CamNews

កីឡាអន្តរជាតិ 

វ៉ាន វ៉ុន ជាក្ដីសង្ឃឹមដ៏ធំ ក្នុងការស្វែង​រក​មេដាយ ពីការប្រកួតកីឡា Asian Para Games នៅកូរ៉េ

ភ្នំពេញ៖ ក្រុមកីឡាជនពិការកម្ពុជា នាយប់ថ្ងៃទី១២ ខែតុលាបានចេញដំណើរឆ្ពោះទៅទីក្រុងអ៊ីនឈួន (Incheon) ប្រទេសកូរ៉េខាងត្បូងហើយ តាមយន្ដហោះ ភ្នំពេញអន្ដរជាតិ ដោយមានអត្តពលិក និង​ប្រតិភូ​ចំនួន​៦នាក់ ដើម្បីចូលរួមប្រកួតកីឡា Asian Para Games លើកទី២នេះ ឆ្នាំ២០១៤ ប៉ុន្ដែលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានផ្ដល់ក្ដីសង្ឃឹងយ៉ាងមុតមាំ ទៅលើកីឡាករ វ៉ាន វ៉ុន ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំទ្វីបអាស៊ីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៤ ខែតុលា ដោយកម្ពុជាបានបញ្ជូនកីឡាករ៣រូបទៅចូលរួម ក្នុងនោះមានកីឡាកររត់ប្រណាំង ជឹម ផាន និងកីឡាករប្រណាំងរទេះ វ៉ាន វ៉ុន និងកីឡាករ ហេង សាវឿន ។

លោក យី វាសនា ដែលជាអ្នកដឹកនាំអត្តពលិកកម្ពុជាផ្ទាល់ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិមួយនេះ បាន​​ថ្លែងនៅព្រលានយន្ដហោះ ភ្នំពេញអន្ដរជាតិថា បន្ទាប់ពីទទួលបានជោគជ័យ ជាបន្ដបន្ទាប់ ក្នុង​ការប្រកួត​កីឡាជនពិការអន្ដរជាតិ ក្រុមកីឡាជនពិការកម្ពុជា បានខិតខំធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បី​ត្រៀម​ប្រកួត​ដណ្ដើមមេដាយ ជូនប្រទេសជាតិរបស់ខ្លួន ពីព្រឹត្តិការណ៍ផ្សេងៗ ។

លោកបន្ដថា ក្នុងការប្រកួតកីឡា SEA Para Games កាលពីដើមឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ ក្រុមកីឡាជនពិការកម្ពុជា ដណ្ដើមបានមេដាយ គួរជាទីមោទនបំផុត តាមរយៈការដណ្ដើម យកមេដាយជូនប្រទេសជាតិ ដូច្នេះសម្រាប់ការប្រកួត កីឡាអាស៊ី ដែលមាន ៤៥ប្រទេស ចូលរួមលើកនេះ ក៏យើងនៅតែមានសង្ឃឹម ស្វែងរកមេដាយជូនកម្ពុជាដែរ ។ ជាពិសេសគឺកីឡាករ វ៉ាន វ៉ុន ដែលជាម្ចាស់មេដាយមាសកីឡា SEA Para Games នៅប្រទេសមីយ៉ាន់ម៉ា រួមទាំងកីឡាករជើងខ្លាំង ជឹម ផាន និងកីឡាករ ហេង សាវឿន ផងដែរ ។

វ៉ាន វ៉ុន និងកីឡាករ ហេង សាវឿន នឹងត្រូវប្រកួតលើវិញ្ញាជិះរទេះ ១០០ម៉ែត្រ, ៤០០ម៉ែត្រ និង៨០០ម៉ែត រីឯកីឡាករ ជឹម ផាន គឺត្រូវរត់ប្រណាំងចម្ងាយ ១០០ម៉ែត្រ, ២០០ម៉ែត្រ និងចម្ងាយ ៤០០ម៉ែត្រ ដោយមានកីឡា៨ប្រទេស ចូលរួមប្រកួត ក្នុងនោះមានកីឡាករ ១៤នាក់ ។ មុនចេញដំណើរ កីឡាករពិការជើងរូបនេះ បានធ្វើការប្ដេជ្ញាចិត្តថា នឹងខិតខំប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមកិត្តិយសជូនជាតិ តាមរយៈបទពិសោធន៍នៃការចូលរួមកន្លងទៅ ។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលព្រឹត្តិការណ៍ Asian Para Games ត្រូវបានបង្កើតឡើង ប៉ុន្ដែសម្រាប់ការប្រកួតលើកនេះ គឺមានកីឡាចំនួន ២៣ប្រភេទ ដែលដាក់អត្ដពលិក ធ្វើការប្រកួត ក្នុងចំណោមអត្តពលិកចំនួន ៤៥០០នាក់មកពី៤១ប្រទេសក្នុងទ្វីបអាស៊ីទាំងមូល ៕






ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Sport News Incheon Asian Game