណូ ថ្មីៗត្រូវបានគេប្រទះឃើញ សរសេរបង្ហោះសារ មានអត្ថន័យថា "បើចង់ឲ្យសិល្បៈខ្មែរទាំងវិស័យភាពយន្ត និងចម្រៀងកាន់តែរីកចំរើនខ្លាំង គឺទាល់តែចាប់អ្នក លួចថតចម្លងឱ្យអស់ ហើយបិទCDcopy កុំឲ្យមាននៅលើទីផ្សារ ទៅចប់ហើយ.. "។

តាមរយៈអត្ថន័យសារ ដែលលោក ជុំ លីណូ បានសរសេរបង្ហោះ នៅក្នុងហ្វេសប៊ុក ខាងលើនេះ មានមតិអ្នកលេងហ្វេសប៊ុក មួយចំនួន បានសរសេរ Comment គាំទ្រ និង ស្នើឲ្យភាគីពាក់ព័ន្ធ គួរចាត់វិធានការ ទៅលើបុគ្គលមួយចំនួនដែលកំពុងតែ ប្រព្រឹត្តិសកម្មភាព ខាងលើនេះ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីលើកស្ទួយបន្ថែម ដល់វិស័យសិល្បៈ របស់ខ្មែរ និង លើកទឹកចិត្ត ដល់ផលិតកម្ម។

ជាការកត់សម្គាល់ ការចម្លងស្នាដៃ របស់អ្នកដទៃ តែងតែកើតមានជារឿយៗមិនថា តែការលួចចម្លង(Coppy ) CD ឬ VCD បទចម្រៀង ភាពយន្ត ដើម្បីយកទៅលក់បន្ត លើទីផ្សានោះទេ សូម្បីតែអ្នកសារព័ត៌មាន ក្នុងស្រុកមួយចំនួន ក៏ចូលចិត្តចម្លង ស្នាដៃគេមកដាក់ឈ្មោះខ្លួនឯង ពោលទាំងការចម្លងទាំងស្រុង ឬការដកស្រង់ផ្នែកណាមួយ ដោយមិនបញ្ជាក់ប្រភពដើម ទាំងមិនចេះអៀនខ្មាស៕



ផ្តល់សិទ្ធដោយ ៖ ដើ​មអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh