CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN ជំរុញឱ្យបញ្ចប់ការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសបារ៉ែន

ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សឯករាជ្យនៃអង្គការសហប្រជាជាតិមួយក្រុម បានអំពាវនាវឱ្យប្រទេសបារ៉ែន ត្រូវបញ្ចប់ការរំលោភសិទ្ធិមនុស្ស និងត្រូវស៊ើបអង្កេតនូវរឿងរ៉ាវជុំវិញសេចក្ដីប្រកាសមួយថា ”ប្រទេសរក្សាបាននូវសន្ដិសុខជាតិ” ដែលបានប្រកាសជាឱឡារិក កាលពីឆ្នាំ ២០១១។   

ក្រុមអ្នកជំនាញខាងលើ បានព្រមានប្រឆាំងនឹងតុលាការយោធា ដែលបានអនុវត្ដយុត្តាធិការទៅលើជនស៊ីវិល និងការរើសអើងលើយែនឌឺ អត្តសញ្ញាណយែនឌឺ និងជាតិសាសន៍។ របាយការណ៍ខាងលើ បានអំពាវនាវឱ្យប្រទេសនេះ លុបបំបាត់នូវទោសប្រហារជីវិត និងការធ្វើទារុណកម្មលើទណ្ឌិត។ របាយការណ៍ ក៏បានតស៊ូមតិដើម្បីទាមទារឱ្យផ្ដល់សេរីភាពបញ្ចេញមតិ សេរីភាពខាងជំនឿសាសនា និងសេរីភាពក្នុងប្រមូលផ្ដុំគ្នា និងការបង្កើតសមាគមផងដែរ។


គណៈកម្មាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេសបារ៉ែន ចាត់វិធានការស៊ើបអង្កេតឱ្យបានដិតដល់លើការរំលោភបំពានបែបនោះ ព្រមទាំងជំរុញឱ្យបង្កើតនូវវិទ្យាស្ថានជាតិដើម្បីសិទ្ធិមនុស្សមួយ។ រាជាណាចក្របារ៉ែន បានចាត់វិធានការប្រឆាំងនឹងការជួញដូរមនុស្ស ការផ្ដួចផ្ដើមជំរុញឱ្យមានកិច្ចអភិវឌ្ឍសម្រាប់ស្រ្ដី និងទីភ្នាក់ងារនានា ដើម្បីគាំពារដល់ជនពិការ។

ដើម្បីប្រតិបត្ដិនូវកិច្ចការទាំងនេះបាន រាជាណាចក្រនេះ  ត្រូវប្រគល់ភារកិច្ចទៅឱ្យ គណៈកម្មាធិការឯករាជ្យមួយ ដែលបង្កើតឡើងពីជួររដ្ឋាភិបាល។ ទន្ទឹមនឹងនេះដែរ គណៈកម្មាធិការអង្គការសហប្រជាជាតិ  បានរិះគន់រដ្ឋាភិបាលនេះថា ពុំបានផ្ដល់ស្វ័យភាព និងឯករាជ្យភាពពេញលេញដល់ភ្នាក់ងារទាំងនេះទេ។

រាជាណាចក្រដីកោះបារ៉ែន បានប្រឈមនឹងប្រវត្ដិសាស្រ្ដនៃការរិះគន់ផ្នែកសិទ្ធិមនុស្ស រួមទាំងការរិតត្បិតសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការប្រើប្រាស់ទោសប្រហារជីវិត ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: Mekongnet