CamNews

ព័ត៌មានអន្តរជាតិ 

ជនភៀសខ្លួនស៊ីរី បំផ្ទុះគ្រាប់ផ្ទុះ បន្ទាប់ពីត្រូវគេដេញពី ពិធីជប់លៀង នៅអាល្លឺម៉ង់(មានវីដេអូ)

ឧបករណ៍ផ្ទុះមួយត្រូវបានបំផ្ទុះកាលពីយប់ថ្ងៃទី ២៤កក្កដា (ម៉ោងក្នុងស្រុក) នៅឯហាងបារមួយ
កន្លែងក្នុងក្រុង Ansbach ប្រទេសអាល្លឺម៉ង់ បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិចម្នាក់ និង រង
របួស ១២នាក់។


ប្រភពព័ត៌មានឱ្យដឹងថា មុននេះ បុរសម្នាក់ដែលមានស្ពាយកាបូប ត្រូវបានគេហាមមិនឱ្យចូលទៅ
​ក្នុងហ្វូងមនុស្ស នៅកន្លែងធ្វើពិធីជប់លៀងតន្ត្រីនៅក្បែរបារមួយកន្លែង ដែលមានមនុស្សចូលរួម
ប្រមាណជា ២៥០០នាក់។

នគរបាលឱ្យដឹងថា អ្នកដែលបានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនេះ គឺជាជនសង្ស័យ។ ការផ្ទុះខាង
លើបានកើត​ឡើងនៅវេលាម៉ោងប្រហែល ២២ និង ១២នាទី (ម៉ោងក្នុងស្រុក)។ បច្ចុប្បន្ន នៅតែ
មានព័ត៌មានផ្ទុយគ្នា ត្រូវបានគេរាយការណ៍ក្នុងហេតុការណ៍នេះ ខណៈចៅហ្វាយក្រុង Ansbach
ថ្លែងថា មូលហេតុគឺដោយសារ “ឧបករណ៍ផ្ទុះ”។

នគរបាល បានឡោមព័ន្ធតំបន់ជុំវិញហាងបារ Eugene's Wine ជាកន្លែងដែលមានហេតុការណ៍
ផ្ទុះកើតឡើង។

អ្នកនាំពាក្យនគរបាលអាល្លឺម៉ង់ថ្លែងថា ក្នុងហេតុការណ៍ខាងលើ មានមនុស្សស្លាប់យ៉ាងហោចម្នាក់
និងអ្នករងរបួសយ៉ាងតិច ១២នាក់ ក្នុងនោះ មាន៣នាក់ រងរបួសធ្ងន់។

បុគ្គលិកពន្លត់អាគ្គីភ័យ និងសង្គ្រោះបន្ទាន់ប្រមាណជា ៣៥០នាក់ កំពុងមានវត្តមាននៅក្នុងកន្លែង
កើតហេតុ។

ទំព័រ Guardian ដកស្រង់សំដីរបស់មេបញ្ជាការកងសន្តិសុខ Bavaria ឱ្យដឹងថា ជនសង្ស័យគឺជា
ជនភៀសខ្លួនមកពីប្រទេសស៊ីរី អាយុ ២៧ឆ្នាំ បានមករស់នៅក្នុងប្រទេសអាល្លឺម៉ង់ពីរឆ្នាំ ប៉ុន្តែ ត្រូវបានបដិសេធមិនឱ្យជ្រោកកោនក្នុងប្រទេសនេះដោយស្របច្បាប់ ប៉ុន្តែអនុញ្ញាតឱ្យរស់នៅ
បណ្ដោះអាសន្ន ព្រោះប្រទេសស៊ីរី កំពុងមានសង្គ្រាម។

ទំព័រ AP ចេញផ្សាយថា ជនសង្ស័យបានបំផ្ទុះគ្រាប់ផ្ទុះ បន្ទាប់ពីត្រូវគេដេញចេញពីពិធីជប់លៀង
តន្ដ្រី។

Reuters បានចុះផ្សាយដែរថា ជនសង្ស័យជាជនជាតិរីស៊ីនេះ ធ្លាប់ស្វែងរកវិធីសម្លាប់ខ្លួនចំនួនពីរ
លើកមកហើយ។ បច្ចុប្បន្ន គេមិនទាន់ដឹងថា ជននេះ មានបំណងធ្វើអត្តឃាត ឬមួយចង់សម្លាប់
មនុស្ស។

នគរបាលឱ្យដឹងថា ពួកគេក៏មិនទាន់ដឹងថា ជននេះមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាម ឬយ៉ាង
ណានៅឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវលើជនសង្ស័យនេះ។

ប្រែសម្រួល ៖ បុត្រា


Tags: បំផ្ទុះគ្រាប់ផ្ទុះ អាល្លឺម៉ង់ ភេរវកម្ម