CamNews

តារា 

កែវ ស្រីនាង ប្រកាសមិនទទួលថតរឿងភាគ ព្រោះមានបញ្ហា .....

ភ្នំពេញ៖ តារាសម្តែងស្រី មានឈ្មោះបោះសំឡេង លេចធ្លោខ្លាំង អ្នកនាង កែវ ស្រីនាង បន្ទាប់ពីបានថតបញ្ចប់រឿង «ក្រមុំសៅកែ» ភ្លាមនាងបានប្រកាស ជាសាធារណៈភ្លែតថា នាងមិនទាន់ច្បាស់ថា ត្រូវទទួលថតរឿងបន្តទៀត ឬក៏យ៉ាងណាឡើយ ព្រោះអាស្រ័យទៅលើពេលវេលា អំណោយផលឲ្យ ហើយឆ្លៀតពេលនេះ នាងចង់ប្រកាសថា សម្រាប់រឿងភាគមានលក្ខណៈវែង គឺនាងមិនទទួលថតឡើយ ។

នៅក្នុងកិច្ចជំនួបដោយផ្ទាល់ ជាមួយក្រុមអ្នកសារព័ត៌មាន តារាសម្តែងរូបស្រស់ល្បីឈ្មោះ អ្នកនាង កែវ ស្រីនាង បានថ្លែងប្រាប់ឲ្យដឹង នៅក្នុងពិធីសន្និសីទបង្ហាញរឿង «ក្រមុំសៅកែ» នៅរោងភាពយន្ត Major Cineplex ថា ក្រោយពីបញ្ចប់ការថតរឿង «ក្រមុំសៅកែ»នេះហើយ ខាងផលិតកម្ម មហាហង្ស ចង់ឲ្យនាងថតរឿងថ្មីមួយទៀត ប៉ុន្តែនាងមិនដឹងថា អាចមានពេលថតឬយ៉ាងណាទេ គឺរង់ចាំមើលសិន ។

តារាស្រីដែលកាក់កប និងការថតស្ពតច្រើនរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «តាមពិតទៅ ខ្ញុំមិនសូវមានពេលទំនេរច្រើនទេ ព្រោះខ្ញុំត្រូវមើលការខុសត្រូវ លើមុខជំនួញ។ តែដោយសារតែមានចិត្តស្រឡាញ់ សិល្បៈខ្លាំង ខ្ញុំក៏ឆ្លៀតពេលថតមួយរឿងៗទៅ តែសម្រាប់ការថតរឿងភាគ ដែលចំណាយពេល៣-៤ខែ ក្នុងការថតនោះ ខ្ញុំមិនទទួលទេ ។ ការប្រកាសនេះគឺចង់ឲ្យខាង អ្នកដឹកនាំរឿង គាត់បានដឹងជាមុន ជៀសវាងពេលដែលគាត់ទាក់ ទងមកខ្ញុំ ខ្ញុំមិនទទួល ហើយធ្វើឲ្យគាត់មានការយល់ច្រឡំ ថាខ្ញុំវាយឫក…»។

តារាស្រីអ្នកនាង កែវ ស្រីនាង បានប្រាប់ឲ្យដឹងទៀតថា នាងចង់កាត់បន្ថយការងារថតខ្លះ ដោយសារ តែការងារមុខជំនួញ ត្រូវការនាងមើលការខុសត្រូវ តែដោយមានចិត្តស្រលាញ់សិល្បៈខ្លាំង ទើបធ្វើឲ្យនាងឆ្លៀតពេលថតខ្លះៗ មិនផ្តាច់ខ្លួន ចេញពីវិស័យ ទាំងស្រុងនោះឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh