CamNews

កីឡា 

សម្ដេចតេជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​ពរ​អត្តពលិក SEA Games ក្រោម​ពាក្យ​ស្លោក «អប​អរ​សា​ទរ​ភាព​អស្ចារ្យ»

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៥ បានចេញលិខិតមួយ ដែលជាសារជូនពរអត្ដពលិក និងប្រតិភូដឹកនាំកីឡាករជម្រើសជាតិកម្ពុជាក្នុង យុទ្ធនាការចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅសិង្ហបុរី ដែលនឹងបើកការប្រកួតចាប់ពីថ្ងៃទី ០៥-១៦ ខែមិថុនា ខាងមុខនៅទីក្រុង Singapore ។ នេះបើយោងតាមប្រភព ព័ត៌មាននៅលើ Facebook ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទើបបង្ហោះមុននេះ ។

នៅក្នុងសារជូនពរដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ ចំពោះអត្តពលិកជម្រើសជាតិទាំងអស់ នៃដំណើរឆ្ពោះទៅកីឡាថ្នាក់តំបន់អាស៊ាន SEA Games លើកទី ២៨ ដើម្បីស្វែងរកជ័យជំនះជូនជាតិ នៅក្រោមពាក្យស្លោកថា «អបអរសាទរភាពអស្ចារ្យ» ។

នេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យអត្ដពលិកកាន់តែមានភាពកក់ក្ដៅ និងកាន់តែមានទំនុកចិត្ត ក្នុងការប្ដេជ្ញាចិត្ត ដើម្បីយកជ័យលាភីជូនប្រទេសជាតិកម្ពុជា ពីព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាន ដែលនឹងមានអត្តលិកទាំង១១ប្រទេសត្រៀមចូលរួម ។

គួរបញ្ជាក់ថា សម្រាប់យុទ្ធនាការប្រកួតកីឡា SEA Games លើកនេះ កម្ពុជាបានសម្រេចបញ្ជូនអត្តពលិករបស់ខ្លួនចំនួន ២២ប្រភេទកីឡា ទៅចូលរួមប្រជែង ក្នុងនោះមានកីឡាតេក្វាន់ដូ ប៉េតង់ សីប៉ាក់តាក្រ ប្រណាំងទូកប្រពៃណី វូស៊ូ យូដូ ប្រដាល់សកល វាយកូនបាល់ បាល់ទះក្នុងសាល បាល់ទាត់ អត្តពលកម្ម កាយសម្ព័ន្ធ ហែលទឹក ទ្រីយ៉ាត្លុង បាល់បោះ វាយកូនឃ្លីលើតុ វាយសី គុនដាវ ជិះសេះ វាយកូនហ្គោល និងបាល់ឱប គឺស្មើនឹងអត្តពលិក និងប្រតិភូសរុបចំនួន ២៥៦ នាក់ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia pp