CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូងស្នើឱ្យមានកិច្ចចរចាយោធាដ៏កម្រជាមួយកូរ៉េខាងជើង

ប្រទេសកូរ៉េខាងត្បូង បានស្នើឱ្យមានកិច្ចចរចាយោធាមួយ ជាមួយកូរ៉េខាងជើង បន្ទាប់ពីមានភាពតានតឹងជាច្រើនសប្តាហ៍ ក្រោយពីការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ក្រុងព្យុងយ៉ាង។ ប្រសិនបើសំណើនេះ បានសម្រេចដូចការស្នើមែននោះ វានឹងក្លាយជាកិច្ចចរចាកម្រិតកំពូលលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៥ ។

មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយថា កិច្ចចរចានេះ គួរតែត្រូវធ្វើឡើង ក្នុងគោលបំណងបញ្ឈប់ "អំពើអរិភាពទាំងឡាយ ដែលបង្កើនភាពតានតឹងផ្នែកយោធា" នៅតាមព្រំដែន ដែលមានកំពែងរឹងមាំរវាងកូរ៉េទាំងពីរ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានបង្ហាញជាយូរមកហើយថា លោកចង់ឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកូរ៉េខាងជើង។

ទោះជាយ៉ាងណា មកទល់នឹងពេលនេះ កូរ៉េខាងជើងមិនទាន់ឆ្លើយតបចំពោះកូរ៉េខាងត្បូងនៅឡើយទេ។

នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ នៅទីក្រុងបែរឡាំង លោកមូន បាននិយាយថា កិច្ចចរចាជាមួយកូរ៉េខាងជើង កាន់តែមានភាពតានតឹងជាងមុន ហើយបានអំពាវនាវឱ្យមានការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយ។  លោកបាននិយាយថា កិច្ចសន្ទនាបែបនេះ គឺមានសារៈសំខាន់សម្រាប់អ្នក ដែលស្វែងរកការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ ក្រុងព្យុងយ៉ាង។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង រាប់បញ្ចូលទាំងមីស៊ីលផ្លោងអន្តរទ្វីបថ្មីបំផុតផងនោះ កំពុងស្ថិតក្នុងការរំលោភបំពានជាបន្តបន្ទាប់ចំពោះសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយបានធ្វើឱ្យមានការព្រួយបារម្ភ ដល់ប្រទេសជិតខាង និងអាមេរិក។

លោក Suh Choo-suk អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការចរចាអាចធ្វើឡើងនៅអាគារ Tongilgak ដែលជាអាគាររបស់កូរ៉េខាងជើងស្ថិតក្នុងបរិវេណភូមិ Panmunjom នៅតំបន់គ្មានយោធារវាងប្រទេសទាំងពីរ ដែលត្រូវបានប្រើដើម្បីរៀបចំកិច្ចចរចាកាលពីលើកមុនៗ។




លោកបានស្នើឱ្យមានកិច្ចចរចានេះ នៅថ្ងៃទី  ២១ ខែកក្កដា ហើយបាននិយាយថា៖ "យើងរំពឹងថា នឹងមានការឆ្លើយតបជាវិជ្ជមានពីកូរ៉េខាងជើង" ។ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Cho Myoung-gyon ក៏បានទទូចផងដែរ ឱ្យធ្វើការជួសជុលឡើងវិញនូវខ្សែទូរស័ព្ទទំនាក់ទំនងរវាងកូរ៉េទាំងពីរ ដែលបានកាត់ផ្ដាច់ កាលពីឆ្នាំមុន បន្ទាប់ពីការធ្វើតេស្ដ នុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក Karen Allen បម្រើការឱ្យ BBC ឈរជើងនៅទីក្រុងសេអ៊ូល បាននិយាយថា គោលបំណងចុងក្រោយនៃកិច្ចពិភាក្សានេះ គឺដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែកយោធា ដែលបានគ្របសង្កត់លើទំនាក់ទំនងរវាងកូរ៉េទាំងពីរអស់ជាច្រើនទសវត្សមកហើយនោះ។ លោកបន្ថែមថាប៉ុន្តែកិច្ចចរចានេះ អាចចាប់ផ្តើមឡើង តាមរយៈវិធានការកសាងជំនឿទុកចិត្តដូចជា ការបញ្ចប់ការចាក់ផ្សាយឃោសនាលឺៗ នៅតាមបណ្តោយព្រំដែន។

កាកបាទក្រហម និងរដ្ឋាភិបាលក៏បានស្នើឱ្យមានការប្រជុំដាច់ដោយឡែកមួយ ដែលមានបំណងពិភាក្សាពីរបៀបរៀបចំការជួបជុំគ្រួសារ ដែលបានបែកបាក់គ្នា ដោយសង្គ្រាមកូរ៉េ ដែលបានបញ្ចប់នៅឆ្នាំ ១៩៥៣៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news