ប្រធានាធិបតីហ្វីលីពីន គំរាមកំហែងឱ្យប៉ូលិសសម្លាប់កូនប្រុសរបស់ខ្លួន ប្រសិនបើការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ប្រឆាំងនឹងរូបគេ គឺជាការពិត។ លោកប្រធានាធិបតី Rodrigo Duterte បាននិយាយថា ប៉ូលីសដែលបានសម្លាប់កូនប្រុសរបស់លោកឈ្មោះ Paolo Duterte អាយុ ៤២ ឆ្នាំ នឹងទទួលបានអភ័យឯកសិទ្ធិរួចផុតពីការផ្ដន្ទាទោស។
AFP បានរាយការណ៍ថា លោក Paolo Duterte រងការចោទប្រកាន់ពីបទរត់ពន្ធថ្នាំញៀនប្រភេទមេតាហ្វេតាមីនគ្រីស្តាល់ក្នុងបរិមាណដ៏ច្រើន ពីប្រទេសចិនតាមរយៈបណ្ដាញក្រុមឧក្រិដ្ឋជនរបស់ចិន។ លោកប្រធានាធិបតី Duterte ដែលបានធ្វើយុទ្ធនាការស្ដីពីវេទិកានីតិកម្ម(ច្បាប់) និងបទបញ្ជា បានទទូចថា គ្មានកូនប្រុសរបស់លោកណាម្នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ ប៉ុន្តែប្រសិនបើពួកគេជាប់ពាក់ព័ន្ធមែននោះ ពួកគេនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
លោក Duterte បានថ្លែងនៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃពុធថា៖ "ខ្ញុំបាននិយាយ មុនបទ បញ្ជារបស់ខ្ញុំត្រូវបានអនុវត្ដថា៖" ប្រសិនបើកូនៗរបស់ខ្ញុំ ជាប់ពាក់ព័ន្ធនឹងថ្នាំញៀន សម្លាប់ពួកគេចុះ ដូច្នេះមនុស្សនឹងមិនមានអ្វីនិយាយទៀតទេ"។ ដូច្នេះខ្ញុំបានប្រាប់ Pulong (ឈ្មោះហៅក្រៅរបស់ Paolo) ថា៖ "បទបញ្ជារបស់ខ្ញុំ គឺត្រូវសម្លាប់អ្នក ប្រសិនបើអ្នកត្រូវបានប៉ូលិសចាប់ខ្លួន។ ហើយខ្ញុំនឹងការពារប៉ូលីស ដែលសម្លាប់អ្នក ប្រសិនបើការចោទប្រកាន់នោះ ជាការពិត "។
AFP រាយការណ៍ថា លោក Duterte អាយុ ៧២ ឆ្នាំ ដែលបានឡើងកាន់តំណែង នៅពាក់កណ្តាលឆ្នាំមុន បានសន្យាថា លោកនឹងលុបបំបាត់គ្រឿងញៀនខុសច្បាប់ ដោយសម្លាប់មនុស្សរហូតដល់ ១០០.០០០ នាក់។
អ្នកជំនួយការរបស់លោក Duterte បានពណ៌នាអំពីការអះអាងរបស់លោកថា ជា "វោហាសាស្ត្រ" ឬ "ពាក្យស្លោក" ប៉ុណ្ណោះ។ ក្រុមអ្នកប្រឆាំងមួយចំនួនរបស់លោក Duterte បានចោទប្រកាន់ថា លោក និងក្រុមគ្រួសារធ្លាប់ មានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្ដែលោក Duterte បានច្រានចោលការចោទប្រកាន់ពីបទប្រព្រឹត្ដអំពើពុករលួយទាំងអស់។ ដោយឡែក លោក Paolo Duterte ដែលជាអភិបាលរងក្រុង Davao បានបដិសេធរាល់សកម្មភាពឧក្រិដ្ឋកម្មទាំងអស់ ៕
ប្រែសម្រួល៖ សារ៉ាត