CamNews

តារា 

បេប៊ី ឆក់បានតំណែង តួឯក លើកដំបូង

ភ្នំពេញ៖ កន្លងមកទស្សនិកជន ធ្លាប់បានឃើញ ការសម្តែងរបស់តារា ស្រីវ័យក្មេង កញ្ញា ជុំ រចនាពេជ្រ ហៅ Baby ជាច្រើនមកហើយ ប៉ុន្តែគេមិនដែលឃើញ នាងគ្រងតំណែង សំខាន់អ្វីមួយ តាមរយៈការសម្តែងរឿងឡើយ ទើបតែពេលនេះ នាងត្រូវបាន អ្នកដឹកនាំរឿងផលិតកម្ម រ៉ក ផ្តល់ឱកាសឲ្យគ្រងតំណែងតួឯក នៅក្នុងរឿងថ្មីមួយ ជាលើកដំបូង ចាប់តាំងពីនាងចូល សិល្បៈ រហូតមកដល់ពេលនេះ ។

មួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា សន្ទុះការងាររបស់ កញ្ញា Baby ហាក់ហក់ ឡើងគួរឲ្យកត់សម្គាល់ ទាំងការសម្តែងរឿង និងឈុតឆាកខារ៉ាអូខេ ប៉ុន្តែអ្វីដែលធ្វើឲ្យ ទស្សនិកជន និងអ្នកគាំទ្រ នាងមានការងឿងឆ្ងល់ និងទន្ទឹងរង់ចាំនោះ គឺតារាស្រីមួយដួងនេះ មិនដែលបានដើរជាតួឯក ឬតួអង្គសំខាន់អ្វី នៅក្នុងការសម្តែងឡើយ ។ ចំណុចនេះគឺជា ដើមហេតុ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង នៅមិនទាន់ល្បីឈានដល់ ចំណុចលេចធ្លោខ្លាំង ដូចតារាពន្លកថ្មីដទៃ ។

ប៉ុន្តែចូលមកដល់ចុង ឆ្នាំ២០១៤នេះ រាសីរបស់តារាសម្តែងស្រីមានមន្តស្នេហ៍ កញ្ញា បេប៊ី ដូចជាមានពន្លឺ រះឡើងបន្តិច ដោយសារតែថ្មីៗ នាងបានទទួលតំណែង តួឯកស្រីក្នុងរឿងមួយមានឈ្មោះថា “មរតកបេះដូង” របស់ផលិតកម្មរ៉ក់ ដែលទើបតែ រៀបចំក្រុងពាលី នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤នេះ ។ កញ្ញា Baby បានប្រាប់ឲ្យដឹងថា "ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយ និងរំភើប នៅពេលទទួល បានតំណែងតួឯក ជាលើកដំបូង បែបនេះ ហើយខ្ញុំរំពឹងថារឿង មួយនេះ ក្រោយពីថតចប់ ដាក់បញ្ចាំងនៅស្ថានីយ ទូរទស្សន៍ អាចទទួលបានការ គាំទ្រច្រើន ព្រោះថា នេះជារឿងលើកទី១ ដែលខ្ញុំដើរជាតួឯក ជាមួយតួប្រុសលោក ភឹម តារាវិបុល "។

តារាស្រីវ័យក្មេង បេប៊ី បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ការងារសិល្បៈរបស់នាង ពេល បច្ចុប្បន្ននេះ មានការមមាញឹក ច្រើនខ្លាំងជាងមុន ព្រោះថាពេលនេះ នាងកំពុង តែថតរឿង ២គឺរឿង គឺ“ឱ!កូនសំលាញ់” និងរឿង“ទឹកចិត្តប្រពន្ធ” និងការងារសម្តែងផ្សេងទៀត ជាក់ស្តែងដូច ពេលនេះ នាងក៏ត្រូវត្រៀមខ្លួនថតរឿងថ្មី មួយទៀត ដែលក្រោយពី ថតចប់រឿងនេះ នឹងចាក់ បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN ដែលមានចំនួន៤៥ភាគ ។

ការឆក់បានឱកាសសម្ដែង ជាតួឯកលើកទី១ នេះ ត្រូវបានគេមើលឃើញថា ជារបត់ថ្មីមួយទៀត សម្រាប់អាជីពសិល្បៈ របស់តារាសម្ដែងក្មេងខ្ចី កញ្ញា បេប៊ី ដើម្បីបន្តបង្កើនប្រជាប្រិយភាព ឲ្យកាន់តែលេចធ្លោ មួយកម្រិតទៀត និងរក្សាបាន នូវកេរ្តិ៍ឈ្មោះ ដ៏ល្អផូរផង់មួយក្នុងមាគ៌ាសម្ដែងរឿង ។


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh