ភ្នំពេញៈ តារាចម្រៀង សំឡេងផ្អែមស្រទន់ មានឈ្មោះបោះសំឡេង ក្នុងផលិតកម្មថោន កញ្ញា មាស សុខសោភា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញ បានពាំនាំយក អំណោយជាច្រើន ពីសប្បុរសជន ក្រៅប្រទេស ទៅចែកជូនដល់ កុមារកំព្រា មួយកន្លែង ស្ថិតនៅសង្កាត់ ទឹកថ្លា ។
តារាស្រី កញ្ញា មាស សុខសោភា បានរួមដំណើរ ជាមួយ តារាចម្រៀងប្រុសស្រីល្បីឈ្មោះ លោក រ៉ូលីន និង កញ្ញា ឡោម លក្ខិណា ក៏ដូចជាក្រុមការងារ ជាច្រើននាក់ទៀត បានពាំនាំ យកអំណោយទៅចែកជូន ដល់កុមារកំព្រា ជាច្រើននាក់ ។
លោក មាស សុខរតនៈ បានប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកាថា ប្អូនស្រីលោក និងក្រុម អ្នកសិល្បៈ ជាច្រើនទៀត បាននាំគ្នាយកអំណោយ ពីសប្បុរសជន នៅបារាំង ទៅចែកជូនដល់កុមារកំព្រា មួយកន្លែង ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា នៅម្តុំបុរី១០០ខ្នង ។
អ្នកនាំពាក្យ និងជាបងប្រុសបង្កើត របស់តារាស្រី មាស សុខសោភា បានប្រាប់ឲ្យដឹងថា «អំណោយដែល អាភា យកទៅចែក កុមារកំព្រា នោះ គឺបានមកពីការ ចេញទៅសម្តែង នៅប្រទេសបារាំង របស់អាភា និងតារា២ដួងទៀត ហើយប្រាក់ដែលរកបាន គឺម្ចាស់រៀបចំខនសឺត បានយកមួយផ្នែក មកជួយកុមារកំព្រា ដោយអំណោយនោះ មាន ដូចជា សៀវភៅ, ប៊ិច , អង្ករ, ថវិកាមួយចំនួន និងសម្ភារៈជាច្រើនទៀត ហើយចំពោះចំនួន ទឹកប្រាក់សរុបនោះ គឺខ្ញុំមិនបានដឹងច្បាស់ ថាប៉ុន្មានទេ » ។
លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងបន្តទៀតថា នេះមិនមែន ជាលើកទីមួយទេ ដែល អាភា គេនាំ យកអំណោយ ទៅចែកជូន កុមារកំព្រា ក៏ដូចជាជួយដល់ អ្នកក្រីក្រលំបាក «ខ្ញុំក៏ដូចជាអាភាពិត ជាមានអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួម ចំណែកជួយដល់សង្គម ក្នុងនាមជាពលរដ្ឋខ្មែរ មួយរូប អ្វីដែលអាច ចូលរួមជួយបានខ្ញុំ និងគ្រួសារពិតជាចង់ ចូលរួមចំណែក ហើយ សម្រាប់ការងារ មនុស្សធម៌កន្លងមក ប្អូនខ្ញុំគេឧស្សាហ៍ ចូលរួមណាស់ គ្រាន់តែមិនសូវបើកចំហរ» ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល