ភ្នំពេញ៖ តារាចម្រៀង ពេជ្រ សោភា បន្ទាប់ពីទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងរយៈកាលប៉ុន្មានខែចុងក្រោយនេះ រួចមក នៅដើមខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ នាងនឹងដឹកដៃតារាចម្រៀងរ៉េបក្នុងទ្រនំម្នាក់ គឺលោក ងួន ចាន់ដេវីត ដើម្បីទៅចូលរួមសម្ដែង នៅក្នុងព្រឹត្តិការណ៍ ប្រគំតន្រ្តី MAMF Migrants’Arirang Multicutaural Festival នៅក្នុងប្រទេសកូរ៉េ ដើម្បីឲ្យបងប្អូនខ្មែរ ដែលរស់នៅ និងធ្វើការនៅទីនោះ បានទស្សនាកម្សាន្ត ។
ជាង១ឆ្នាំចុងក្រោយនេះ ពេជ្រ សោភា ត្រូវបានគេដឹងថា មិនត្រឹមតែជាអ្នកចម្រៀងសាមញ្ញៗម្នាក់ទេ តែក៏ជាអ្នកនិពន្ធចម្រៀង ដឹកនាំសម្ដែង និងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ ដោយខ្លួនឯងទៀតផង ។ ហេតុនេះទើបនាងអាចឈរជើង ក្នុងវិស័យនេះជាង១០ឆ្នាំ និងអាចរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួន ឲ្យនៅតែជាតារាចម្រៀងល្បីដដែល។
ជាពិសេសកេរ្តិ៍ឈ្មោះ ពេជ្រ សោភា មិនត្រឹមតែល្បីល្បាញក្នុងស្រុកទេ នៅក្រៅស្រុក ក៏ល្បីមិនធម្មតាដែរ ទោះបីជានាង ការប្ដីហើយក្ដី ។ ជាក់ស្ដែងថ្មីៗនេះ នៅប្រទេសកូរ៉េបានបិទក្រដាស ប្រកាសស្ដីពីការប្រគំតន្ត្រី «MAMF Migrants’Arirang Multicutaural Festival» ដែលប្រព្រឹត្ត នៅដើមខែតុលាខាងមុខនេះ ហើយកម្មវិធីនេះ និយាយពីវប្បធម៌ ចម្រុះ ក្នុងនោះ តារាចម្រៀង ពេជ្រ សោភា ក៏មានមុខមាត់ក្នុងកម្មវិធីលំដាប់អន្តរជាតិនោះ តំណាងឲ្យកម្ពុជាផងដែរ ។
ជំនួបជាមួយ LookingTODAY អ្នកនាង ពេជ្រ សោភា បាននិយាយថា កម្មវិធីនេះ បានអញ្ជើញនាងតាំងពីឆ្នាំមុនម្ល៉េះ តែដោយសារជាប់រវល់ខ្លាំងពេក មិនបានចូលរួម ។ សម្រាប់ឆ្នាំនេះ នាងមានឱកាសចូលរួម ព្រោះតែពេលវេលាក៏អំណោយផលឲ្យ ។ ចំណែកឯដៃគូ គឺលោក ងួន ចាន់ដេវិត ក៏នឹងមានវត្តមាន ជាមួយគ្នាផងដែរ។ បទចម្រៀងរបស់ពេជ្រ សោភា ដែលត្រៀមយក ទៅសម្ដែងមានចំនួនបីបទ សុទ្ធសឹងជាបទចម្រៀង និពន្ធ និងទំនុកភ្លេង ដោយលោក ងួន ចាន់ដេវិត ទាំងអស់។ ក្នុងនោះមានបទ «Kill them, I Know You Like Money និង បទ កាហ្វេ១៥០០ »។
ចំណែកឯបងប្អូនពលករខ្មែរនៅកូរ៉េ ក៏ត្រៀមជួបជាមួយ ពេជ្រ សោភា ព្រោះនាងជាតារាចម្រៀង មានកេរ្តិ៍ឈ្មោះល្បីល្បាញ ។ ពួកគេបាននិយាយថា នឹងគាំទ្រអ្នកនាងឲ្យអស់ពីចិត្ត ដើម្បីលើកមុខមាត់តារាចម្រៀងខ្មែរ នៅក្រៅប្រទេស ពីសេសប្រទេស ដែលជាដើមកំណើត KPop មួយនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល