ក្រុមទាហានឥណ្ឌា និងប៉ាគីស្ថាន កាលពីម្សិលមិញ បានផ្ទុះអាវុធដាក់គ្នានៅតំបន់ព្រំដែន Kashmir
ក្រោយពីការវាយប្រហារបង្ហូរឈាមសំដៅលើមូលដ្ឋានទ័ពរបស់ឥណ្ឌា ដែលក្រុង New Delhi បាន
ចោទប្រកាន់ថា ពួកឧទ្ទាមនៅប៉ាគីស្ថានជាអ្នកនៅពីក្រោយខ្នង។ ទាហានឥណ្ឌាក៏បានសម្លាប់ជន
ឈ្លានពានទឹកដី ៨នាក់នៅ Kashmir ផងដែរ។
មន្ត្រីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ AFP កាលពីថ្ងៃទី ២០កញ្ញាថា “ការបាញ់ដាក់
គ្នាបានកើតឡើងក្នុងតំបន់”។
ការបាញ់គ្នានេះ បានកើតឡើងក្រោយពីឥណ្ឌា បានចោទប្រកាន់ប៉ាគីស្ថានថា អ្នកនៅពីក្រោយខ្នង
នៃការវាយប្រហារកាលពីចុងសប្ដាហ៍មុន សំដៅលើមូលដ្ឋានកងពលតូចមួយនៅទីរួមស្រុក Uri
ក្បែរព្រំដែនរវាងប្រទេសទាំងពីរ បណ្ដាលឱ្យទាហាន ១៨នាក់បានស្លាប់។ ហេតុការណ៍ខាងលើ
បានធ្វើឱ្យមានការស្អាប់គ្នាកាន់តែខ្លាំង ក្នុងទំនាក់ទំនងដែលមានភាពតានតឹងស្រាប់រវាងប្រទេស
ដែលមានអាវុធនុយក្លេអែរដូចគ្នានេះ។ ប៉ាគីស្ថាន បានអះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការវាយ
ប្រហារនេះនោះទេ។
អ្នកនាំពាក្យយោធាឥណ្ឌា Rajesh Kalia កាលពីម្សិលមិញ បានឱ្យដឹងថា មាន “បទឈប់បាញ់”
មួយ ក្បែរ Uri ប៉ុន្តែមិនបានឱ្យដឹងលំអិត។ Uri ស្ថិតនៅក្បែរតំបន់ក្បែរព្រំដែនរវាងប្រទេសឥណ្ឌា
និងប៉ាគីស្ថាន។
នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយ លោក Rajesh Kalia បានឱ្យដឹងថា ក្រុមទាហានក្នុងតំបន់
កាលពីថ្ងៃទី ២០កញ្ញា បានទប់ស្កាត់ក្រុមឧទ្ទាមដែលមានបំណងឆ្លងកាត់ព្រំដែនដើម្បីចូលមក
កាន់តំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។
មន្ដ្រីខាងលើថ្លែងថា “ក្រុមភេរវកម្មដែលមានគ្នាប្រហែលពី ១០ទៅ១២នាក់ មានបំណងចូលកាន់
តំបន់ Uri ប៉ុន្តែ ពួកគេត្រូវបានទប់ស្កាត់”។
សារព័ត៌មាន Press Trust of India បានរាយការណ៍ថា ពួកឧទ្ទាមចំនួន ១០នាក់ ត្រូវបានសម្លាប់
ក្នុងហេតុការណ៍ខាងលើ ប៉ុន្តែ ព័ត៌មាននេះមិនទាន់ត្រូវបានទទួលស្គាល់នៅឡើយ។
ចំណែក Reuters ដកស្រង់សំដីរបស់មន្ដ្រីយោធាឥណ្ឌាម្នាក់ ឱ្យដឹងថា បណ្ដាទាហាននៃប្រទេស
បានសម្លាប់មនុស្សចំនួន ៨នាក់ ដែលមានបំណងឆ្លងកាត់ព្រំដែនខុសច្បាប់។
យោងតាម AFP តំបន់ Kashmir បានបែងចែកឥណ្ឌា និងប៉ាគីស្ថាន ចាប់ពីចុងសម័យកាលគ្រប់គ្រង
ដោយអង់គ្លេស ឆ្នាំ ១៩៤៧។ ប្រទេសឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែអះអាងថា តំបន់ Kashmir នេះ
គឺជារបស់ខ្លួន ហើយបានបង្កសង្គ្រាមចំនួនពីរលើក ព្រោះតែតំបន់នេះ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ arabnews