ទីក្រុង Dallas ៖ ប៉ូលីស នៅជាយក្រុងទីក្រុង Dallas បានបណ្ដេញមន្ត្រីប៉ូលីសម្នាក់ កាលពីថ្ងៃអង្គារ ដោយសារមន្រ្ដីរូបនេះ បានបាញ់សម្លាប់ក្មេងប្រុសស្បែកខ្មៅអាយុ ១៥ ឆ្នាំម្នាក់ ដែល កំពុងជិះ នៅក្នុងរថយន្តមួយគ្រឿង ខណៈពេលដែលរូបគេចាកចេញពិធីជប់លៀង។
អធិការប៉ូលីសលោក Jonathan Haber បាននិយាយថា មន្រ្ដីឈរជើង នៅទីក្រុង Balch Springs រដ្ឋតិចសាស ដែលគេស្គាល់អត្ដសញ្ញាណថា មានឈ្មោះ Roy Oliver ត្រូវបានបញ្ឈប់ពីការងារពីបទរំលោភលើគោលការណ៍ស្ថាប័នយុត្ដិធម៌ ដោយបានបាញ់សម្លាប់ក្មេងប្រុសម្នាក់ឈ្មោះ Jordan Edwards ។
មន្រ្តីរូបនេះ បានបាញ់សម្លាប់ក្មេងប្រុស Edwards ជាសិស្សវិទ្យាល័យម្នាក់ ខណៈរូបគេចាកចេញពីពិធីជប់លៀងជាមួយក្មេងជំទង់ ៤ នាក់ផ្សេងទៀត កាលពីយប់ថ្ងៃសៅរ៍។ មន្ត្រីប៉ូលីសជាច្រើនរូប ត្រូវបានកោះហៅឱ្យទៅកន្លែងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេត លើពាក្យបណ្តឹងរបស់ក្មេង ដែលមិនទាន់គ្រប់អាយុផឹកគ្រឿងស្រវឹងនេះ ។
មេធាវី លោក Lee Merritt ដែលស្មាក្ដីឱ្យក្រុមគ្រួសាររបស់ Edwards បាននិយាយថា ដំបូងឡើយប៉ូលីសរូបនេះ បាននិយាយថា រថយន្តដឹកក្មេងជំទង់ បានបើកបញ្រ្ចាសទិស ក្នុងអត្ដរិតគឃ្លើនដាក់មន្ត្រីប៉ូលីស ប៉ុន្តែក្រោយមក បាននិយាយថា វីដេអូដែលបានថតជាប់ នៅកន្លែងកើតហេតុបានបង្ហាញថា រថយន្តនេះពិតជាបានបើកចេញទៅមែន ។ មន្ត្រីម្នាក់ បានដកកាំភ្លើងរបស់ខ្លួនបាញ់ សំដៅបង្អួចខាងអ្នកដំណើរផ្នែកខាងមុខ ហើយគ្រាប់កាំភ្លើងបានហោះត្រូវចំក្មេងប្រុស Edwards។ អ្នកធ្វើកោសល្យវិច័យវេជ្ជសាស្រ្ដ នៅទីក្រុងដាឡាស បានសម្រេចថា ការស្លាប់របស់ក្មេងប្រុសរូបនេះ គឺជាអំពើមនុស្សឃាត។
អ្នកប្រើប្រាស់ហ្វេសប៊ុក និង Twitter រាប់ពាន់នាក់ បានបង្ហោះអំពីករណីនេះ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយដាក់ hashtag ថា "#jordanedwards" ដោយមានអ្នកខ្លះ បានប្រៀបធៀបការស្លាប់របស់ក្មេងប្រុសរូបនេះ ទៅនឹងការបាញ់ប្រហាររបស់ប៉ូលីសដទៃទៀត ទៅលើបុរសស្បែកខ្មៅវ័យក្មេងដូចជា ករណីបាញ់ប្រហារ ទៅលើក្មេងប្រុស Tamir Rice អាយុ ១២ ឆ្នាំ នៅក្នុងទីក្រុង Cleveland ដែលត្រូវបានបាញ់សម្លាប់ នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៤ ខណៈដែលក្មេងប្រុសរូបនេះ បានកាន់កាំភ្លើងគ្រាប់ជ័រ នៅក្នុងដៃ( pellet Gun) ។
លោក Merritt បានឱ្យដឹង ដោយលើកឡើងពីអ្វី ដែលសាក្សី បានផ្ដល់សក្ខីកម្ម ដល់ក្រុមមេធាវីថា មិត្តភក្តិគេ បានរៀបរាប់ថា Edwards គឺជាសិស្សល្អម្នាក់ និងជាអត្តពលិកដ៏ឆ្នើម។ Edwards និងក្មេងជំទង់ ៤ នាក់ទៀត បានសម្រេចចិត្តចាកចេញពីពិធីជប់លឿងដ៏រញ៉េរញ៉ៃ ខណៈដែលពួកគេ បានឮស្នូរកាំភ្លើងបាញ់ចេញមក ហើយប៉ូលីសក៏បានមកដល់។
លោក Merritt បានបន្ថែមថា លោកអធិការប៉ូលីស Haber បាននិយាយ កាលពីថ្ងៃចន្ទថា មន្ត្រីពីរនាក់បានមកដល់កន្លែងកើតហេតុ។ មន្រ្ដីម្នាក់ ក្នុងចំណោមពួកគេ បានបាញ់ប្រហារទៅកាន់រថយន្ត ខណៈដែលរថយន្ដនេះបើកចេញ ដោយបានសម្លាប់ Edwards នៅនឹងកន្លែង។ បងប្រុសរបស់ពួកក្មេងជំទង់ បានផ្ដល់សក្ខីកម្មដោយផ្ទាល់ ចំពោះអ្វី ដែលបានកើតឡើង។
ដោយផ្អែកលើអ្វី ដែលកាមេរ៉ាវីដេអូ ចាប់បាន លោក Haber បានឱ្យដឹងជំហានដំបូងថា លោកបានចោទសួរថា តើអ្វីដែលលោកបានឃើញ នៅក្នុងកាមេរ៉ា គឺស្របនឹងគោលការណ៍ និងតម្លៃស្នូល" នៃនាយកដ្ឋានរបស់លោក ឬយ៉ាងណា។ លោក Haber មិនបាននិយាយថា អ្វីដែលលោកបានឃើញជាបញ្ហានោះទេ ប៉ុន្ដែគោលការណ៍ប្រើកម្លាំងផ្លូវការរបស់ក្រុង Balch Springs លើកទឹកចិត្តឱ្យមន្រ្តី ដែលឃើញរថយន្តបើកបរខុសទិសដៅ ត្រូវបញ្ជាឱ្យបើកចេញពីផ្លូវនោះ ជំនួសឱ្យការប្រើប្រាស់កាំភ្លើង បាញ់សំដៅទៅរថយន្ដ ឬប្រើអំណាចកាន់កាប់របស់ខ្លួន"។
ការិយាល័យមេធាវីមូលដ្ឋានក្រុង Dallas និងការិយាល័យតម្រួតទីក្រុង Dallas កំពុងស៊ើបអង្កេត លើរឿងក្ដីនេះ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ AP