CamNews

តារា 

ករុណា ពេជ្រ បង្អួត​បន្ទប់​ទុក​កាដូ​អនុស្សាវរីយ៍ ច្រាន​ចោល​រឿង​ទិញ​កាដូ ទុក​ខ្លួន​ឯង​ពេល​ឡើង​ឆាក

ភ្នំពេញៈ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ថ្មីៗនេះបានពើបប្រទះ នឹងព័ត៌មានមួយថា តារាចម្រៀងភាគច្រើន នៅពេលដែល ឡើងឆាកច្រៀងម្តងៗ គឺតែងតែទិញផ្កា និងកាដូផ្សេងៗ ដើម្បីទុកឲ្យអ្នកទស្សនា អ្នកដែលតាមហែហមគាំទ្រ ផ្តល់ជូនជាការលើកទឹកចិត្តខ្លួនឯង ។ ប៉ុន្តែក្រោយពីមានព័ត៌មាន បែបនេះ បានធ្វើឲ្យលោក ករុណា ពេជ្រ ប្រញាប់ប្រញាល់ ថតរូបបន្ទប់រក្សាទុកវត្ថុអនុស្សាវរីយ ដែលបានមកពីអ្នកគាំទ្រ ពេលលោកឡើងឆាកម្ដងៗ បង្ហោះនៅលើ Facebook របស់ខ្លួន ក្នុងន័យបង្ហាញថា កាដូជាតុក្កតាទាំងនេះ គឺចេញពីទឹកចិត្តអ្នកគាំទ្រ ប្រគល់ជូនតារាចម្រៀងក្នុងចិត្តរបស់ពួកគេពិតៗ ពុំមែនជាល្បែងអ្វីផ្សេងឡើយ។

រូបថតជាច្រើនសន្លឹក ត្រូវបានតារាចម្រៀងសម្បូរទ្រព្យ លោក ករុណា ពេជ្រ បង្ហោះនៅលើ Facebook របស់ខ្លួន ជាមួយសារខ្លីថា « Free style ក្នុងបន្ទប់កាដូអនុស្សាវរីយ៏ របស់ប្អូនៗ អ្នកគាំទ្រ បានផ្តល់ជាកំលាំងចិត្ត ...ខ្ញុំអរគុណណាស់ ហើយក៏សប្បាយចិត្ត ដែលនៅពេលនេះ បានឃើញប្អូន រៀនបានខ្ពស់ ខ្លះក៏មានការងាររៀងៗខ្លួន ទោះបីមិនសូវមានពេលជួបជុំ ដូចពេលមុនក៏ដោយ.....»។

តាមរយៈការបង្ហាញរូបនេះ ច្បាស់ណាស់ថា តារាប្រុស ករុណា ពេជ្រ មានចេតនាចង់បង្ហាញ បន្ទប់ទុកតុក្កតា ដើម្បីលុបចោលព័ត៌មាន ដែលថា លោកជាតារាមួយដួងដែលគេសង្ស័យថា ទិញកាដូខ្លួនឯងឲ្យខ្លួនឯង ព្រោះថា តារាចម្រៀងនីមួយៗ គឺមានអ្នកគាំទ្ររបស់ខ្លួន ហើយជារឿងធម្មតាទេ ដែលខ្លួនបានទទួលកាដូអនុស្សាវរីយ៍ពីអ្នកគាំទ្រខ្លួន ។ បន្ទាប់ពីលោកត្រឡប់ពីច្រៀងរាំ បានទទួលកាដូ គឺលោក តែងតែយកទៅទុកនៅក្នុងបន្ទប់មួយថែរក្សាវាឲ្យល្អ ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh