ភ្នំពេញ៖ ការអូសទាញបងប្អូន ឬសាច់ញាតិ ឲ្យចូលប្រឡូកក្នុងវិស័យសិល្បៈ ជារឿងធម្មតាទៅហើយ តារាចម្រៀងខ្លះចូលច្រៀង ស្ទើរតែក្លាយជា លក្ខណៈពូជក៏មាន ។ ក្នុងនោះក៏មានត្រកូលឆាយផងដែរ ដែលមាន លោក ឆាយ វីរៈយុទ្ធ បានអូនប្អូនស្រីលោក ឆាយ សុវណ្ណនារី ឲ្យចូលច្រៀងដូចគេ ដូចឯងដែរ ដើម្បីប្រមូលភាពល្បីល្បាញ ដូចតារាស្រីក្នុងផលិតកម្ម សាន់ដេដទៃ ។ នាង ឆាយ សុវណ្ណារី ថ្វីត្បិតជាតារាចម្រៀងរបស់សាន់ដេ តែនាងមិនបានសម្ដែងរឿង របស់ សាន់ដេ សូម្បីតែមួយរឿង ជាពិសេសយូរៗ ទើបនាងចេញបទចម្រៀងម្ដង។
ថ្មីៗនេះ ឆាយ សុវណ្ណារី ក៏បានវិលមកវិញ ជាមួយបងប្រុសនាង លោក ឆាយ វិរៈយុទ្ធ ក្នុងបទចម្រៀងចូលឆ្នាំ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ ក្នុងការប្រគំតន្រ្តី របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ រឿងរ៉ាវដ៏រសើបមួយ ក៏លេចឡើង ស្របពេលនាង វិលត្រឡប់មកវិញនេះ។ អ្នកមានលំនៅដ្ឋានក្បែរ ផ្ទះរបស់ ឆាយ សុវណ្ណារី បាននិយាយថា នៅពេលពិធីករ-ពិធីការិនីបានហៅ នាង ឆាយ សុវណ្ណារី ថា«កញ្ញាៗ» ពួកគេបែរជាចង់សើច ព្រោះពួកគេស្គាល់ច្បាស់ថា ឆាយ សុវណ្ណារី មិនមែន«កញ្ញា»ទេ ព្រោះនាងធ្លាប់មានគ្រួសារ និង លែងលះគ្នាម្ដងរួចហើយ ដោយសារភាពមិនចុះសម្រុងក្នុងគ្រួសារ ទើបនាងក្លាយជាស្ត្រីមេម៉ាយទាំងវ័យក្មេង ។
នេះក៏ជាហេតុផល ដែល ឆាយ សុវណ្ណារី មិនសូវហ៊ាន លេចមុខលេចមាត់ខ្លាំង ក្នុងសិល្បៈ តែក៏មានមុខរបរក្រៅ សិល្បៈដែរ មិនចំបាច់រំពឹងលុយពីសិល្បៈទាំងស្រុងឡើយ។ ថ្វីត្បិតតែ ឆាយ សុវណ្ណារី ចូលសិល្បៈមែន តែសុវណ្ណារី មិនសូវលេងចរឹកតួល្បីឡើយ នាងជាមនុស្សរួសរាយ និង ស្លូតបូតណាស់ មិនគួរជួបរឿងមិនល្អដូចនេះទេ ។
ទាក់ទងរឿងដ៏រសើបនេះ ត្រូវបានគេដឹងថា លោក ឆាយ វីរៈយុទ្ធ ក៏ជួយលាក់ប្រវត្តិ ដ៏ជូរជត់របស់ប្អូនស្រីលោកដែរ ព្រោះជារឿងអាម៉ាស សម្រាប់មនុស្សស្រីវ័យក្មេង។ ឆាយ សុវណ្ណារី និងឆាយ វីរៈយុទ្ធ មិនទាន់អាចសុំការបំភ្លឺបន្ថែមបានទេ នៅពេលនេះ ។ គេហទំព័រ LookingTODAY រង់ចាំការបំភ្លឺ ពីតារាចម្រៀងដ៏ល្បីទាំងពីរនៅពេលក្រោយ ដោយក្ដីរីករាយ ដើម្បីឲ្យមហាជនអស់ការសង្ស័យ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល