(អាមេរិក)៖ មនុស្សភាគច្រើនគិតថា លោកស្រី Melania Trump អតីតជាតារាបង្ហាញម៉ូតដែលមានរាងកាយដ៏ទាក់ទាញ បានសម្រេចចិត្តរៀបការជាមួយនឹងលោក Donald Trump ដើម្បីតែប្រាក់ ខណៈដែលលោក Trump ជ្រើសរើសនាងក្នុងនាមជាភរិយាទីបី ដោយសារតែរូបរាង និងភាពស្រស់ស្អាតប៉ុណ្ណោះ តែការពិតទៅមានរឿងរ៉ាវជាច្រើននៅពីក្រោយអនាគតស្ត្រីទីមួយ របស់សហរដ្ឋអាមេរិករូបនេះ។
ខាងក្រោមនេះជាជីវប្រវត្តិ របស់លោកស្រី Melania Trump:
លោកស្រី Melania Trump កើតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៧០ (វ័យ៤៦) ជាជនជាតិ អាមេរិកស្លូវេនី អតីតជាតារាបង្ហាញម៉ូត និងជាភរិយាទីបី លោក Donald Trump ដែលជាពាណិជ្ជករប្រាក់វាល់លាន និងបច្ចុប្បន្នជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក។ លោកស្រីមានកំណើតនៅក្នុងប្រទេស ស្លូវេនី ហើយក្លាយជាប្រជាពលរដ្ឋអាមេរិកក្នុងឆ្នាំ២០០៦។ លោកស្រីនឹងកាន់ចូលដំណែងជាស្ត្រីទីមួយរបស់អាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
* ជីវិតពីកុមារភាព៖
Melania កើតនៅទីក្រុង Novo Mesto ក្នុងភាគអាគ្នេយ៍ប្រទេស ស្លូវេនី ដែលក្រោយមកបានក្លាយជាផ្នែកមួយប្រទេស យូហ្គោស្លាវី។ នាងជាកូនស្រីរបស់លោក Amalija និងលោកស្រី Viktor Knavs ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនរថយន្ត និងម៉ូតូ ដែលផលិតចេញពីរោងចក្រក្នុងស្រុកមួយ ព្រមទាំងជាសមាជិករបស់ បក្សកុម្មុយនីស របស់ប្រទេស ស្លូវេនី។
កាលពីនៅតូច នាងរស់នៅ និងធំធាត់ក្នុងលំនៅដ្ឋានដ៏សមញ្ញមួយ តែនៅពេលធំពេញវ័យ ក្រុមគ្រួសាររបស់នាងបានផ្លាស់ទៅរស់នៅក្នុងលំនៅដ្ឋានមួយ ដែលមានពីរជាន់នៅក្នុងទីក្រុង Ljubljana។ យុវតីរូបនេះបានចូលរៀនក្នុងសាលាជំនាញផ្នែកឌីហ្សាញ និងថតរូបនៅទីក្រុង Ljubljana ព្រមទាំងសិក្សានៅសកលវិទ្យាល័យ Ljubljana រយៈពេលមួយឆ្នាំ ក្រោយមកនាងក៏បានឈប់ពីទីនោះ។
ថ្វីត្បិតត្រឹមជាតារាបង្ហាញម៉ូតម្នាក់ និងធ្លាប់បញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យ តែដោយសារនាងធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសជាច្រើនដើម្បីអាជីពនេះ នាំឱ្យនាងអាចប្រើប្រាស់បានរហូតដល់៦ភាសា ប្រកបដោយភាពស្ទាត់ជំនាញរួមមានភាសាស៊ែប៊ី អង់គ្លេស បារាំង អ៊ីតាលី អាឡឺម៉ង់ បូករួមទាំងភាសាកំណើតស្លូវេនីផងដែរ។
* អាជីពការងារ៖
Melania Trump ធ្លាប់សម្តែងជាតារាបង្ហាញម៉ូតតាំងពីអាយុ៥ឆ្នាំមកម្ល៉េះ ព្រមទាំងចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូតក្នុងវ័យ១៦ឆ្នាំ នៅពេលនាងថតម៉ូតឱ្យលោក Stane Jerko ដែលជាអ្នកថតម៉ូតជនជាតិស្លូវេនី។ ក្នុងវ័យ១៨ឆ្នាំ នាងបានចុះហត្ថលេខាធ្វើកិច្ចសន្យាជាមួយភ្នាក់ងារបង្ហាញម៉ូតក្នុងទីក្រុង ម៉ីលណា ប្រទេស អ៊ីតាលី។ នាងបានចូលរួមប្រកួតប្រជែងលើកទីពីរក្នុងកម្មវិធី Look of The Year ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុង Ljubljana។ កម្មវិធីនេះផ្តល់ឱកាសដល់អ្នកជាប់ចំណាត់ថ្នាក់៣នាក់ ទទួលបានកិច្ចសន្យាក្លាយជាតារាបង្ហាញម៉ូតលំដាប់អន្តរជាតិ។
បន្ទាប់ពីបញ្ចប់ការសិក្សាត្រឹមឆ្នាំទីមួយ នៅសកលវិទ្យាល័យ Ljubljana នាងបានធ្វើការជាតារាបង្ហាញម៉ូតនៅទីក្រុង Milan និងទីក្រុង Paris ក្រោយមកទើបទៅ ធ្វើការនៅទីក្រុង New York ក្នុងឆ្នាំ១៩៩៦។ ក្រៅពីអាជីពជាតារាបង្ហាញម៉ូត លោកស្រីជាពាណិជ្ជករមួយរូបដែលរកស៊ីលើផ្នែកគ្រឿងអលង្ការ។
ក្នុងអាជីពជាតារាបង្ហាញម៉ូតល្បីល្បាញម្នាក់ ផ្តល់ឱកាសឲ្យលោកស្រីលេចមុខលើក្របទស្សនាវដ្តីជាញឹកញាប់។ លោកស្រីជាមនុស្សដំបូង ក្នុងដំណែងស្ត្រីទីមួយដែលមានរូបភាពអាក្រាតកាយ ដែលបានបង្ហាញដោយបើកចំហដល់សាធារណជន។
ហើយក្រៅពីការងារជាតារាបង្ហាញម៉ូត អាជីវកម្មលក់គ្រឿងអលង្ការ និងគាំទ្រដល់កិច្ចការរបស់លោកTrump លោកស្រីក៏ជាម្តាយរបស់ក្មេងប្រុសម្នាក់ឈ្មោះ Barron Trump បច្ចុប្បន្នមានអាយុ៩ឆ្នាំ ដែលត្រូវបានលោកស្រីចាត់ទុកជាអទិភាពបំផុត។ បើទោះបីជារវល់ក្នុងការងារយ៉ាងណា ស្ត្រីជាម្តាយរូបនេះបានចិញ្ចឹមបីបាច់កូនប្រុសដោយផ្ទាល់ ដោយមិនត្រូវការមេដោះជាអ្នកមើលថែជំនួសឡើយ។ បច្ចុប្បន្នអនាគតជាស្ត្រីទីមួយរបស់អាមេរិករូបនេះ ក៏បានធ្វើការនៅក្រុមហ៊ុនមួយចំនួនរបស់ស្វាមីរបស់នាងផងដែរ។
ថ្វីត្បិតមិនធ្លាប់ប្រឡូករឿងនយោបាយ ប៉ុន្តែលោកស្រីក៏ធ្លាប់បង្ហាញការមិនយល់ស្របរឿងមួយចំនួន ចំពោះស្វាមីរបស់ខ្លួនផងដែរ ជាពិសេសពាក់ព័ន្ធកិច្ចការ ជាប្រធានាធិបតីនេះ។ លោកស្រីបញ្ជាក់ថា «ខ្ញុំមិនមែនជាមនុស្សដែលចាំតែយល់ស្របរហូតនោះទេ មិនខ្វល់ថា តើស្វាមីខ្ញុំជាអ្នកណាក៏ដោយ» «ខ្ញុំតែងតែផ្តល់មតិយោបល់ខ្លះដល់លោក ដោយពេលខ្លះលោកទទួលយក ប៉ុន្តែពេលខ្លះលោកមិនទទួលយកនោះទេ»។ យ៉ាងនេះក្តីលោកស្រីបានបញ្ជាក់ថា មិនចង់ពាក់ព័ន្ធនឹងកិច្ចការនយោបាយរបស់លោកច្រើនពេកនោះទេ ហេតុផលភាគច្រើនពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនរបស់លោកស្រី។
ថ្វីត្បិតលោកស្រីមានប្រាក់ចំណូលច្រើន តែមិនបានចំណាយប្រាក់ទាំងនោះសម្រាប់ខ្លួនឯងអស់នោះទេ លោកស្រីបានចំណាយប្រាក់មួយចំនួន ទៅលើមូលនីធិមនុស្សធម៌ផ្សេងៗកន្លែងដូចជា មូលនីធិ Breast Cancer Research មូលនីធិ the Police Athletic League និងមូលនីធិ The American Red Cross។
* ការរៀបអាពាហ៌ពិពាហ៌ជាមួយលោក Donald Trump
ក្នុងឆ្នាំ១៩៩៦បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុង ញ៉ូវយក នាងបានជួបជាមួយលោក Donald Trump នៅក្នុងកម្មវិធី Fashion Week ក្នុងឆ្នាំ១៩៩៨ ខណៈដែលលោកជាបុរសដែលមានភរិយាលើកទីពីរទៅហើយ។ ដំបូងឡើយស្ត្រីដ៏ទាក់ទាញរូបនេះ បដិសេធមិនអោយលេខទូរសព្ទទៅលោក Trump ឡើយ តែទីបំផុតអ្នកទាំងពីរបានទាក់ទងគ្នា ព្រមទាំងធ្លាប់បានបែកបាក់ម្តងបន្ទាប់មកទើបតែចាប់ផ្តើមទាក់ទងគ្នា ប៉ុន្តែត្រូវបានផ្សះផ្សារវិញក្នុងរយៈពេលប៉ុន្មានខែក្រោយមក។
ក្នុងកម្មវិធីមួយក្នុងកញ្ចក់ទូរទស្សន៍លោក Trump បានលើកឡើងថា ទំនាក់ទំនងរវាងអ្នកទាំងពីរពិតជាល្អប្រសើរបំផុត ពុំធ្លាប់មានភាពរកាំរកូសនោះទេ។
អ្នកទាំងពីរបានរៀបការជាមួយគ្នាក្នុងថ្ងៃទី២២ ខែមករា ឆ្នាំ២០០៥កន្លងទៅនេះ នៅឆ្នេរសមុទ្ររដ្ឋ Florida សហរដ្ឋអាមេរិក។ ក្នុងថ្ងៃរៀបអាពាហ៌ពិពាហ៌ លោក Trump បានស្លៀកឈុតដែលច្នៃឡើងដោយអ្នកច្នៃម៉ូតដ៏ល្បីលំដាប់ពិភពលោក គឺលោក John Galliano ដែលមានតម្លៃជាទឹកប្រាក់ចំនួន ២០០.០០០ដុល្លារ។ ការរៀបការនេះបានចំណាយប្រាក់ប្រមាណជាង១លានដុល្លារ។ បច្ចុប្បន្នពួកគេរស់នៅក្នុងអគារ Trump Tower ដែលជាលំនៅដ្ឋាន ដែលមានការតុបតែងយ៉ាងប្រណិត សូម្បីកម្រាលត្រូវបានសាងសង់ឡើងពីមាសប្រភេទ 24K Gold និងថ្មម៉ាប។
លោកស្រីបានក្លាយជាភរិយារបស់បុរសដែលរៀបការពីរលើករួចមកហើយ រួមទាំងមានកូនចុង៤នាក់ដែលកូនច្បងបំផុតរបស់លោក Trump មានអាយុប្អូនលោកស្រីត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ។ យ៉ាងនេះក្តីលោកស្រីជាមនុស្សដែលស្រឡាញ់គ្រួសារ និងកូនៗរបស់លោក Trump ជាក់ស្តែងពួកគេតែងតែចូលរួមក្នុងកម្មវិធីជាច្រើន និងថតរូបរួមគ្នា។
* ការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក៖
តាមរយៈមេធាវីរបស់ Melania បានបញ្ជាក់ថា ដំបូងឡើយនាងបានចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកក្នុងខែសីហា ឆ្នាំ១៩៩៦ តាមរយៈទិដ្ឋការក្នុងនាមជាអ្នកទៅ កំសាន្តប៉ុណ្ណោះ។ តែក្រោយមកនៅខែតុលា ឆ្នាំ១៩៩៦នាងទទួលបានទិដ្ឋាការ H-1B (ជាទិដ្ឋការសម្រាប់បុគ្គលិកបរទេស ដែលអាមេរិកអនុញ្ញាតិឱ្យរស់នៅបណ្តោះអាសន្ន ក្នុងលក្ខខ័ណ្ឌពិសេស)។
បន្ទាប់មកនាងតែងតែវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញជាទៀងទាត់ដើម្បីធ្វើទិដ្ឋាការជាថ្មី។ ក្រោយមក នាងក៏ទទួលបានកាតពណ៌បៃតង(Green Card ជាកាតបញ្ជាក់ពីថាទទួលបានសិទ្ធក្លាយជាប្រជាពលរដ្ឋអចិន្ត្រៃរបស់អាមេរិក)។ មិនយូរប៉ុន្មាននាងក៏ទទួលបានសិទ្ធក្លាយជាពលរដ្ឋអាមេរិកក្នុងឆ្នាំ២០០៦ បន្ទាប់ពីនាងរៀបការរួច។
* តួនាទីក្នុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦៖
ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ នៅពេលដែលត្រូវបានគេសួរពីយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី លោកស្រី Trump បានឆ្លើយថា «ខ្ញុំបានជម្រុញទឹកចិត្តលោក ដោយខ្ញុំដឹងថា អ្វីដែលលោកនឹងធ្វើអ្វី ហើយលោកអាចធ្វើរឿងជាច្រើនសម្រាប់ប្រជាពលរដ្ឋអាមេរិក។ លោកជាមនុស្សស្រឡាញ់ប្រជាពលរដ្ឋអាមេរិក ហើយពិតជាចង់ជួយដល់ពួកគេ»។
ឆ្លើយតបកិច្ចសម្ភាសន៍ដោយភ្នាក់ងារសារព័ត៌មាន News York Times ថាតើនាងនឹងធ្វើអ្វីប្រសិនបើលោក Trump ជាប់ឆ្នោត នាងបានឆ្លើយថា «នឹងយកគម្រូតាមស្ត្រីទីមួយមុនៗ ដូចជាលោកស្រី Betty Ford ឬលោកស្រី Jackie Kennedy ជាដើមដោយខ្ញុំនឹងបន្តគាំទ្រស្វាមីរបស់ខ្ញុំ»។
កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ មេធាវីរបស់លោកស្រីបានដាក់ពាក្យបណ្តឹង ទៅលើកាសែត Daily Mail របស់អង់គ្លេស និងWebster Tarpleyជាអ្នកនយោបាយប្រចាំរដ្ឋMaryland សហរដ្ឋអាមេរិក ពីបទបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកស្រី ដោយបានបោះពុម្ភផ្សាយព័ត៌មានមួយ ដែលដកស្រង់ចេញពីប្រភពផ្សេងទៀតថា លោកស្រីធ្លាប់ធ្វើការជាស្ត្រីលក់ខ្លួន តែមិនបើកចំហប្រចាំក្លឹប Gentlemen នៅអ៊ីតាលីកាលពីទសវត្សរ៍ឆ្នាំ១៩៩០។ យ៉ាងនេះក្តី ក្រោយមកកាសែតនេះបានចុះផ្សាយជាថ្មីជាមួយនឹងការសូមអភ័យទោស។
* តំណែងជាស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក៖
លោកស្រី Trump នឹងទទួលដំណែងជាស្ត្រីទីមួយរបស់អាមេរិកក្នុងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខ។ លោកស្រីនឹងក្លាយជាស្ត្រីទីពីរក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលបានកាន់ដំណែងជា First Lady ក្នុងនាមជាប្រជាពលរដ្ឋដែលកើតនៅបរទេស បន្ទាប់ពីលោកស្រី Louisa Adams ដែលជាស្ត្រីកើតនៅចក្រភពអង់គ្លេស និងជាភរិយារបស់អតីតប្រធានាធិបតី John Quincy Adams ដែលបានកាន់អំណាចក្នុងអំឡុងឆ្នាំ១៨២៥ ដល់ឆ្នាំ១៨២៩៕
បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង