ភ្នំពេញ៖ តារាសម្តែង កំពុងតែមានប្រជាប្រិយភាពលេចធ្លោ ទៅលើការ បង្ហាញកាយវិកា ក្រមិចក្រមើម លោក ប៉ែន ចំរ៉ុង ថ្មីៗនេះ លោកបាន ចាប់អាជីពថ្មីមួយទៀត គឺការដើរច្រៀងកាត់សក់ តាមរោងការ បន្ថែមលើអាជីពចាស់ ប៉ុន្តែម្ចាស់សាម៉ីខ្លួន ហាក់នៅមានភាពរារែក មិនទាន់ច្បាស់លាស់ នឹងអាជីពថ្មីនេះ ពោលមិនដឹងថា អាចប្រឡូកក្នុងវិស័យសិល្បៈបុរាណនេះ បានដល់កម្រិតណាឡើយ ។
ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងសម្បូរមន្តស្នេហ៍ លោក ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងថា សម្រាប់អាជីពដើរច្រៀង តាមរោងការដែលលោកធ្លាប់ធ្វើកន្លងមកនោះ គឺលោកនៅមិនទាន់ទទួលជាផ្លូវការ ឬក៏មានអ្នកជួលបន្តអ្វីឡើយ ព្រោះថាពេលនេះ លោកនៅមិនទាន់ សម្រេចចិត្ត ទទួលអាជីពនេះពិតប្រាកដទេ ត្រូវទុកពេលរៀន បន្ថែមទៀតសិន។ ម្យ៉ាងបច្ចុប្បន្ននេះ លោកក៏មានការមមាញឹក ជាមួយការងារសិល្បៈច្រើន ស្ទើរតែរើខ្លួនមិនរួចទៅហើយ ។
តារាសម្តែង ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងបន្តទៀតថា «តាមពិតទៅ ដំបូងឡើយ ខ្ញុំមិនមានបំណង ចង់ចាប់យកអាជីពនេះឡើយ តែដោយសារ មានការជំរុញ លើកទឹកចិត្តពីបងស្រី ខាត់ សុឃីម និងបង ឆយ ហេតុនេះ ខ្ញុំក៏សាកល្បង ជួយគាត់មួយរោងទៅ ប៉ុន្តែមិនមែនមានន័យថា ខ្ញុំផ្តើមចាប់ អាជីពថ្មីនេះឡើយ ព្រោះថា មិនទាន់ដល់ពេល តែបើពេលណា ខ្ញុំទំនេរនោះ ខ្ញុំនឹងចាប់យកអាជីពនេះមួយទៀត ជៀសវាងទុកពេលទំនេរ ចោលអត់ប្រយោជន៍..!» ។
តារាសម្ដែង គ្រងបានតំណែងតួឯកជាបន្តបន្ទាប់ លោក ប៉ែន ចំរ៉ុង បានប្រាប់បន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រៅពីការងារសិល្បៈថតរឿង ពិធីករ គឺលោកបានរៀបចំ បង្កើតមុខរបរថ្មីមួយទៀត ដែលទាក់ទងនិងការរៀបចំខនសឺត កម្មវិធីសប្បាយៗ ដូចជាខួបកំណើត មង្គលការ ដែលត្រូវការ តារាចម្រៀង ឬក៏ក្រុមភ្លេងផ្សេងៗ គឺអាចទាក់ទងលោកបាន ដោយសារពេលនេះ លោកមានក្រុមសម្រាប់ធ្វើការងារនេះរួច ហើយ ។ទៅថ្ងៃមុខ លោកនឹងចាប់អាជីពផ្សេងទៀត ប្រសិនបើការងារនេះ មានលំនឹង និងរលូនល្អទៅមុខ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល