ភ្នំពេញ៖ អតីតតារាសម្តែង អ៊ុំ មន្ថាកាន ហៅអាម៉ុចដា ជាតារាស្រីមួយដួង សម្បូរទៅដោយរឿងអាស្រួវស្នេហាដែល រឿងនេះ បានធ្វើឲ្យបាក់ស្រុត ប្រជាប្រិយភាព ក្នុងវិថីសិល្បៈរហូតដល់ប្រកាសផ្តាច់ខ្លួន ពីវិស័យនេះដោយគ្មាន ស្តាយស្រណោះអ្វីឡើយ ។ ក្រោយពីសម្ងំលាក់ខ្លួន ពួនអាត្មា ពីវិថីសិល្បៈ អស់ពេលជិត១ឆ្នាំនោះ អាម៉ុចដា បានចេញមុខ ទម្លាយអាថ៌កំបាំង ឈឺចាប់របស់ខ្លួន ប្រាប់ដល់មហាជន ដើម្បីលាងជម្រះរឿងអាស្រូវទាំងពូង ។
តារាសម្តែង កញ្ញា អាម៉ុចដា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ ទាំងសំឡេងសោកសៅថា កន្លងមកនាងមិនធ្លាប់ បើកមាត់ទម្លាយ អាថ៌កំបាំងផ្ទាល់ខ្លួន ប្រាប់ដល់មហាជនទេ តែពេលនេះគ្រប់យ៉ាង នាងមិនអាចលាក់ ទុកតទៅទៀតបានឡើយ ព្រោះវាធ្វើឲ្យនាង មានសម្ពាធខ្លាំងពេក។ ម្យ៉ាងនាងមិនចង់ឲ្យទស្សនិកជន មានការយល់ច្រឡំ មកលើនាងទៀតទេ ហេតុនេះនាងត្រូវជម្រះរឿងអាស្រូវ ដើម្បីសាងកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈជាថ្មី។
តារាស្រីរាងតូចច្រឡឹងរូបនេះ បានរៀបរាប់ទាំងសំឡេង អួលដើមកថា «ខ្ញុំពិតជាពិបាកទ្រាំណាស់ បងអើយ..! នៅពេលដែលអ្វីៗដែលខ្ញុំ ខំសាង វាត្រូវរលាយទៅអស់ ដោយសារតែការយល់ច្រឡំ ហេតុនេះខ្ញុំមិនអាចបណ្តាល ឲ្យវាក្លាយជាបែបនេះបានទេ ។ កាលពីជិត១ឆ្នាំមុន ធ្លាប់មានរឿងមួយ ដែលខ្ញុំបានសម្រេចចិត្ត បញ្ចប់ជីវិតដោយ លោតសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារ មូលហេតុដែលខ្ញុំ ធ្វើបែបនេះ មិនមែនដោយសារតែខ្ញុំមានវិបត្តិស្នេហា ដូចព័ត៌មានចុះផ្សាយទាំងស្រុងទេ តាមពិតទៅខ្ញុំមានដំបៅបេះដូង មកជាយូរហើយ ខ្ញុំត្រូវរស់នៅតែម្នាក់ឯងជា កូនកំព្រា គ្មានឪពុកម្តាយគ្មានបងប្អូន ហើយនៅពេលដែលខ្ញុំមានស្នេហា ខ្ញុំបានជួបបុរសម្នាក់ ដែលផ្តល់ភាព កក់ក្តៅឲ្យខ្ញុំគ្រប់យ៉ាង ពួកយើងត្រៀម នឹងចូលរោងការជាមួយគ្នា តែអនិច្ចាអីនៅសល់ពេល២អាទិត្យទៀត រៀបការស្រាប់តែអនាគតស្វាមីខ្ញុំ បានខ្យល់គរស្លាប់បាត់ ធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់…» ។
កញ្ញា អាម៉ុច បានប្រាប់ឲ្យដឹងទាំងសំឡេងយំទៀតថា «ក្រោយពីខ្ញុំជួបរឿងឈឺចាប់ ទាំងអស់នោះហើយ ខ្ញុំក៏បានជួបបុរសម្នាក់ទៀត ដែលផ្តល់ក្តីស្រលាញ់ឲ្យ ខ្ញុំមិនចាញ់បុរសមុននោះទេ ដោយគាត់មានងារជា នាយឧត្តមសេនីយ៍ តែគ្រប់យ៉ាង មិនបានផ្តល់សុភមង្គល ឲ្យខ្ញុំដូចក្តីរំពឹងទេ ។ ធាតុពិតនៃស្នេហាមួយនោះ បែរជាធ្វើឲ្យខ្ញុំគ្មានសេរីភាព រស់នៅត្រូវគេ បិទបាំងឃុំឃាំង ដូចសត្វចិញ្ចឹម ព្រោះតែភ្លើងប្រច័ណ្ឌ ត្រង់ចំណុចនេះ ខ្ញុំចង់សួរថា តើមនុស្សស្រីណាដែលជួបបញ្ហាមិនចេះចប់មិនចេះហើយដូចខ្ញុំ ? តើអ្នកណាអាចទ្រាំបាន ខ្ញុំពិតជាមិនដឹងទេថា ខ្ញុំអាចពឹងពាក់ទៅលើអ្នកណាទៀតឡើយ ទើបខ្ញុំសម្រេចចិត្ត គិតខ្លីបែបនោះតែម្តងទៅ ..!» ។
អាម៉ុចដា បានប្រាប់ទៀតថា ដោយសារតែបែបនេះ ហើយទើបធ្វើឲ្យនាង គ្មានក្តីសង្ឃឹម បន្តដើរផ្លូវនេះទៀត ក៏សម្រេចចិត្តផ្តាច់ខ្លួន ពីសង្វៀនសិល្បៈ។ «តែពេលនេះខ្ញុំ គិតយល់ហើយខ្ញុំ មិនអាចចោលការងារចោល គ្រប់យ៉ាងរស់នៅជាមួយអតីតកាល រហូតអស់មួយជីវិតទេ ហេតុនេះទើបខ្ញុំ ងាកមកផ្តើមការងារសិល្បៈជាថ្មី ហើយខ្ញុំសង្ឃឹមថា ទស្សនិកជន បងៗ អ្នកសិល្បៈអ្នកដឹកនាំ នៅខាងបណ្តាផលិតកម្មទាំងអស់ និងផ្តល់ឱកាសផ្តល់ការងារ ឲ្យខ្ញុំដូចពេលមុន ហើយឈប់យល់ច្រឡំ លើខ្ញុំទៀតទៅ…!» ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល